រដ្ឋមន្ត្រី​ប្រទេស​​ប្រេស៊ីល​2រូប​ទៀត ​បាន​ឆ្លង​COVID-19

រដ្ឋមន្ត្រី​ប្រទេស​​ប្រេស៊ីល​2រូប​ទៀត ​បាន​ឆ្លង​COVID-19

រដ្ឋមន្ត្រី​ក្រសួង​សិទ្ធិ​ពល​រដ្ឋ​ និង​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​អប់រំ​​របស់​ប្រទេស​ប្រេស៊ីល​ បាន​ប្រកាស​លទ្ធផល​វិជ្ជ​មាន​ជាមួយ​នឹង​វីរុស​COVID-19 នៅ​ក្នុងថ្ងៃ​ជាមួយ​គ្នា​ បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​​រក​វីរុស​ ហើយ​បច្ចុប្បន្ន​កំពុង​បង្ខាំង​ខ្លួន​និង​ព្យាបាល​​ដាច់​​ដោយ​ឡែក​។

រដ្ឋមន្ត្រី​ក្រសួង​សិទ្ធិ​ពល​រដ្ឋ​ លោក​ Onyx Lorenzoni ដែល​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​របស់​ប្រធានាធិបតី​ Jair Bolsonaro បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ Twitter កាលពី​ថ្ងៃទី​20​កក្កដា​ ឱ្យ​ដឹង​ថា លោក​មាន​អាការរោគ​ស្រាល​ និង​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​គ្រុន​ចាញ់ hydroxychloroquine។

លោក​ Onyx Lorenzoni បន្ត​ថា “ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ទទួល​ផល​ប៉ះពាល់​ល្អ​ (បន្ទាប់​ពី​បាន​ទទួល​ការ​ព្យាបាល​ដោយ​ប្រាស់​ថ្នាំ​hydroxychloroquine​​)។ ក្រៅ​ពី​ថ្នាំ​ chloroquine លោក​រដ្ឋមន្ត្រី​រូប​នេះ​ក៏​បាន​លេប​ថ្នាំ​ azithromycin និង ivermectin ទៀត​ផង។

រីឯ​លោក​ Milton Ribeiro ដែល​ទើប​​ត្រូវ​បាន​តែង​តាំង​ជា​​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ក៏​បាន​ប្រកាស​ថា បាន​ឆ្លងវីរុស​COVID-19 និង​កំពុង​សម្រាក​ព្យាបាល​ដាច់​ដោយ​ឡែក​ពី​គេ​ឯង​ផងដែរ​។

ចំណែក​ប្រធានាធិបតី​ប្រេស៊ីល លោក Bolsonaro ដែល​កំពុង​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​​បន្ទាប់​ពី​បាន​ឆ្លង​COVID-19 ក៏​កំពុង​ប្រើ​ប្រាស់​ថ្នាំ​​ប្រឆាំងជំងឺ​គ្រុន​ចាញ់​ hydroxychloroquine ដើម្បី​ព្យាបាល​ បើ​ទោះ​ប្រសិទ្ធភាព​របស់​ថ្នាំ​នេះ​មិន​ទាន់​ត្រូវ​បាន​ធ្វើ​តេស្តជា​ផ្លូវការ​​​ក្នុងការ​ព្យាបាល​COVID-19 ក៏ដោយ​។ លោក Bolsonaro បាន​បង្ហោះ​សារ​នៅ​លើ​ Twitter កាល​ពី​ថ្ងៃទី​20​កក្កាដា​ ដើម្បី​ការ​ពារ​ការ​ប្រើប្រាស់​ថ្នាំ​ hydroxychloroquine ថា “ប្រការ​ដែល​គួរ​ចងចាំ​ នោះ​គឺថា ការ​ប្រើ​ថ្នាំដែល​​ “មិន​មែនជា​ថ្នាំ​​​ប្រែន​” បាន​នាំ​មក​នូវ​លទ្ធ​ផល​ល្អ​​ប្រសើរ​នៅក្នុង​វេជ្ជសាស្ត្រ ឱ្យ​តែ​អ្នកជំងឺ​យល់​ព្រម​”។

មុន​នោះ​មួយ​ថ្ងៃ​ ប្រធានាធិបតី​ប្រេស៊ីល បាន​បង្ហាញ​វត្តមាន​នៅ​ក្បែរ​អ្នក​គាំទ្រ​នៅ​ឯទីក្រុង Brasilia ព្រម​ទាំង​បាន​លើក​ប្រអប់ថ្នាំមួយប្រអប់​បង្ហាញ​សាធារណជន​ទៀត​ផងដែរ។

យោង​តាម​ស្ថិតិ​ថ្មីបំផុត​របស់​ក្រសួង​សុខាភិបាល​ប្រេស៊ីល ប្រទេស​នៅ​អាមេរិក​ខាង​ត្បូង​មួយ​នេះ​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​ ជាង​2.1​លាន​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​បាន​ឡើង​ដល់​ជាង​80,000​នាក់​។

ក្រៅ​ពី​មន្ត្រី​ជាន់​ខ្ពស់​ខាង​លើ ប្រេស៊ីល​ក៏​នៅ​មាន​មន្ត្រី​សំខាន់​ៗ​ផ្សេង​ទៀត​ដែល​បាន​ឆ្លង​វីរុស​នេះ​ ក្នុង​នោះ​ក៏មានលោក Augusto Heleno ដែល​ជា​​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​ Bolsonaro និង​រដ្ឋមន្ត្រី​ក្រសួង​ថាម​ពលប្រេស៊ីល​ លោក​ Bento Costa Lima ផងដែរ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement