ប្រយោជន៍ 15យ៉ាងរបស់ផ្លែក្រូចឆ្មារក្នុងការងារផ្ទះ ដែលបងៗស្ត្រីមេផ្ទះគួរតែដឹង (តចប់)

ប្រយោជន៍របស់ផ្លែក្រូចឆ្មារជាមួយការងារក្នុងផ្ទះ ដែលបងៗស្រ្តីមេផ្ទះជាច្រើននាក់អាចមិនធ្លាប់បានដឹងថា ការពិតទៅផ្លែក្រូចឆ្មារអាចធ្វើអ្វីៗផ្សេងទៀតបានច្រើនជាងគ្រាន់តែជាគ្រឿងគ្រៅសម្រាប់បន្ថែមរសជាតិអាហារទៅទៀត។ កាលពីលេខមុន ទំព័រចំណេះដឹងស្ត្រីមេផ្ទះ បានជម្រាបមិត្តអ្នកអានរួចហើយ 10ចំណុច ឥឡូវយើងនាំក្នាមកតាមដានជាបន្តទៀត…។

11-ជួយបន្ធូរកម្លាំងក្នុងការលាងសម្អាតបន្ទប់ទឹក

ចាក់ទឹកក្រូចឆ្មារចូលទៅក្នុងទឹកសាប៊ូលាងសម្អាតបន្ទប់ទឹក ដើម្បីបន្ថែមប្រសិទ្ធភាពក្នុងការកំចាត់ស្នាមកំណកក្អែលដែលតោងជាប់ណែននៅតាមឥដ្ឋការ៉ូដោយការចាក់ទឹកសាប៊ូលាយទឹកក្រូចឆ្មារនោះឱ្យសព្វលើឥដ្ឋការ៉ូក្នុងបន្ទប់ទឹក រួចទុកចោល 2ម៉ោង មុននឹងដុសសម្អាតចេញឱ្យស្អាត។

12-បន្ថែមភាពស្រស់ស្រាយដល់ក្រណាត់ពណ៌ស

ក្រូចឆ្មារ គឺជាជម្រើសដ៏ល្អបែបគ្មានសារធាតុពុលមួយសម្រាប់ក្រណាត់ពណ៌ស។ គ្រាន់តែបន្ថែមទឹកក្រូចឆ្មារ 1/4 នៃពែងចូលទៅក្នុងម៉ាស៊ីនបោកខោអាវ តែប៉ុណ្ណឹងក៏អាចបន្ថែមថាមពលនៃភាពសភ្លឺស្រស់ស្រាយដល់ក្រណាត់ពណ៌សបានច្រើនឡើងទៅហើយ និងចូរដាក់ហាលជាមួយនឹងពន្លឺថ្ងៃ ជំនួសឱ្យការចំហុយឱ្យស្ងួត។

13-កម្ចាត់ស្នាមកំណកខ្លោចខ្មៅនៅក្នុងចង្រ្កានម៉ៃក្រូវេហ្វ

ច្របាច់ទឹកក្រូចឆ្មារចូលទៅក្នុងទឹកស្អាត ហើយយកទៅដាក់កម្ដៅនៅក្នុងចង្រ្កានម៉ៃក្រូវេហ្វរយៈពេល 2 – 3នាទី។ ចំហាយទឹកក្រូចឆ្មារក្នុងម៉ៃក្រូវេហ្វ នឹងជួយរំលាយស្នាមកំណកខ្លោចខ្មៅដែលតោងជាប់នៅខាងក្នុងនោះ ធ្វើឱ្យងាយជូតសម្អាតបានយ៉ាងស្អាតល្អ។

14-បង្កើនភាពស្រស់បស់នៅក្នុងខ្យល់អាកាស

បង្កើនភាពស្រស់បស់ឱ្យបន្ទប់គេងក្នុងរដូវរងា ដោយការដាក់ចំណិតផ្លែក្រូចឆ្មារដែលហាន់ស្តើងៗចូលទៅក្នុងទឹកក្តៅឧណ្ហៗ។ ក្លិនក្រូចឆ្មារនឹងបង្កើនភាពស្រស់ស្រាយ និងសំណើម មិនឱ្យប្រថុយប្រថាននឹងបញ្ហាស្បែកស្ងួត និងថែមទាំងជួយឱ្យមានក្លិននៅក្នុងផ្ទះក្រអូបស្រស់ស្រាយបែបធម្មជាតិទៀតផង។

15-កម្ចាត់ក្លិនមិនល្អនៅក្នុងទូទឹកកក

កម្ចាត់ក្លិនផ្តុសៗនៅក្នុងទូទឹកកកដោយការយកដុំសំឡីជ្រលក់ក្នុងទឹកក្រូចឆ្មារ ហើយយកទៅដាក់នៅក្នុងទូទឹកកកឱ្យបានច្រើនម៉ោង។ ក្លិនទឹកក្រូចឆ្មារនឹងជួយកម្ចាត់ក្លិនមិនល្អបានយ៉ាងមានប្រសិទ្ធភាព៕

Advertisement