អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ប្រេស៊ីល​ ឆ្លង​វីរុស​COVID-19! ប្រធានាធិបតី​ក៏​ត្រូវ​គេ​សង្ស័យ​ថា​ឆ្លង​មេរោគ​នេះ​ដែរ​

អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ប្រេស៊ីល​ ឆ្លង​វីរុស​COVID-19! ប្រធានាធិបតី​ក៏​ត្រូវ​គេ​សង្ស័យ​ថា​ឆ្លង​មេរោគ​នេះ​ដែរ​

ឧត្ដម​សេនីយ៍ Otavio Rego Barros​ ដែលជា​អ្នក​នាំ​ពាក្យ​របស់​ប្រធានា​ធិបតី​ប្រេស៊ីល​ គឹជា​មន្ត្រី​ថ្មី​បំផុត​នៅក្នុង​រដ្ឋាភិបាល​របស់​លោក Bolsonaro ត្រូវ​​ឆ្លង​ ​COVID-19 ដែល​វីរុស​នេះ ត្រូវ​បាន​ប្រធានាធិបតី​ចាត់​ទុក​ថា គ្រាន់​តែ​ជា​គ្រុន​ផ្ដាសាយ​រដូវ​ (Seasonal influenza) តែ​ប៉ុណ្ណោះ​។

ឧត្ដម​សេនីយ៍ Otavio Rego Barros មាន​អាយុ​59​ឆ្នាំ ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​​លោក​ Bolsonaro “កំពុង​នៅ​ឯផ្ទះ​ ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​”​ បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​វិជ្ជ​មាន​ជាមួយ​ COVID-19 កាលពី​ថ្ងៃទី​5ឧសភា​កន្លង​ទៅ​។ នេះ​បើ​តាម​ការិយាល័យ​ប្រធានាធិបតី​ប្រេស៊ីល​ ដែល​បាន​ឱ្យ​ដឹង​​កាលពី​ថ្ងៃទី​6​ឧសភា។

គិត​មក​ដល់​បច្ចុប្បន្ន មន្ត្រី​រដ្ឋាភិបាល​របស់​លោក Bolsonaro ជាង​20​រូប​ហើយ​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា​ ក្នុង​នោះ​ក៏មាន​​ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​ Fabio Wajngarten និង​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​ Augusto Heleno ផងដែរ​។ ប្រធានាធិបតី​ Bolsonaro បាន​ថ្លែង​ថា លោក​បាន​ធ្វើ​តេស្ត​ និង​ទទួល​បាន​លទ្ធ​ផលអ​វិជ្ជមាន​ ប៉ុន្តែ លោក​មិន​បាន​ប្រកាស​ជា​សាធារណៈ​អំពី​លទ្ធ​ផល​នៃ​ការ​ពិនិត្យ​សុខភាព​នេះ​នោះ​ទេ​។

ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Estado de Sao Paulo របស់​​ប្រទេស​ប្រេស៊ីល​ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ ដើម្បី​បង្ខំ​ឱ្យ​ប្រធានាធិបតី​ Bolsonaro ប្រកាស​អំពី​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​របស់​លោក​ ដោយ​យល់​ថា សុខ​ភាព​របស់​ប្រធានាធិបតី​គឺជា​បញ្ហា​ដែល​សាធារណជន​មាន​ការ​ចាប់អារម្មណ៍​។ ចៅ​ក្រម​​នៃ​តុលាការ​សហព័ន្ធ​ កាល​ពី​ថ្ងៃទី​6ឧសភា​ បាន​ចេញ​សាល​ក្រម​មួយ​​ ​គាំទ្រ​ដល់​កាសែត​ខាង​លើ​ និង​បាន​ច្រាន​ចោល​​​បណ្ដឹង​ឧទ្ធរណ៍​​របស់​រដ្ឋាភិបាល​ផងដែរ​។ ក៏ប៉ុន្តែ រដ្ឋបាល​របស់​លោក Bolsonaro ត្រូវ​បាន​គេ​ជឿ​ថា​នឹង​​ប្ដឹង​ទៅ​តុលាការ​ថ្នាក់លើ​បន្ត​ទៀត​។

ប្រធានាធិបតី​ប្រេស៊ីល បាន​ចាត់​ទុក​ COVID-19 ថា​ដូចទៅ​នឹង​ជំងឺ​ផ្ដាសាយ​រដូវ​ ហើយ​​ក៏​ធ្លាប់​បាន​ប្រកាស​ថា ឥទ្ធិពល​អាក្រក់​របស់​វីរុស​នេះ​ ត្រូវ​បាន​គេ​បំផ្លើស​ហួស​ហេតុ​​ដោយ​សារ​តែ​នយោបាយ​។ លោក​ប្រធានាធិបតី​រូប​នេះ​ ក៏តែង​តែ​បង្ហាញ​ភាព​ខ្វះអំណត់​​ចំពោះ​បម្រាម​គោចរដែល​ត្រូវ​បាន​ដាក់​ចេញ​​ដោយ​​អភិបាល​រដ្ឋ​នានា​​នៅ​ក្នុង​ប្រទេស​នេះ​ និង​បាន​ថ្កោល​ទោស​ទៅ​លើ​ “ភាព​ស្លន់​ស្លោ” ជុំវិញ​ COVID-19 ព្រម​ទាំង​បាន​តឿន​​អភិបាល​រដ្ឋ​នានា​ ឱ្យ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ទៀត​ផង។

បច្ចុប្បន្ន COVID-19 បាន​សម្លាប់​មនុស្ស​ជាង​365,000​នាក់ ក្នុង​ចំណោម​អ្នកជំងឺ​កូរ៉ូណា​ជាង​3.8​លាន​នាក់​នៅ​ក្នុង​ពិភពលោក​។ ប្រេស៊ីល​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​​នៅតំបន់​ខាង​ត្បូង​នៃ​ទ្វី​ប​អាមេរិក​ ដោយ​មាន​អ្នកជំងឺ​ជាង​8,500​នាក់ ក្នុង​នោះ​មាន​ជាង​​126,000​នាក់​​បាន​បាត់​បង់ជីវិត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement