![](https://i0.wp.com/lareine.com.kh/wp-content/uploads/2025/02/lareine.com.kh-2025-02-07_12-14-57_526881.jpg?w=1200&ssl=1)
បុប្ផាស្រស់ៗជាវត្ថុជាទីស្រឡាញ់របស់មនុស្សជាច្រើន ក្រៅពីភាពស្រស់ស្អាតហើយ ផ្កាស្រស់នៅអាចជួយធ្វើឱ្យសុខភាពយើងកាន់តែល្អប្រសើរឡើងបានទៀតផង…តើមានផ្កាអ្វីខ្លះ និងពណ៌អ្វីខ្លះដែលជួយដល់សុខភាពទាំងកាយ និងចិត្តរបស់មនុស្សខ្លះ? សូមប្រិយមិត្តអ្នកអានតាមដានជាមួយនឹងអត្តបទខាងក្រោមនេះទាំងអស់គ្នាដូចតទៅ ៖
1.ក្រហម ស ផ្កាឈូក…ផ្កាកុលាប
![](https://i0.wp.com/www.lareine.com.kh/wp-content/uploads/2020/12/1-CGBWhGs4.jpg?resize=700%2C700&ssl=1)
![](https://i0.wp.com/www.lareine.com.kh/wp-content/uploads/2020/12/1-bloom-blossom-dew-56866.jpg?resize=700%2C465&ssl=1)
ទោះជាមានបន្លាមុតស្រួចមែន តែកុលាបក៏មានពណ៌ស្រស់ស្អាតជាច្រើនដែរ ទាំងពណ៌ក្រហម ស ផ្កាឈូក និងលឿងទៀតផង ដែលផ្កាកុលាបពណ៌នីមួយៗសុទ្ធតែធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយមិនចេះធុញទ្រាន់ទាំងអស់ ក្រៅពីនេះ ក្លិនរបស់កុលាបនៅអាចជួយគ្រប់គ្រងកម្រិតអ័រម៉ូនភេទស្រីបានទៀតផង ព្រោះក្លិនរបស់ផ្កាកុលាបមានចំណែកពាក់ព័ន្ធនឹងប្រព័ន្ធបន្តពូជរបស់មនុស្សស្រី រួមទាំងជាចំណែកផ្សំមួយនៅក្នុងគ្រឿងសម្អាង ដែលច្រើនឃើញមាននៅក្នុងគ្រីមថែបំប៉នស្បែក លុបបំបាត់ស្លាកស្នាម ជួយឱ្យស្បែកឡើងតឹង និងធ្វើឱ្យសរសៃឈាមរឹងមាំទៀតផង។
![](https://i0.wp.com/lareine.com.kh/wp-content/uploads/2025/02/lareine.com.kh-2025-02-07_12-29-50_941645.jpg?w=1200&ssl=1)
2.ស…ផ្កាម្លិះ
![](https://i0.wp.com/www.lareine.com.kh/wp-content/uploads/2020/12/2-Jasminum-grandiflorum-736A.jpg?resize=700%2C700&ssl=1)
ផ្កាពណ៌សបរិសុទ្ធ ផ្តល់នូវអារម្មណ៍ស្ងប់ស្ងាត់ សប្បាយចិត្ត ក្លិនក្រអូបត្រជាក់ ជួយប្រឆាំងអាការសោកសៅ ធ្វើឱ្យផ្លូវចិត្តរីកស្រស់ស្រាយ។ ក្រៅពីនេះ ផ្កាម្លិះនៅត្រូវបានគេប្រើប្រាស់ក្នុងការផលិតជាទឹកអប់ដែលប្រកបដោយក្លិនក្រអូបរំជួលចិត្ត និងត្រូវបានគេនិយមប្រើប្រាស់ក្នុងរូបភាពជាផលិតផលបង្កើនសម្រស់សម្រាប់មនុស្សស្បែកស្ងួតទៀតផង។
3.ក្រហម ផ្កាឈូក…ផ្កាជើរ៉ានៀម (Geranium)
![](https://i0.wp.com/www.lareine.com.kh/wp-content/uploads/2020/12/3-Geranium.jpg?resize=700%2C700&ssl=1)
ពណ៌ក្រហម ពណ៌ផ្កាឈូក ជួយបង្កើតបរិយាកាសឱ្យស្រស់ថ្លា និងគួរឱ្យថ្នាក់ថ្នម។ ទឹកប្រេងក្រអូបហើរតាមខ្យល់ដែលចម្រាញ់ចេញពីក្លិនផ្កា ជើរ៉ានៀមនេះ មានគុណសម្បត្តិជួយធ្វើឱ្យមនុស្សយើងមានអារម្មណ៍នឹងនរ ត្រជាក់ និងជាចំណែកផ្សំសំខាន់មួយដែលគេតែងឃើញនៅក្នុងសាប៊ូ ឡេគ្រីម និងទឹកអប់ទៀតផង។ ផលិតផលរបស់ផ្កាជើរ៉ានៀមនេះ ត្រូវនឹងស្បែកមនុស្សស្រីគ្រប់ប្រភេទ។
4.ស្វាយ…ផ្កាឡាវេនឌើរ៍ (Lavender)
![](https://i0.wp.com/www.lareine.com.kh/wp-content/uploads/2020/12/4-image.jpg?resize=700%2C466&ssl=1)
គឺជាពណ៌ស្វាយមួយដែលមើលទៅមិនសៅហ្មង តែបែរជាផ្តល់នូវអារម្មណ៍សប្បាយៗ និងរ៉ូមែនទិកបន្តិចៗទៀតផង។ ក្លិនក្រអូបរបស់ផ្កា ឡាវេនឌើរ៍ ជួយធ្វើឱ្យផ្លូវចិត្តនឹងនរ ស្ងប់ត្រជាក់ មានគុណសម្បត្តិជួយកាត់បន្ថយភាពធុញថប់តានតឹងក្នុងអារម្មណ៍ និងបន្ធូរអាការឈឺក្បាល ជួយឱ្យគេងលក់ស្រួល និងត្រូវបានគេនិយមយកទៅប្រើនៅក្នុងផលិតផលរក្សាសម្ផស្ស ជួយឱ្យស្បែកនៅក្មេង-សខ្ចី និងថែមទាំងប្រើក្នុងការព្យាបាលជំងឺរលាកស្បែក និងជាថ្នាំព្យាបាលមុនបានទៀតផង។
5.លឿងទឹកមាស…ផ្កាស្បៃរឿង
![](https://i0.wp.com/www.lareine.com.kh/wp-content/uploads/2020/12/5-beiust.jpg?resize=700%2C467&ssl=1)
ពណ៌លឿងច្រាល សម្លឹងឃើញហើយធ្វើឱ្យភាពធុញថប់តានតឹងក្នុងអារម្មណ៍ថយចុះភ្លាមតែម្ដង។ សារធាតុដែលចម្រាញ់បានពីផ្កាស្បៃរឿង (សារធាតុ ខាលេនឌូឡា Calendula) ជួយកែបញ្ហាស្បែក ដូចជាជំងឺរលាកស្បែក សន្លាកស្នាម និងស្បែកស្ងួតប្រេះ ជាដើម។ ស្រទាប់ផ្កាស្បៃរឿងអាចប្រើប្រាស់ធ្វើជាថ្នាំលាងភ្នែក ហើយក្លិនក្រអូបឈួលរបស់វាធ្វើឱ្យបរិយាកាសក្នុងផ្ទះស្រស់ថ្លា ប្រឆាំងនឹងថាមពលដែលចេញពីកុំព្យូទ័រដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងរាងកាយបានទៀតផង ។
6.លឿងស្រាល…ផ្កាក្តាំងងា
![](https://i0.wp.com/www.lareine.com.kh/wp-content/uploads/2020/12/6-baketrh.jpg?resize=700%2C458&ssl=1)
ស្រទាប់ផ្កាមើលទៅទន់ម៉ដ្ឋខៃ គួរឱ្យស្រឡាញ់ មានពណ៌លឿងស្រាលគួរឱ្យគយគន់។ ក្លិនរបស់វាជួយធ្វើឱ្យរាងកាយផលិតសារធាតុ សេរ៉ូថូនិន (Serotonin) ដែលជាសារធាតុគីមីក្នុងខួរក្បាលដ៏សំខាន់បំផុត ធ្វើឱ្យមានសេចក្តីសុខ អារម្មណ៍ស្ងប់ស្ងាត់ មិនវិលវល់ បន្ធូរភាពនឿយល្វើយ ជួយឱ្យខួរក្បាលធ្វើការបានល្អ ការពាររោគម៉ៃក្រេន និងរោគធុញថប់បាន។
គ្រាន់តែចេះជ្រើសរើសប្រើពណ៌ស្អាតៗ និងក្លិនក្រអូបៗរបស់ផ្កាស្រស់ ក៏អាចជួយឱ្យអ្នកនាងកញ្ញាទាំងឡាយបានធូរស្រាលអារម្មណ៍ និងមានសុខភាពល្អទាំងកាយ និងចិត្តបានដែរ។
…ទាំងស្អាត ទាំងល្អបែបនេះ តើឱ្យទប់ចិត្តមិនលង់ស្នេហ៍បុប្ផាទាំងនោះម្ដេចនឹងបានទៅ…មែនទេមិត្តអ្នកអាន?
![](https://i0.wp.com/lareine.com.kh/wp-content/uploads/2025/02/lareine.com.kh-2025-02-07_12-14-57_526881.jpg?w=1200&ssl=1)