Covid-19 បានធ្វើឱ្យអាជីវកម្មទេសចរណ៍ត្រូវបិទទ្វាប្រមាណជិត 3,000កន្លែង ប៉ះពាល់ដល់មនុស្សជាង 4ម៉ឺននាក់

កម្ពុជា​ជា​ប្រទេស​ដែលមាន​សក្តានុពល​ខ្លាំង និង​ទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍​ជាច្រើន​លាន​ដុល្លារ​រៀងរាល់ឆ្នាំ តែ​សម្រាប់​ឆមាស​ទី1 ឆ្នាំ2020 នេះ ដោយសារតែ​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 ក៏បាន​ធ្វើឱ្យ​កម្ពុជា​បាត់បង់​ចំណូល​ច្រើន​លាន​ដុល្លារ​ទៅវិញ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា​វិបត្តិ​នៃ​ជំងឺ Covid-19 បានធ្វើឱ្យ​ភ្ញៀវទេសចរ​ធ្លាក់ចុះ​យ៉ាងគំហុក ដែល​បង្ករ​ផលប៉ះពាល់​ជាច្រើន​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍។ គិត​ត្រឹម​ដើមខែ​ឧសភា ឆ្នាំ2020 មាន​អាជីវកម្ម​ទេ​សចណ៍​បិទទ្វា និង​បិទ​បណ្តោះអាសន្ន​ចំនួន 2,956ទីតាំង និង​មាន​បុគ្គលិក​បម្រើ​ការងារ​ផ្ទាល់​សរុប 45,405នាក់​រង​ផលប៉ះពាល់។

ការបាត់បង់​ការងារ​នេះ បានធ្វើឱ្យ​មានការ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​វិស័យសេដ្ឋកិច្ច និង​សង្គម​ជារួម​តាមរយៈ​ឥទ្ធិពល​ដែល​លើសពី​ឥទ្ធិពល​អវិជ្ជមាន​នៅក្នុង​វិស័យ​ធ្វើដំណើរ និង​ទេសចរណ៍​ជាស​កល។ ទោះជា​យ៉ាងនេះ​ក្តី រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បញ្ជាក់ថា ភ្ញៀវទេសចរ​ជាតិ​បានចាប់ផ្តើម​ដំណើរ​កម្សាន្ត​ឡើងវិញ​ហើយ​ក្នុង​ខែ​នេះ តែ​ភ្ញៀវទេសចរ​បរទេស​នៅមាន​ចំនួន​តិចតួច​នៅឡើយ​ដោយសារតែ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ក្នុងអំឡុងពេល Covid-19រាតត្បាត​ពិភពលោក​នេះ៕

Advertisement