ទិញ iPhone 14 Pro Max ពី​​ផ្សារ​អនឡាញ​ Shopee អតិថិជន​ទទួលបាន​ដុំ​ឈើ

(សិង្ហ​បុរី) – បុរស​ម្នាក់​ចូលទៅ​កាន់​ផ្សារ​អន​ឡាញ Shopee ទិញ​ទូរស័ព្ទ iPhone 14 Pro Max តម្លៃ 1,961 ដុល្លារ​សិង្ហ​បុរី ប៉ុន្តែ​ទំនិញ​ដែល​គាត់​ទទួលបាន​គឺ​ឈើ​មួយ​ដុំ។

សារព័ត៌មាន Shin Min Daily News ដកស្រង់​សម្ដី​របស់​បុគ្គលិក​សុខាភិបាល​ម្នាក់​ឈ្មោះ Yu អាយុ 37 ឆ្នាំ ឱ្យដឹង​អំពី​បទពិសោធន៍​អាក្រក់​នៅពេល​ទិញ​ទំនិញ​លើ Shopee។ លោក Yu និយាយថា គាត់​តែងតែ​ទិញ​ទូរស័ព្ទ​ពី​ហាង​ចែកចាយ​ផ្លូវការ​របស់ Apple។ ប៉ុន្តែ​លើក​នេះ គាត់​ទិញ iPhone ពី​ផ្សារ​អន​ឡាញ ដោយសារតែ​គេ​នឹង​ទទួល​បាន​ប័ណ្ណ​​បញ្ចុះ​តម្លៃ 8 ដុល្លារ​សិង្ហ​បុរី និង​សន្យាថា​សង​ប្រាក់​វិញ​នៅលើ Shopee បើ​មាន​បញ្ហា។

«ខ្ញុំ​បាន​ពិនិត្យមើល​មតិ​ស្ដីពី​ហាង​អន​ឡាញ​នេះ។ កំណែ​ដែល​ខ្ញុំ​ចង់​ទិញ​ក៏​ជិត​អស់ពី​ឃ្លាំង​នៅ​កន្លែង​ជាច្រើន ទើប​ខ្ញុំ​សម្រេចចិត្ត​បញ្ជា​ទិញ iPhone 14 Pro Max កំណែ 256 GB នៅលើ Shopee» លោក Yu ឱ្យដឹង​ដូច្នេះ។

បើ​ទិញ​នៅ Apple Store ទូរស័ព្ទ​ខាងលើនេះ​មានតម្លៃ 1,987 ដុល្លារ​សិង្ហ​បុរី ប៉ុន្តែ​បើ​ទិញ​អន​ឡាញ អាច​ចំណេញ​​បាន 26 ដុល្លារ​សិង្ហ​បុរី។ លោក Yu ក៏​ជឿជាក់​លើ Shopee ដូច្នេះ គាត់​ក៏​សម្រេចចិត្ត​ទិញ។

មកដល់​ថ្ងៃទី 31 ធ្នូ 2022 ទំនិញ​ត្រូវបាន​ដឹក​មក​ប្រគល់​ដល់​អាសយដ្ឋាន​រប​ស់លោក Yu។ អ្នក​ប្រគល់​ទំនិញ​បានដាក់​កញ្ចប់​ទំនិញ​មួយ​នៅ​ខាងក្រៅ​ទ្វារ ថតរូប​មួយ​សន្លឹក រួច​ក៏​ប្រញាប់​ចាកចេញ។ នៅពេល​បើក​ប្រអប់​ទំនិញ លោក Yu ឃើញថា ខាងក្នុង​មានតែ​ឈើ​មួយ​ដុំ​នៅ​កណ្ដាល​ថង់​ប្លា​ស្ទិ​ក​ដែលមាន​ខ្យល់​ពេញ។ ពុំមាន​ទូរស័ព្ទ iPhone ណាមួយ​ត្រូវបាន​ប្រគល់ឱ្យ​អតិថិជន​ម្នាក់​នេះឡើយ។

លោក Yu បាន​ទាក់ទង​ទៅកាន់​អ្នកលក់ ស្នើឱ្យ​សង​ប្រាក់​មកវិញ ប៉ុន្តែ​ត្រូវបាន​បដិសេធ។ បន្ទាប់មក លោក Yu ក៏បាន​ទាក់ទង​ទៅកាន់​ផ្នែក​បម្រើ​អតិថិជន​របស់ Shopee ប៉ុន្តែ ក៏​មិន​ត្រូវបាន​ជួយ​ដោះស្រាយ ព្រោះ​គេ​ថា ទំនិញ​ត្រូវបាន​ផ្ញើ​ទៅកាន់​អាសយដ្ឋាន​ទៅតាម​សំណើ​រួចហើយ។

លោក Yu ក៏​បន្ត​ប្ដឹង​ទៅកាន់​សមត្ថកិច្ច។ ក្រោយពី​ពិនិត្យឡើងវិញ គាត់​រកឃើញថា នៅ​បាត​ប្រអប់​មាន​ស្នាម​ស្កុត​។ គាត់​​​សង្ស័យថា ទំនិញ​ត្រូវបាន​ប្ដូរ​នៅពេល​ដឹកជញ្ជូន។

អតិថិជន​វ័យ 35 រូបនេះ​យល់ថា អ្នកទិញ​មិនគួរ​ត្រូវ​រង​ការខាតបង់​ដូច្នេះ​សោះ។ គាត់​ក៏​ស្បថ​ថា នឹងមិន​ទិញ​ទំនិញ​នៅលើ​ផ្សារ​អន​ឡាញ​ទៀតឡើយ។

នេះ​មិនមែនជា​លើកដំបូង​ទេ ដែល​អ្នកទិញ iPhone តាម​អន​ឡាញ បែរ​ជា​​ទទួលបាន​របស់​ចម្លែក គ្មាន​តម្លៃ។ យោង​តាម មុន​នោះ អតិថិជន​ម្នា​ក់នៅ អង់គ្លេស បាន​ទិញ iPhone 13 Pro Max តម្លៃ 1,500 ផោន ប៉ុន្តែ​ទទួលបាន​ទឹក​លាងដៃ​ពីរ​ដប៕

iPhone 14 Pro Max
ទំនិញ​ដែល​លោក Yu បាន​ទទួល
សំណើ​របស់​លោក Yu ត្រូវ​បាន​បដិសេធ
Advertisement