ដំរីព្រៃ​ចេញ​ស្ទាក់​ឡាន​ដឹ​ក​ទំនិញ «ប្លន់» យក​អំពៅ​តាម​ដងផ្លូវ (វីដេអូ)

ជំនួស​ឱ្យ​ការដើរ​ត្រាច់ចរ​ស្វែងរក​អាហារ​នៅក្នុង​ព្រៃ ដំរីព្រៃ​ជាច្រើន​ក្បាល​នៅ​ប្រទេស​ថៃ បាន​សម្រួល​វិធី​ចិញ្ចឹមជីវិត​របស់​ពួកគេ​ដោយ​ការ​ស្ទាក់​ឡាន​ដឹកទំនិញ​នៅតាម​ដងផ្លូវ​ដើម្បី «ប្លន់» យក​អំពៅ។

សកម្មភាព​ក្នុង​វីដេអូ​ដែល​ត្រូវបានគេ​​ចែករំលែក​កាលពី​ថ្ងៃទី 16 មករា បង្ហាញថា ដំរី​អាស៊ី​ពេញវ័យ​មួយ​ក្បាល​ឈរ​ក្បែរផ្លូវ​នៅក្នុង​ខេត្ត Chachoengsao ប្រទេស​ថៃ រង់ចាំ​រថយន្ត​បរ​ឆ្លងកាត់​ដើម្បី​ប្លន់​យក​អាហារ។ កំណាត់​ផ្លូវ​នេះ​តែងតែមាន​រថយន្ត​ដឹក​អំពៅ​ធ្វើដំណើរ​ពី​ចំការ​នៅក្បែរនោះ ទៅកាន់​រោងចក្រ​ផលិត​ស្ករ។

យោងតាម​អ្នកស្រុក​នៅ Au Wanapin ដំរី​ធំ​មួយ​ក្បាល​នេះ​មាន​រហ័ស​នាម​ថា «អា​កន្ធាត់» ព្រោះតែ​បាន​ប្លន់​ ​អំពៅ​ជាច្រើន​យកទៅ​ស៊ី។ វា​គឺជា​ដំរី​ឈ្មោល អាយុ​ប្រហែល 35 ឆ្នាំ និង​មិនមាន​ភ្លុក។ បើ​ទោះ​វា​ជា​សត្វព្រៃ ប៉ុន្តែ​វា​តែង​ចេញពី​ព្រៃ​ដើម្បី​ស្ទាក់​រថយន្ត​ដឹក​អំពៅ​ដែល​បរ​លើ​ដងផ្លូវ។ នេះ​មិនមែនជា​ដំរី​តែមួយ​ក្បាល​ឡើយ​ដែលមាន​ទម្លាប់ «ប្លន់​អាហារ»។

ដំរី​ធំ​មួយ​ក្បាល​នេះ​មាន​រហ័ស​នាម​ថា «អា​កន្ធាត់»

ប្រទេស​ថៃ​បាន​រកឃើញថា មាន​ដំរីព្រៃ​អាស៊ី​ប្រហែល 2,000 ក្បាល​កំពុង​រស់នៅក្នុង​តំបន់​ព្រៃ​នានា​ដែល​ត្រូវបាន​ការពារ។ ខុសពី​ដំរីព្រៃ​អាហ្វ្រិក ដំរី​ឈ្មោល​អាស៊ី​តែង​ដើរ​ម្នាក់ឯង​នៅពេល​មាន​អាយុ​ជាង 10 ឆ្នាំ ខណៈដែល​ដំរី​ញី​នៅ​ជាមួយ​ហ្វូង។

ក្រុមមន្ត្រី​អភិរក្ស​សត្វព្រៃ​និយាយថា មូលហេតុ​ដែល​ដំរី​ទាំងនោះ​ចេញមក «ប្លន់​អាហារ» មិនមែន​ដោយសារ​ពួកវា​ឃ្លាន​នោះទេ ប៉ុន្តែ​ដោយសារ​រថយន្ត​ទាំងនោះ​ដឹក​អាហារ​ដែល​ឆ្ងាញ់​ជាង​អ្វីដែល​ពួកវា​រកបាន​នៅក្នុង​ព្រៃ៕

Advertisement