វេជ្ជបណ្ឌិតចិនប្រកាសថានឹងបញ្ចេញភស្ដុតាងបង្ហាញថា “COVID-19 មានប្រភពពីបន្ទប់ពិសោធន៍នៅ Wuhan”

វេជ្ជបណ្ឌិតចិនប្រកាសថានឹងបញ្ចេញភស្ដុតាងបង្ហាញថា “COVID-19 មានប្រភពពីបន្ទប់ពិសោធន៍នៅ Wuhan”

អ្នកស្រី Meng Yan បានឱ្យដឹងថា ខ្លួននឹងប្រកាសបង្ហាញភស្ដុតាងដែលបញ្ជាក់ថា វីរុសCOVID-19 គឺជាផលិតដែលមនុស្សជាអ្នកបង្កើតឡើង និងមានប្រភពពីបន្ទប់ពិសោធន៍នៅទីក្រុង Wuhan នៃប្រទេសចិន។

ថ្មីៗនេះ នៅក្នុងកម្មវិធី talkshow Loose Women របស់ស្ថានីយទូរទស្សន៍ ITV (អង់គ្លេស) វេជ្ជបណ្ឌិត Li-Meng Yan អ្នកឯកទេសផ្នែកវីរុសសាស្ត្រដែលធ្លាប់បានធ្វើការនៅឯសាលាវេជ្ជសាស្ត្រសាធារណៈហុងកុង (ប្រទេសចិន) បានបង្ហើបឱ្យដឹងអំពីព័ត៌មានជាច្រើនដែលធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងទាក់ទងនឹងប្រភពពិតរបស់វីរុសCOVID-19។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ នោះគឺថា អ្នកស្រីវេជ្ជបណ្ឌិតជនជាតិចិនរូបនេះ បានឱ្យដឹងថា អ្នកស្រីកំពុងត្រៀមប្រកាសអំពីភស្ដុតាងផ្នែកវិទ្យាសាស្ត្រដែលបញ្ជាក់ថា វីរុសCOVID-19 គឺជាផលិតផលដែលមនុស្សជាអ្នកបង្កើតឡើង។

បន្ទាប់ពីបានចាកចេញពីទីក្រុងហុងកុង ដោយសារតែមានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន អ្នកស្រីវេជ្ជបណ្ឌិត Li-Meng Yan បានធ្វើបទសម្ភាសជាមួយអ្នកយកព័ត៌មានពីទីកន្លែងអាថ៌កំបាំងមួយ ក្នុងនោះអ្នកស្រីបានឱ្យដឹងថា ព័ត៌មានទាំងឡាយស្ដីអំពីអ្នកស្រី ត្រូវបានគេលុបចេញពីមូលដ្ឋានទិន្នន័យរបស់រដ្ឋាភិបាលចិន។

នៅក្នុងកម្មវិធី talkshow Loose Women កាលពីថ្ងៃទី11កញ្ញា អ្នកស្រី Yan ថ្លែងថា៖ “ជាដំបូង ព័ត៌មានដែលនិយាយថា COVID-19 ឆ្លងរាលដាលចេញពីផ្សារមួយនៅទីក្រុង Wuhan គឺគ្រាន់តែជា “ផ្ទាំងវាំងនន” សម្រាប់បិទបាំងការពិតតែប៉ុណ្ណោះ ហើយវីរុសនេះមិនមានប្រភពពីធម្មជាតិនោះទេ”។

នៅពេលត្រូវបានសួរអំពីប្រភពពិតរបស់វីរុសCOVID-19 អ្នកស្រី Yan បានអះអាងថា៖ “វាកើតចេញពីបន្ទប់ពិសោធន៍នៅ Wuhan”។

