ឡើង​តុលាការ​ព្រោះតែ​លែង​ត្រីជាង 12 តោន​ដើម្បី​រំដោះគ្រោះ

បុគ្គលិក​ផ្នែក​អនាម័យ​កំពុង​ស្រង់ត្រីងាប់​នៅ​ក្នុង​បឹង

(ប្រទេស​ចិន)- ស្ត្រី​ម្នាក់​ត្រូវ​ឡើង​តុលាការ​បន្ទាប់ពី​បាន​លែង​ត្រី​អណ្ដែងជាង 12 តោន ទៅក្នុង​ទឹក​បឹង ទៅតាម​ជំនឿ​ព្រះពុទ្ធសាសនា ដើម្បី​ជា​ការ​រំដោះ​គ្រោះ និង​បួងសួង​សុំ​សេចក្ដីសុខ។

SCMP កាលពី​ថ្ងៃទី 04 មករា បាន​ចុះផ្សាយ​ថា រដ្ឋអាជ្ញា​នៅ​ខេត្ត Jiangsu ប្រទេស​ចិន អនុវត្ត​ច្បាប់​ចំពោះ​ស្ត្រី​ម្នាក់​ដែល​មាន​ត្រកូល Xu ព្រោះតែ​សកម្មភាព​លែង​ត្រី​អណ្ដែង 12.5 តោន ចូលក្នុង​បឹង ធ្វើឱ្យ​កម្មករ​ផ្នែកអនាម័យ​នៅ​មូលដ្ឋាន​ចំណាយពេល​រហូតដល់ 10 ថ្ងៃ ​នៅក្នុង​ការស្រង់ ប្រមូលត្រី​​ពី​បឹង​វិញ។ រឿងក្ដី​នេះ​កំពុង​ត្រូវបាន​បើកសវនាការ​នៅ​តុលាការ​ក្រុង Changzhou។

រឿងហេតុ​ដែល​បាន​ឡើងដល់​តុលាការ​នេះ​គឺ​កើតឡើង​បន្ទាប់ពី ស្ត្រី​ម្នាក់​ត្រកូល Xu បាន​ចំណាយ​ប្រាក់​ប្រហែល 13,000 ដុល្លារ​អាម៉េរិក ទិញ​ត្រី​អណ្ដែង 12.5 តោន​ពី​អ្នកលក់​ម្នាក់​ដែលមាន​ត្រកូល Liu ហើយ​យកទៅ​លែង​ដោយស្ងាត់ៗនៅក្នុង​បឹង​មួយ​ក្នុង​ទីក្រុង​កាលពី​ខែធ្នូ 2021។

ត្រី​ជាច្រើន​ដែល​ត្រូវបាន​លែង​ក្នុង​បឹង​នោះ​ក៏បាន​ងាប់​ជា​បន្តបន្ទាប់ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល និង​ការចាប់អារម្មណ៍​ពី​បុគ្គលិក ​អាជ្ញាធរ​ក្នុង​តំបន់ និង​ធ្វើឱ្យ​ពួកគេ​ត្រូវ​ចំណាយពេល 10 ថ្ងៃ​ក្នុងការ​ប្រមូល​ត្រី​ងាប់​ពី​​ក្នុង​បឹង។

អ្នកស្រី Xu និង​អ្នកលក់​ត្រី​ត្រកូល Liu ត្រូវបាន​គេ​ប្ដឹង​កាលពី​ខែកញ្ញា 2022 និង​ត្រូវ​ស្នើឱ្យ​សង​ការខាតបង់​ជាង 90,000 យុន រួម​នឹង​ប្រាក់​ពិន័យ​មួយចំនួនទៀត។

ការលែង​សត្វ​រំដោះគ្រោះ​គឺជា​ទំនៀមទម្លាប់​ដែលមាន​តាំងពី​យូរ​មកហើយ ប៉ុន្តែ បច្ចុប្បន្ន សត្វ​ដែល​ត្រូវគេ​យកមក​លែង មួយ​ភាគ​ធំ​គឺជា​សត្វ​ដែល​ត្រូវគេ​ចាប់ពី​ធម្មជាតិ និង​លក់​ទៅឱ្យ​អ្នកមាន​តម្រូវ​ការលែង​ក្នុង​ពិធី​រំដោះគ្រោះ ក្នុង​នោះ​​ក៏​មាន​សត្វ​ដែល​អាច​បង្ក​ការ​គំរាម​កំហែង​ដល់​បរិស្ថាន និង​ជីវិត​មនុស្ស​ មាន​ជា​អាទិ៍​ សត្វ​​​ក្រពើ ឬ​ពស់​វែក​ជា​ដើម​៕

Advertisement