មកដល់ថ្ងៃនេះកម្ពុជាអស់អ្នកជំងឺ Covid-19 ហើយ

ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានចេញសេចក្តីប្រកាសថា អ្នកជំងឺ Covid-19 ទី 122 បានជាសះស្បើយហើយ និងមិនមាន​ករណីវិជ្ជមានថ្មីនោះទេ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកដែលបានជាសះស្បើយសរុបគឺ 122នាក់ ស្មើនឹង 100% ដោយក្នុងនោះក្រសួងនឹងផ្អាកមិនធ្វើសនិ្នសីទសារព័ត៌មាន រួមទាំងផ្អាកការចេញផ្សាយសេចក្តីជូនព័ត៌មាន​ចាប់ពីថ្ងៃអាទិត្យទី 17 ខែឧសភា ស្អែកនេះតទៅ។ តែទោះជាយ៉ាងនេះក្តីក្រសួងបញ្ជាក់ថា ការផ្អាកធ្វើសន្និសីទសារព័ត៌មាននេះមិនមែនមានន័យថាការចម្លងវីរុស​ Covid-19 នៅកម្ពុជា​ត្រូវបានបញ្ចប់ជាស្ថាពរនោះទេ។ ថ្វីត្បិតតែ​ករណីអ្នកជំងឺ Covid-19 ទី122 បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីក៏ពិតមែន តែ​ហានិភ័យ​នៃការចម្លង​វីរុស​ Covid-19 នៅតែមានចំពោះមុខយើងទាំងអស់គ្នានៅឡើយទេ ល្គឹកណាសកលលោក និង​ប្រទេសក្នុងតំបន់ នៅតែមានកំណើននៃករណីឆ្លងថ្មី​ ប្រទេសកម្ពុជា​នៅតែប្រឈមទៅនឹង​ហានិភ័យ​នៃការចម្លង​ជំងឺ Covid-19។

ជាសារអំពាវនាវ ក្រសួងសុខាភិបាល​នៅតែក្រើនរំលឹក និងបន្តអំពាវនាវឱ្យ​ប្រជាជនទាំងអស់ចូលរួម​អនុវត្ត​វិធានការការពារខ្លួន។ សម្រាប់សត្ថកិច្ច​គឺនៅតែត្រូវ​មានកិច្ចការអនុវត្តជាបន្តបន្ទាប់ ជាពិសេស​ការត្រួតពិនិត្យ​ដោយហ្មត់ចត់​នូវសុខភាពអ្នកដំណើរដែល​ចូលមកក្នុងប្រទេសកម្ពុជាដើម្បីចៀសវាង​ការនាំចូល​វីរុស Covid-19 ហើយបុគ្គលគ្រប់រូបត្រូវតែប្រុងប្រយ័ត្ន​ និងអនុវត្តវិធានការការពារការចម្លង ដោយត្រូវកែប្រែទម្លាប់ និងឥរិយាបទនៃការរស់នៅឱ្យស្របទៅតាម សភាពធម្មតាបែបគន្លងថ្មី (new normal life) ក្នុងបរិបទ​ប្រយុទ្ធនឹងជំងឺ Covid-19 ជាចាំបាច់ ដូចជា​ត្រូវសម្អាតដៃ ពាក់ម៉ាស់ ប្រើក្រម៉ា ឬ​ក្រដាសជូតមាត់ខ្ទប់មាត់ពេលក្អកកណ្តាស បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតបុគ្គលជាដើម៕

Advertisement