កម្ពុជា​បិទ​សារមន្ទីរ រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ​ជា​បណ្តោះអាសន្ន

កម្ពុជា​បិទ​​​​​​សារមន្ទីរ រោងភាពយន្ត និង​រោង​សម្តែងសិល្បៈជា​បណ្តោះអាសន្ន​

ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19 ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានប្រកាស​ឱ្យ​ផ្អាក​ដំណើរការ​ស្ថាប័ន និង​ទីតាំង​កម្សាន្ត​មួយចំនួន​ដែល​ស្ថិតក្រោម​ឱវាទ​របស់​ក្រសួង​នេះ​ជា​បណ្ដោះអាសន្ន។

នៅ​ថ្ងៃទី 30 ខែវិច្ឆិកា​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ  បានប្រកាស​ឱ្យដឹងថា ក្រសួង​សម្រេច​ឱ្យ​ផ្អាក​ដំណើរការ​រោងភាពយន្ត រោង​សម្តែង​សិល្បៈ​គ្រប់​ប្រភេទ រួម​នឹង​សារមន្ទីរ​នៅ​ទូទាំងប្រទេស រយៈពេល14ថ្ងៃ។ បទបញ្ជា​នេះ​ត្រូវបាន​អនុវត្ត​ចាប់ពី​ថ្ងៃ 30 ខែវិច្ឆិកា​នេះ​តទៅ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា​បាន​បញ្ជាក់ថា ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ មានដូចជា មន្ទីរ​វប្បធម៌​រាជធានី-ខេត្ត សាធារណជន សមាគម​ប​គ្គុ​ទ្ទេស​ទេសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ និង​អ្នក​ទេសចរណ៍ ត្រូវតែ​អនុវត្តតាម​ការណែនាំ​នេះ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត។

សូម​រំលឹកថា ការសម្រេចចិត្ត​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ឆ្លង​វីរុស Covid-19 នៅក្នុង​សហគមន៍​កម្ពុជា​ជា​លើកដំបូង ដែល​ករណីនេះ​ត្រូវបាន​សម្ដេច​តោ​ជោ ហ៊ុន សែន ដាក់ឈ្មោះ​ឱ្យ​ថា “ព្រឹត្តិការណ៍ 28 វិច្ឆិកា” ហើយ​ព្រឹត្តិការណ៍​នេះដែរ មាន​ជាប់ទាក់ទង​នឹង​ករណី​ឆ្លង Covid-19 របស់​គ្រួសារ​លោក ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ជាតិ។

កម្ពុជា​បិទ​​​​​​សារមន្ទីរ រោងភាពយន្ត និង​រោង​សម្តែងសិល្បៈជា​បណ្តោះអាសន្ន​គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 323 នាក់ ក្នុងនោះ​មាន 22 នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង 301 នាក់​ទៀត​បានជា​សះស្បើយ។

ដោយឡែក នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​វីរុស​នេះ​សរុប 63,066,166 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 1,465,048 នាក់ អ្នក​បានជា​សះស្បើយ 43,542,378 នាក់ ខណៈដែល​អ្នក​កំពុង​ផ្ទុក​វីរុស​មាន​ចំនួន 18,058,740 នាក់៕

Advertisement