![អ្នកវីរុសវិទ្យាចិនម្នាក់ ដែលត្រូវគេចោទថា ដឹងរឿង “កូវីដ-19 បែកធ្លាយចេញពីបន្ទប់ពិសោធន៍វូហាន” បានបដិសេធរឿង “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារភៀសខ្លួនចេញពីចិន អ្នកវីរុសវិទ្យាចិនម្នាក់ ដែលត្រូវគេចោទថា ដឹងរឿង “កូវីដ-19 បែកធ្លាយចេញពីបន្ទប់ពិសោធន៍វូហាន” បានបដិសេធរឿង “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារភៀសខ្លួនចេញពីចិន](https://i0.wp.com/lareine.com.kh/wp-content/uploads/2020/05/Lareine-News-60.jpg?resize=696%2C360&ssl=1)
របាយការណ៍ព័ត៌មានរបស់ចិន កាលពីថ្ងៃចុងសប្ដាហ៍មុន(ថ្ងៃទី2ឧសភា) បានឱ្យដឹងថា អ្នកវីរុសវិទ្យាល្បីឈ្មោះម្នាក់ នៃស្ថាប័នវីរុសវិទ្យាក្នុងទីក្រុងវូហាន លោកស្រី ស៊ឺ ជឹងលី ដែលបានធ្លាក់ខ្លួនក្លាយជាជនសង្ស័យពាក់ព័ន្ធនឹងប្រភពកំណើតនៃការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ទូទាំងពិភពលោកនាពេលបច្ចុប្បន្ន បានចេញមកបដិសេធចំពោះព័ត៌មានចចាមអារ៉ាមដ៏ច្រើនសន្ធឹកដែលថា “លោកស្រីបានក្បត់ឧត្ដមគតិខ្លួនឯង និងបានរត់ភៀសខ្លួនចេញពីប្រទេសចិន”។
លោកស្រី ស៊ឺ អ្នកស្រាវជ្រាវវីរុសសត្វប្រចៀវល្បីឈ្មោះលំដាប់ពិភពលោក បានផូស្តសំណេរមួយផ្ញើទៅក្រុមមិត្តភក្តិក្នុងបណ្ដាញសង្គមចិន វីឆាត កាលពីថ្ងៃសៅរ៍(ទី2មេសា) ថា “មិនថាត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរប៉ុនណាឡើយ គ្មានថ្ងៃដែលនឹងកើតហេតុការណ៍ក្បត់ឧត្ដមគតិខ្លួនឯង ដូចដែលពាក្យចចាមអារ៉ាមលេចឮនោះឡើយ”។
ដោយសារតែមានចរន្តព័ត៌មានចចាមអារ៉ាមកាលពីពេលថ្មីៗនេះ បញ្ជាក់ថា លោកស្រី ស៊ឺ ជឹងលី បាន “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារ និងប្រមូល “ឯកសារសម្ងាត់ប្រមាណជា 1ពាន់ឈុត” រត់ភៀសខ្លួនគេចទៅអឺរ៉ុប និងបានដាក់ពាក្យស្នើសុំការគាំពារពីស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសបារាំង។
រហូតទាល់តែទីភ្នាក់ងារព័ត៌មានរបស់ចិន ដែលមានដូចជា វេបសាយព័ត៌មាននៅក្នុងប្រទេស Global Times និងទីភ្នាក់ងារព័ត៌មាននៅទីក្រុងហុងកុង សៅថ៍ ឆាយណា ម៉រនីង ផូស្ត បានចេញមករាយការណ៍ព័ត៌មាន(កាលពីថ្ងៃទី2 ឧសភា) បដិសេធរាល់ព័ត៌មានចចាមអារ៉ាមទាំងនោះ ដោយបានផ្សព្វផ្សាយសំណេររបស់លោកស្រី ស៊ឺ នៅក្នុងបណ្ដាញសង្គម WeChat ទៀតផង។
