គុណវិបត្តិធ្ងន់ធ្ងររបស់ភេសជ្ជៈអាល់កុល(ស្រា និងស្រាបៀរ)ដែលស្រ្តីមិនគួរទទួលទាន

មិនថាតែនៅក្នុងអតីតកាល ឬបច្ចុប្បន្នកាលឡើយ យើងនៅតែមើលឃើញថា នៅតែឃើញនារីៗញ៉ាំស្រា ឬភេសជ្ជៈ មានជាតិអាល់កុល ដូចជាស្រាបៀរ វ៉ាញ ឬសូម្បីតែស្រាថ្នាំផ្សេងៗដដែល និងថែមទាំងមានសញ្ញាថា នារីៗចាប់ផ្តើមចេះញ៉ាំស្រា​តាំងពី​អាយុនៅតិចជាងកាលពីអតីតកាលទៀតផង ដោយអ្នកខ្លះចេះញ៉ាំតាំងពីវ័យនៅរៀនម្ល៉េះ។

មូលហេតុដែលធ្វើឱ្យនារីៗញ៉ាំស្រា(ឬភេសជ្ជៈមានជាតិស្រវឹង)

  • នារីៗញ៉ាំស្រា ព្រោះតែត្រូវការចូលរួមក្នុងសង្គម ចង់ឱ្យគេទទួលស្គាល់នៅក្នុងសង្គម ក្នុងក្រុមមិត្តភក្តិ ឬក្នុង​ក្រុមអ្នកធ្វើការជាមួយគ្នា ជាដើម។
  • នារីៗញ៉ាំស្រា ព្រោះចង់បង្កើនភាពសប្បាយរីករាយ ដោយសារស្រានឹងជួយធ្វើឱ្យមានអារម្មណ៍ក្លាហាន កាត់​បន្ថយ​​​​​​​​អារម្មណ៍ដឹងខុស-ត្រូវ ល្អ-អាក្រក់ និងភាពដឹងខ្លួនតាមប្រក្រតីបានមួយរយ:ពេល។
  • នារីៗញ៉ាំស្រា ព្រោះតែត្រូវមិត្តភក្តិបបួល និងព្រោះចង់ដឹង និងចង់សាក។
  • នារីៗញ៉ាំស្រា ដោយសារតែមានជំនឿខុសៗថា នឹងធ្វើឱ្យស្បែកភ្លឺស្រស់ថ្លា រលោង។
  • នារីៗញ៉ាំស្រា ព្រោះជឿថា វានឹងធ្វើឱ្យខួរក្បាលស្រឡះ និងមានអារម្មណ៍ធូរស្រាល។
  • នារីៗញ៉ាំស្រា ព្រោះតែជឿថា នឹងជួយទាក់ទាញចំណាប់អារម្មណ៍ពីបុរសៗ

មូលហេតុដែលនារីៗមិនគួរញ៉ាំស្រា និងភេស្ជជដែលមានជាតិអាល់កុល ព្រោះ៖

  1. នឹងធ្វើឱ្យខូចស្បែក និងបង្កឱ្យមានស្លាកស្នាមមុនវ័យ : ព្រោះការញ៉ាំជាតិអាល់កុល ឬជាតិស្រវឹង នឹងធ្វើឱ្យបត់ជើងតូចញឹកញាប់ បណ្តាលឱ្យស្បែកឡើងស្ងួត រាងកាយបាត់បង់ជាតិទឹកច្រើន ដែលនឹងធ្វើឱ្យស្បែកងាយមានស្លាកស្នាម មុខជ្រួញ និងឆាប់ចាស់។ ក្រៅពីនេះ ជាតិអាល់កុលថែមទាំងបានធ្វើឱ្យរាងកាយខ្វះវិតាមីន B ដែលនឹងធ្វើឱ្យឡើងស្បែកស្ងួត យារ កើតមុន និងមានរមាស់នៅតាមស្បែកទៀត​ផង។
  2. ប្រថុយនឹងការកើតជំងឺមហារីកសុដន : តាមរយ:ការស្រាវជ្រាវផ្នែកអាហារ និងសុខភាពរាងកាយ បានរកឃើញថា ស្រ្តីដែលញ៉ាំស្រា 1ថ្ងៃ 1កែវជាប់ជាប្រចាំ នឹងធ្វើឱ្យមានភាពប្រថុយប្រថាននឹងការកើតជំងឺមហារីកសុដន។
  3. ធ្វើឱ្យទម្ងន់ខ្លួនកើនឡើង ​: កើតជំងឺធាត់ ដុះក្បាលពោះ កើតជំងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់ ជាពិសេសនារីៗដែលចូលចិត្តញ៉ាំស្រា លាយជាមួយទឹកផ្លែឈើ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់។
  4. ខួរក្បាលរបស់ស្រ្តី​ ទទួលរងនូវផលប៉ះពាល់ពីជាតិអាល់កុលខ្លាំងជាងខួរក្បាលរបស់បុរស : មនុស្ស​ស្រីនឹងខូចខាតកោសិកាខួរក្បាលលឿនជាងបុរស ទោះជានារីញ៉ាំស្រាតិចជាងបុរសក៏ដោយ។
  5. មានសញ្ញា និងមានភាពប្រថុយប្រថានដែលអាចនឹងត្រូវអ្នកដទៃធ្វើបាបលើរូបរាងកាយ : អាចត្រូវអ្នកដទៃល្មើសបំពានខាងផ្លូវភេទ និងត្រូវទទួលរងការចាប់រំលោភ ជាដើម។
  6. ស្ត្រីដែលញ៉ាំស្រា នឹងបង្កឱ្យកើតជំងឺជាច្រើន : ដែលបណ្តាលមកពីការញ៉ាំសុរាច្រើនជាងបុរស ទោះជាក្នុង​​​បរិ​មា​ណប៉ុនគ្នាក៏ដោយ ដូចជាជំងឺរលាកក្រពះ រលាកថ្លើម ជំងឺថ្លើមរឹង មហារីកបំពង់អាហារ។ល​។
  7. បំផ្លាញប្រព័ន្ធប្រសាទ​ : ធ្វើឱ្យកើតអាការសោកសៅ វិលវល់ បេះដូងដើរញាប់ ឆេវឆាវឆាប់ខឹង អាច​នឹងកើតអាការរវើរវាយ អ្នកខ្លះទៀតអាចនឹងធ្វើឱ្យកើតអាការឡប់សតិ និងបែកសរសៃឈាមខួរក្បាលទៀតផង។
  8. មិនថាបុរស ឬស្ត្រីនោះទេ អ្នកដែលញ៉ាំស្រា រហូតដល់កើតរោគញៀនសុរារ៉ាំរ៉ៃ នឹងធ្វើឱ្យមានផ្ទៃមុខហើមស្ពុរ : មុខក្រហម ភ្នែកក្រហម ស្បែកឡើងខ្មៅ ដៃញ័រ ខ្យល់ដង្ហើមមានក្លិនអាល់កុលជាប់ជានិច្ច លែងឃ្លានបាយ រាងកាយស្គមស្គាំង។
  9. បើញ៉ាំក្នុងអំឡុងពេលមានគភ៌ផងនោះ នឹងធ្វើឱ្យកើតមានភាពប្រថុយប្រថានក្នុងការរលូតកូន : ឬទារក​កើតមក មានទម្ងន់ខ្លួនតិច មានបញ្ហាសុខភាព ឆែបមាត់ មានបញ្ហាខាងខួរក្បាល និងពេលធំឡើងអាចនឹងមានសញ្ញាថា នឹង​ញៀនថ្នាំ ឬញៀនសុរាបានដោយងាយទៀតផង។

យ៉ាម៉េចដែរ? បានដឹងបែបនេះហើយ នារីៗយើងដែលនៅតែចូលចិត្តញ៉ាំស្រា ឬភេសជ្ជៈដែលមានជាតិអាល់កុល ឬជាតិស្រវឹង​ទៀតនោះ ត្រូវតែចាប់ផ្តើមគិតសាជាថ្មីឡើងវិញហើយ ព្រោះសូម្បីតែញ៉ាំបន្តិចបន្តួចនៅក្នុងពិធីចូលរួមក្នុងសង្គមក៏ដោយ ក៏អាចធ្វើឱ្យ​យើងខូចសុខភាព ខូចរូបសម្ផស្ស និងបំផ្លាញខួរក្បាលផងដែរ ហើយដែលមើលឃើញច្បាស់ជាងនោះទៅទៀតគឺ ការញ៉ាំស្រាធ្វើឱ្យ​​នារីៗយើងបាត់បង់បុគ្គលភាពជានារីល្អៗអស់រលីង វាមិនមែនជាការទាក់ទាញអារម្មណ៍មនុស្សភេទផ្ទុយយនោះទេ៕

Advertisement