អ្នកស្រីវេជ្ជបណ្ឌិត Yan ថ្លែងថា៖ “លំដាប់នៃប្រព័ន្ធហ្សែនគឺដូចទៅនឹងស្នាមក្រយៅដៃរបស់មនុស្ស។ ដូច្នេះ យោងទៅតាមប្រការនេះ អ្នកអាចផ្ទៀតផ្ទាត់បានអំពីបញ្ហាទាំងឡាយខាងលើ។ ខ្ញុំប្រើប្រាស់ភស្ដុតាងនានាដើម្បីបង្ហាញឱ្យអ្នកគ្រប់គ្នាបានដឹងថា ហេតុអ្វីបានជាវីរុសCOVID-19 មានប្រភពពីបន្ទប់ពិសោធន៍នៅប្រទេសចិន និងហេតុអ្វីបានជាពួកគេគឺជាមនុស្សតែមួយក្រុមគត់ដែលបង្កើតវា (វីរុស)”។

“សូម្បីតែនៅពេលមិនមានចំណេះដឹងច្រើនអំពីជីវសាស្ត្រ អ្នកក៏នៅតែអាចអាន ផ្ទៀតផ្ទាត់ និងបញ្ជាក់ការពិតដោយខ្លួនឯងបានដែរ។ ការដឹងច្បាស់អំពីប្រភពពិតរបស់វីរុសគឺជារឿងសំខាន់ បើមិនដូច្នេះទេ យើងនឹងមិនអាចឆ្លងផុតវិបត្តិសុខភាព ហើយ COVID-19 នឹងគំរាមកំហែងដល់អាយុជីវិតរបស់មនុស្សគ្រប់គ្នា”។

វេជ្ជបណ្ឌិត Li-Meng Yan

វេជ្ជបណ្ឌិត Li-Meng Yan ធ្លាប់ធ្វើការនៅសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយនៅទីក្រុងហុងកុង ជាមជ្ឈមណ្ឌលស្រាវជ្រាវជំងឺឆ្លងលំដាប់ពិភពលោក និងជាស្ថាប័នសំខាន់មួយនៅក្នុងបណ្ដាញគ្រប់គ្រងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក (WHO) ផងដែរ។

អ្នកស្រីវេជ្ជបណ្ឌិតថ្លែងថា អ្នកស្រីគឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្ត្រកំពូលៗដែលបានស្រាវជ្រាវអំពីវីរុស Corona មួយប្រភេទដែលបង្កឱ្យមានមហារោគរាតត្បាតCOVID-19។ កាលពីខែធ្នូ2019 ថ្នាក់លើរបស់អ្នកស្រី Li-Meng Yan នៅឯវិទ្យាស្ថានសុខាភិបាលសាធារណៈហុងកុង បានស្នើឱ្យអ្នកស្រីស្រាវជ្រាវលើសម្បុកវីរុសចម្លែកមួយដែលត្រូវបានគេចាត់ទុកថា ដូចទៅនឹងវីរុសSARS កំពុងបង្ហាញខ្លួននៅប្រទេសចិន។

វេជ្ជបណ្ឌិត Yan ថែមទាំងបានបង្ហើបឱ្យដឹងថា តាមរយៈទំនាក់ទំនងក្នុងវិស័យវិទ្យាសាស្ត្រ និងសុខាភិបាលរបស់ខ្លួន អ្នកស្រីបានរកឃើញថា មានការបិទបាំងអំពីទំហំនៃការឆ្លងរាលដាល ហើយបានចោទទីក្រុងប៉េកាំងថា បានព្យាយាមបង្វែងដានព័ត៌មានអំពីប្រភពរបស់វីរុសCOVID-19។

នៅពេលមានមនុស្សស្លាប់កាន់តែច្រើនឡើងដោយសារCOVID-19 វេជ្ជបណ្ឌិត Yan គិតថា អ្នកស្រីត្រូវតែមានទំនួលខុសត្រូវផ្នែកសីលធម៌ និងវិទ្យាសាស្ត្រ ហើយអ្នកស្រីក៏បានសម្រេចចិត្តនិយាយការពិត។ បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រចិនរូបនេះ ត្រូវបានគេជឿថា កំពុងស្ថិតនៅលើទឹកដីសហរដ្ឋអាម៉េរិក និងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពផ្ទាល់ខ្លួន។