![អ្នកវីរុសវិទ្យាចិនម្នាក់ ដែលត្រូវគេចោទថា ដឹងរឿង “កូវីដ-19 បែកធ្លាយចេញពីបន្ទប់ពិសោធន៍វូហាន” បានបដិសេធរឿង “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារភៀសខ្លួនចេញពីចិន](https://i0.wp.com/www.lareine.com.kh/wp-content/uploads/2020/05/cn1.jpg?resize=430%2C600&ssl=1)
សារព័ត៌មាន គ្លោបល ថាមស៍ របស់បក្សកុម្មុយនីស្តចិន បានអះអាងថា លោកស្រីស៊ឺ ជឹងលី ជាអ្នកសរសេរសំណេរ ផូស្តនៅលើបណ្ដាញសង្គម WeChat ពិតប្រាកដមែន ដោយសំណេរនោះបានសរសេរថា “មិត្តភក្តិជាទីស្រឡាញ់…ខ្ញុំ និងក្រុមគ្រួសារសុខសប្បាយជាទេ មិនថាត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរប៉ុនណាក៏ដោយ គ្មានថ្ងៃដែលខ្ញុំនឹង “ក្បត់ឧត្ដមគតិខ្លួនឯង” ដូចដែលព័ត៌មានចចាមអារ៉ាមបានលេចឮនោះទេ។ ពួកយើងមិនបានធ្វើអ្វីខុសទេ ពួកយើងមានជំនឿដ៏គង់វង្សចំពោះវិទ្យាសាស្ត្រ នឹងត្រូវតែមានថ្ងៃដែលដុំមេឃខ្មៅរលាយបាត់អស់ និងដួងព្រះអាទិត្យចាំងចែងពន្លឺចេញមកមិនខាន”
លោកស្រី ស៊ឺ ជឹងលី អ្នកស្រាវជ្រាវប្រចាំស្ថាប័នវីរុសវិទ្យាទីក្រុងវូហាន បានធ្លាក់ខ្លួនក្លាយជាមុខសញ្ញាក្នុងការរិះគន់ និងក្លាយជាជនសង្ស័យថាបានដឹង បានឮរឿងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ដែលចាប់ផ្ដើមឆ្លងរាលដាលក្នុងវូហានកាលពីចុងឆ្នាំកន្លងទៅ។
លោកស្រី ស៊ឺ បានបំពេញការងារសិក្សាស្រាវជ្រាវជាមួយមេរោគវីរុសកូរ៉ូណាយូរជាង 10ឆ្នាំមកហើយ និងជាអ្នករកឃើញវីរុសកូរ៉ូណានៅក្នុងសត្វប្រចៀវ ដែលបង្កជាជំងឺ SARS (ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងទាន់ហន់) នៅឆ្នាំ2002 ដល់ 2003។
ក្រុមអ្នកវិទ្យាសាស្ត្រនាំគ្នាជឿថា វីរុសកូរ៉ូណាប្រភេទថ្មី បានចម្លងមេរោគពីសត្វ មកមនុស្ស និងអាចជាសត្វប្រចៀវ ហើយនិងមើលទៅហាក់ដូចជាមិនអាចទៅរួចសោះឡើយ ដែលវាអាចរបូតធ្លាយចេញមកពីស្ថាប័នវីរុសវិទ្យានៅទីក្រុងវូហានដោយឧប្បត្តិហេតុ ឬដោយទង្វើដែលកើតចេញពីស្នាដៃមនុស្ស។
តែយ៉ាងណាក៏ដោយ នៅមិនទាន់មានអ្នកណាបានដឹងពីប្រភពកំណើតពិតប្រាកដនៃវីរុសមរណៈនេះនៅឡើយ ចំណែកប្រទេសចិន បានថ្លែងថា ខ្លួនកំពុងតែដំណើរការស៊ើបអង្កេតអំពីរឿងនេះ៕
ប្រភព៖ សារព័ត៌មានបរទេស