(ប្រទេសចិន) – ទិដ្ឋភាពបុរស 5 នាក់ដែលអង្គុយជុំវិញតុមួយដែលមានដាក់អក្សរថា «តុអតីតមិត្តប្រុស» នៅក្នុងពិធីជប់លៀងមង្គលការមួយនៅខេត្ត Hubei បានធ្វើឱ្យមានការជជែកគ្នាច្រើនលើបណ្ដាញសង្គម។
ពិធីរៀបការកាលពីថ្ងៃទី 08 មករា 2023 នៅខេត្ត Hubei ត្រូវបានអ្នកលេងបណ្ដាញសង្គមហៅថា «ពិធីជប់លៀងមង្គលការដែលពិបាកយល់បំផុត»។ នៅក្នុងវីដេអូ បុរស 5 នាក់អង្គុយជុំវិញតុអាហារដែលមានដាក់អក្សរថា «តុអតីតមិត្តប្រុស» បានបង្ហាញអារម្មណ៍អៀនប្រៀនជាខ្លាំងក្នុងបរិយាកាសអ៊ូអររបស់ពិធីជប់លៀងមង្គលការ នេះបើតាម SCMP ចុះផ្សាយកាលពីថ្ងៃទី 13 មករា 2023។
មនុស្សមួយចំនួនគិតថា ស្ត្រី 2 នាក់ដែលអង្គុយរួមតុនោះគឺជាមិត្តស្រីរបស់បុរស 2 នាក់ក្នុងចំណោម 5 នាក់ដែលជា «អតីតមិត្តប្រុស» របស់កូនក្រមុំ។ អ្នកលេងបណ្ដាញសង្គមអស់សំណើចជាខ្លាំង នៅពេលបានឃើញពួកគេបង្ហាញទឹកមុខអៀនប្រៀន។
អ្នកលេងបណ្ដាញសង្គមខ្លះថា «ពិតជាក្លាហានណាស់ ហ៊ានអញ្ជើញសង្សារចាស់មកចូលរួមពិធីជប់លៀងមង្គលការរបស់ខ្លួនផង»។ អ្នកខ្លះទៀតក៏ថា «ហ៊ានណាស់! ហ៊ានហៅសង្សារមកចូលរួមជប់លៀងមង្គលការរបស់អតីតសង្សារ»…។
មនុស្សមួយចំនួនជឿថា នេះគ្រាន់តែជាការប្រឌិត លេងសើចរបស់បងប្អូនកូនកំលោះ និងកូនក្រមុំប៉ុណ្ណោះ។ ហើយនេះក៏មិនមែនជាករណីដំបូងឡើយនៅប្រទេសចិន កាលពីខែឧសភា 2022 ក៏មានករណីស្រដៀងគ្នានេះដែរ៕