ប្រតិកម្មទៅនឹងការប្រកាសរបស់អ្នកស្រីវេជ្ជបណ្ឌិត Yan លោក Ma Xiaowei ដែលជាប្រធានគណៈកម្មការសុខាភិបាលជាតិចិន បានអះអាងថា៖ “ការពិតគឺថា រដ្ឋាភិបាលចិនមិនមានការយឺតយ៉ាវ ឬបិទបាំងអ្វីទាំងអស់នៅទីនេះ។ រដ្ឋាភិបាលបានធ្វើសេចក្ដីរាយការណ៍អំពីតួលេខនានានៃវីរុស ព្រមទាំងផ្ដល់ព័ត៌មានដល់អន្តរជាតិឱ្យបានរហ័សតាមដែលអាចធ្វើទៅបាន។

លោក Ma Xiaowei ថ្លែងថា៖ បន្ទាប់ពីកំណត់បានករណីឆ្លងវីរុសនៅ Wuhan ប្រទេសចិនបានធ្វើសកម្មភាពភ្លាមៗដើម្បីស្រាវជ្រាវនិងទប់ស្កាត់ការឆ្លងរាលដាល”។

ប្រទេសចិន ជាច្រើនលើកច្រើនសាហើយដែលបានបដិសេធថា COVID-19 មិនបានឆ្លងរាលដាលចេញពីបន្ទប់ពិសោធន៍នោះទេ ដោយបានលើកឡើងថា៖ “អង្គការសុខភាពពិភពលោក (WHO) បានអះអាងជាច្រើនលើកហើយថា មិនមានភស្ដុតាងណាមួយដែលបង្ហាញថា វីរុសCOVID-19 ត្រូវបានបង្កើតឡើងក្នុងបន្ទប់ពិសោធន៍ឡើយ”។

ភាគីខាង WHO ក៏បានលើកឡើងអំពីការយល់ឃើញរបស់ខ្លួនចំពោះការអះអាងរបស់អ្នកស្រីវេជ្ជបណ្ឌិត Yan ៖ “WHO បានប្រកាសអំពីស្ថានភាពបន្ទាន់នៅទូទាំងពិភពលោកជាមួយនឹងCOVID-19 កាលពីថ្ងៃទី30មករា2020 ដែលនេះគឺជាកម្រិតនៃការប្រកាសអាសន្នខ្ពស់បំផុត បើយោងទៅតាមច្បាប់សុខាភិបាលអន្តរជាតិ”។

ស្ថានីយទូរទស្សន៍ ITV ដកស្រង់សម្ដីរបស់សាស្ត្រាចារ្យមួយរូបដែលធ្វើការជាមួយវេជ្ជបណ្ឌិត Yan នៅវិទ្យាស្ថានសុខាភិបាលសាធារណៈហុងកុង បានឱ្យដឹងថា៖ “វេជ្ជបណ្ឌិត Yan គឺជានិស្សិតថ្នាក់ក្រោយឧត្តមសិក្សានៅបន្ទប់ពិសោធន៍របស់ខ្ញុំ។ ការស្រាវជ្រាវរបស់នាង មិនទាក់ទងទៅនឹងបញ្ហាវីរុសCOVID-19 ឆ្លងពីមនុស្សទៅមនុស្សនោះទេ។ អ្នកវិទ្យាសាស្ត្រផ្លូវការទាំងអស់ សុទ្ធតែមិនបានរកឃើញភស្ដុតាងប្រាកដប្រជាណាមួយដែលបង្ហាញថា វីរុសCOVID-19 ត្រូវបានបង្កើតឡើងដោយស្នាដៃមនុស្សនោះឡើយ”៕

ប្រភព៖ Daily Mail

Advertisement