(វីដេអូ)-«មនុស្ស​ពីងពាង» តោង​ឡើង​អគារ​កម្ពស់ ៦០ ជាន់​ដោយ​ដៃទទេ ដើម្បី​ប្រឆាំងនឹង​ការ​រំលូតកូន

(សហរដ្ឋ​អាម៉េរិក)-បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ San Francisco បន្ទាប់ពី​បាន​តោង​ឡើង​អគារ​ខ្ពស់ Salesforce ដោយ​ពុំមាន​ខ្សែការពារ​សុវត្ថិភាព​អ្វី​ទាំងអស់។ បុរស​នេះ​ថែមទាំង​សើច​យ៉ាង​ស្រស់ និង​លើកដៃ​ស្វាគមន៍​មនុស្ស​ទាំងឡាយ​ដែល​នៅក្នុង​អគារ​ទៀតផង។

នាយកដ្ឋាន​គ្រប់គ្រង​អគ្គិភ័យ​របស់​ទីក្រុង San Francisco បាន​បញ្ជាក់ថា ពិត​ជាមាន​ហេតុការណ៍​នេះ និង​បាន​អំពាវនាវ​ឱ្យ​សាធារណជន «រួមគ្នា​ថ្កោលទោស​ចំពោះ​សកម្មភាព​នេះ»។

អគារ Salesforce ដែលមាន​កម្ពស់ ៣២៦ ម៉ែត្រ គឺជា​អគារ​ខ្ពស់​ជាងគេ​លំដាប់​ទី ២ នៅ​តំបន់​ភាគ​ខាងលិច Mississippi និង​ឈរ​លំដាប់​ទី ១៧ នៅ សហរដ្ឋ​អាម៉េរិក។

នៅ​លើ​ទំព័រ Instagram របស់​ខ្លួន «មនុស្សពីងពាង» នេះ​ បាន​ឱ្យ​ដឹង​ថា គាត់​តោង​ឡើង​អគារ​នេះ​គឺ​ដើម្បី​ប្រឆាំង​នឹង​ស្ថាប័ន​មួយ​ដែល​បម្រើសេវា​កម្ម​រំលូត​កូន​។

បុរស​នេះ​កន្លង​មក ធ្លាប់​បាន​តោង​ឡើង​អគារ​កម្ពស់​ជាង​ ១៨០ ម៉ែត្រ កាល​ពី​ខែ​សីហា ២០២១​ ផងដែរ ដើម្បី​ជំទាស់​នឹង​វិធានការ​រឹតបន្តឹង​នានា​ក្នុង​បំណង​ទប់ស្កាត់កូវីដ-១៩។

ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង ១ ថ្ងៃ បន្ទាប់ពី សេចក្ដីព្រាង​មតិ​កម្រាស់ ៩៨ ទំព័រ របស់​ចៅក្រម​តុលាការ​កំពូល​អាម៉េរិក ត្រូវបាន​គេ​ធ្វើឱ្យ​លេច​ធ្លាយ ដែល​បង្ហាញថា ស្ថាប័ន​យុត្តិធម៌​របស់ អាម៉េរិក អាច​នឹង​ធ្វើឱ្យ​សេចក្ដីសម្រេច​លើ​បញ្ហា​រំលូតកូន កាលពី​ឆ្នាំ ១៩៧៣ ក្លាយជា​ស្របច្បាប់​វិញ។

ការ​លេច​ធ្លាយ​នេះ ធ្វើឱ្យមាន​បាតុកម្ម​ពាសពេញ​ទឹកដី​អាម៉េរិក។ ក្រុម​អ្នកគាំទ្រ​សិទ្ធិ​រំលូតកូន និង​ក្រុម​មិន​គាំទ្រ បាន​ប្រមូល​ផ្ដុំគ្នា​នៅខាងមុខ​តុលាការ​កំពូល ក្នុង រដ្ឋធានី​វ៉ា​ស៊ី​ង​តោន និង​នៅក្នុង​បណ្ដា​ទីក្រុង ដើម្បី​សម្ដែង​មតិ​ផ្ទាល់ខ្លួន​ចំពោះ​បញ្ហា​នេះ។

Advertisement