គា​ស់ដីផ្សង​រក​ត្បូង ប្រទះឃើញ​ពេជ្រ​មួយ​គ្រាប់​ក្នុង​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍

Jessica និង Seth Erickson ដែល​បាន​រកឃើញ​ត្បូង​ពេជ្រទម្ងន់ 1.90 ការ៉ាត

(សហរដ្ឋ​អាម៉េរិក)-គ្រាប់ពេជ្រ​ពណ៌​ប្រផេះ​ 1.90 កា​រ៉ា​តមួយ​គ្រាប់​ ត្រូវបាន​រកឃើញ​ដោយ​ប្ដី​ប្រពន្ធ​មួយ​គូ​ ​នៅក្នុង​ឧទ្យាន​ដែលមាន​ថ្មភ្នំ​ភ្លើង lamproite និង​​អាចមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​អាម៉េរិក។

ប្ដី​ប្រពន្ធ Jessica និង Seth Erickson រស់នៅក្នុង​តំបន់ Chatfield នៃ​រដ្ឋ Minnesota បាន​ចូលទៅ​កំសាន្ត​នៅក្នុង​ឧទ្យាន Crater of Diamonds ក្នុង​រដ្ឋ Arkansas ក្នុងឱកាស​ខួប 10 ឆ្នាំ​នៃ​អាពាហ៍ពិពាហ៍ នេះ​បើតាម Newsweek ចុះផ្សាយ​កាលពី​ថ្ងៃទី 11 វិច្ឆិកា។ ព្រឹក​ថ្ងៃទី 04 វិច្ឆិកា នៅពេល​ជីក​គាស់ និង​រែង​ដី​ក្នុង​ឧទ្យាន ពួកគេ​បាន​ប្រទះឃើញ​ត្បូង​មួយ​គ្រាប់​ដែលមាន​ពណ៌​ពិសេស។

ក្រោយមក ពួកគេ​ក៏បាន​នាំយក​ត្បូង​នេះ​ទៅកាន់ មជ្ឈមណ្ឌល​ស្វែងរក​ពេជ្រ​របស់​ឧទ្យាន Crater of Diamonds ​ហើយ​ក៏​​​ត្រូវបាន​បញ្ជាក់ថា នេះ​គឺជា​ត្បូង​ពេជ្រ​ពណ៌​ប្រផេះ​ ទម្ងន់​ 1.90 កា​រ៉ា​ត។

Crater of Diamonds ស្ថិតនៅ​ចម្ងាយ​ពី​ព្រំប្រទល់​របស់ Arkansas និង Oklahoma ប្រហែល 95 គីឡូម៉ែត្រ​ទៅ​ទិសខាងកើត។ នេះ​គឺជា​អណ្ដូងរ៉ែ​ពេជ្រ​សាធារណៈ​តែមួយគត់​នៅលើ​ពិភពលោក ដែល​មនុស្ស​គ្រប់គ្នា​អាច​ចូលទៅ​ស្វែងរក​ត្បូង​ពេជ្រ​តាមចិត្ត។

បន្ទាប់ពី​ត្រូវបាន​កាត់​តម្រឹម ត្បូង​ពេជ្រ​ថ្លា​មួយ​គ្រាប់​ទម្ងន់ 1.90 កា​រ៉ា​ត អាចមាន​តម្លៃ​ជា​មធ្យម 25,000 ដុល្លារ​​អាម៉េរិក។ តម្លៃ​របស់​ត្បូង​ពេជ្រ​ក៏​នឹង​ប្រែប្រួល​ទៅតាម​ពណ៌​របស់​វា​ផងដែរ៕

Advertisement