(វីដេអូ)-ប្រជាជន​ឥណ្ឌា ប្រជ្រៀត​គ្នា​ចូលរួម​ពិធីបុណ្យ​គប់​លាមក​គោ ដើម្បី​សុំ​សេចក្ដីសុខ

ប្រជាពលរដ្ឋនៅក្នុង​ភូមិ Gumatapura សប្បាយរីករាយ​ជាខ្លាំង​ក្នុង​ការចូលរួម​ពិធីបុណ្យ​គប់​លាមក​គោ Gorehabba ជា​ព្រឹត្តិការណ៍​បញ្ចប់​រដូវ​បុណ្យ Diwali ដែលជា​បុណ្យ​ដ៏​សំខាន់បំផុត​មួយ​របស់​សាសនា​ហិណ្ឌូ។

ពិធីបុណ្យ Gorehabba ចាប់ផ្ដើម​ដោយ​ការប្រមូល «អាវុធ» ជាលា​មក​គោ ពី​គ្រួសារ​ទាំងឡាយ​ដែល​ចិញ្ចឹមសត្វ​នេះ។ លាមក​គោ​ដែល​ប្រមូលបាន ត្រូវបាន​នាំយកទៅ​កាន់​វិហារ​ក្នុង​តំបន់​ដើម្បីឱ្យ​ក្រុម​បព្វជិត​ប្រសិទ្ធពរ។

បន្ទាប់ពី​ពិធី​ប្រសិទ្ធី​នេះ លាមក​គោ​ក៏ត្រូវ​បាន​គេ​ចាក់គរ​លើដី ហើយ​បុរស​ទាំងឡាយ​ក្នុងភូមិ​នឹង​នាំគ្នា​ចូលទៅ​កាន់​គំនរ​លាមក​គោ​ដើម្បី​ត្រៀម​សម្រាប់​ពិធី​គប់​លាមក។

ពលរដ្ឋ​ឥណ្ឌា រាប់រយ​នាក់​នាំគ្នា​មកកាន់​ភូមិ Gumatapura ដើម្បី​ចូលរួម​ពិធីបុណ្យ​គប់​លាមក​គោ ដោយ​យល់ថា នេះ​មិន​ត្រឹមតែ​ជា​រឿង​អស្ចារ្យ ប៉ុន្តែ​ក៏​នាំមក​នូវ​ផលប្រយោជន៍​ផ្នែក​សុខភាព។

«បើសិន​ជាមាន​ជំងឺ យើង​នឹង​ត្រូវបាន​ព្យាបាល​ជាសះស្បើយ» Mahesh ជា​ពលរដ្ឋ​ម្នាក់​ដែល​បាន​ចូលរួម​ពិធី​គប់​លាមក​គោ ឱ្យដឹង​ដូច្នេះ។

ប្រជាជន​ឥណ្ឌា មួយចំនួន​ដែល​កាន់សាសនា​ហិណ្ឌូ មានជំនឿថា សត្វ​គោ និង​គ្រប់យ៉ាង​របស់​សត្វ​នេះ​សុទ្ធតែជា​វត្ថុ​ស័ក្ដិសិទ្ធិ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​ជម្រះ​ភាពអាក្រក់ សៅហ្មង។

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ដែលជា​ហិណ្ឌូ​សាសនិក​មួយរូប​ដែរនោះ បាន​ជំរុញឱ្យមាន​ការការពា​រ​សត្វ​មួយ​ប្រភេទ​នេះ។ រដ្ឋ​ជាច្រើន​របស់ ឥណ្ឌា តាំងពី​យូរ​មកហើយ បាន​ហាម​ការ​សម្លាប់សត្វ​គោ​ដើម្បី​យក​សាច់។

សមាជិក​ជាច្រើនរូប​នៅក្នុង​បក្ស​របស់​នាយករដ្ឋមន្ត្រី Modi ក៏​ធ្លាប់បាន​អះអាងថា ទឹកនោមគោ​គឺជា​ឱសថ​ដែល​អាច​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ COVID-19 រួម​នឹង​ជំងឺផ្សេងៗទៀត។ ចំណែក​រដ្ឋាភិបាល​រប​ស់លោក ក៏​កំពុង​ស្វែងរក​វិធី​ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការផលិត​ថ្នាំដុសធ្មេញ សាប៊ូកក់សក់ និង​ថ្នាំ​សម្លាប់​មូស​ពី​កាកសំណល់​របស់​សត្វ​គោ​ទៀតផង៕

Advertisement