
ជំនួសឱ្យការដើរត្រាច់ចរស្វែងរកអាហារនៅក្នុងព្រៃ ដំរីព្រៃជាច្រើនក្បាលនៅប្រទេសថៃ បានសម្រួលវិធីចិញ្ចឹមជីវិតរបស់ពួកគេដោយការស្ទាក់ឡានដឹកទំនិញនៅតាមដងផ្លូវដើម្បី «ប្លន់» យកអំពៅ។
សកម្មភាពក្នុងវីដេអូដែលត្រូវបានគេចែករំលែកកាលពីថ្ងៃទី 16 មករា បង្ហាញថា ដំរីអាស៊ីពេញវ័យមួយក្បាលឈរក្បែរផ្លូវនៅក្នុងខេត្ត Chachoengsao ប្រទេសថៃ រង់ចាំរថយន្តបរឆ្លងកាត់ដើម្បីប្លន់យកអាហារ។ កំណាត់ផ្លូវនេះតែងតែមានរថយន្តដឹកអំពៅធ្វើដំណើរពីចំការនៅក្បែរនោះ ទៅកាន់រោងចក្រផលិតស្ករ។
យោងតាមអ្នកស្រុកនៅ Au Wanapin ដំរីធំមួយក្បាលនេះមានរហ័សនាមថា «អាកន្ធាត់» ព្រោះតែបានប្លន់ អំពៅជាច្រើនយកទៅស៊ី។ វាគឺជាដំរីឈ្មោល អាយុប្រហែល 35 ឆ្នាំ និងមិនមានភ្លុក។ បើទោះវាជាសត្វព្រៃ ប៉ុន្តែវាតែងចេញពីព្រៃដើម្បីស្ទាក់រថយន្តដឹកអំពៅដែលបរលើដងផ្លូវ។ នេះមិនមែនជាដំរីតែមួយក្បាលឡើយដែលមានទម្លាប់ «ប្លន់អាហារ»។

ដំរីធំមួយក្បាលនេះមានរហ័សនាមថា «អាកន្ធាត់»
ប្រទេសថៃបានរកឃើញថា មានដំរីព្រៃអាស៊ីប្រហែល 2,000 ក្បាលកំពុងរស់នៅក្នុងតំបន់ព្រៃនានាដែលត្រូវបានការពារ។ ខុសពីដំរីព្រៃអាហ្វ្រិក ដំរីឈ្មោលអាស៊ីតែងដើរម្នាក់ឯងនៅពេលមានអាយុជាង 10 ឆ្នាំ ខណៈដែលដំរីញីនៅជាមួយហ្វូង។
ក្រុមមន្ត្រីអភិរក្សសត្វព្រៃនិយាយថា មូលហេតុដែលដំរីទាំងនោះចេញមក «ប្លន់អាហារ» មិនមែនដោយសារពួកវាឃ្លាននោះទេ ប៉ុន្តែដោយសាររថយន្តទាំងនោះដឹកអាហារដែលឆ្ងាញ់ជាងអ្វីដែលពួកវារកបាននៅក្នុងព្រៃ៕
