វេជ្ជបណ្ឌិតរុស្ស៊ី3រូប ធ្លាក់ពីលើអគារមន្ទីរពេទ្យ ខណៈប្រទេសកំពុង​ទប់​ទល់​នឹង​COVID-19

វេជ្ជបណ្ឌិតរុស្ស៊ី3រូប ធ្លាក់ពីលើអគារមន្ទីរពេទ្យ ខណៈប្រទេសកំពុងទប់ទល់នឹងCOVID-19

វេជ្ជបណ្ឌិតនៅជួរមុខរបស់រុស្ស៊ីចំនួន3រូបហើយដែលបានធ្លាក់ពីលើអគារនៃមន្ទីរប្រកបដោយអាថ៌កំបាំង នៅក្នុងអំឡុង​2​សប្ដាហ៍​កន្លងមកនេះ ធ្វើឱ្យមានការព្រួយបារម្ភអំពីស្ថានភាពការងាររបស់ក្រុមវេជ្ជបណ្ឌិតនៅទីនេះ ខណៈដែលវីរុសCOVID-19 កាន់តែបង្ហាញអំណាចនៅរុស្ស៊ី។

សារព័ត៌មាន CNN និង Moscow Times កាលពីម្សិលមិញបានរាយការណ៍ថា Alexader Shulepov អាយុ37ឆ្នាំ ជាវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ Novousmanskaya ក្នុងទីក្រុង Voronezh នៃប្រទេសរុស្ស៊ី កំពុងស្ថិតក្នុងស្ថានភាពអាសន្ន បន្ទាប់ពីបានធ្លាក់ពីលើអគារ។ សមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា វេជ្ជបណ្ឌិត Shulepov បានធ្លាក់ពីបង្អួចនៃអគារកម្ពស់2ជាន់របស់មន្ទីរពេទ្យកាលពីថ្ងៃទី2ឧសភា។

វេជ្ជបណ្ឌិត Shulepov ត្រូវចូលសម្រាក និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ដោយសារគាត់បានឆ្លងវីរុសCOVID-19 កាលពីថ្ងៃទី22មេសា ប៉ុន្តែ ថ្ងៃដដែលនេះ Shulepov និងមិត្តរួមការងាររបស់គាត់គឺ Alexander Kosyakin បានបង្ហោះវីដេអូមួយដែលនិយាយថា គាត់ត្រូវបានបង្ខំឱ្យធ្វើការបន្ត បើទោះជាបានឆ្លងវីរុសកូរ៉ូណានេះក៏ដោយ។ កន្លងមក Kosyakin បានរិះគន់ខាងមន្ទីរពេទ្យដោយសារតែមិនមានសម្ភារ និងឈុតការពារឆ្លងមេរោគគ្រប់គ្រាន់សម្រាប់បុគ្គលិកសុខាភិបាល។ វេជ្ជបណ្ឌិត Kosyakin ក៏ធ្លាប់ត្រូវបាននគរបាលហៅទៅសួរនាំ ដោយមានការចោទប្រកាន់ថា បានបញ្ចេញព័ត៌មានមិនពិត។ 3ថ្ងៃក្រោយមក Shulepov ក៏បានដកវីដេអូដែលគាត់ធ្លាប់បានរិះគន់ខាងមន្ទីរពេទ្យ ហើយបញ្ជាក់ថាក្នុងវីដេអូនោះ គាត់ត្រូវបាន “អារម្មណ៍ដឹកមុខ”។

ភាគីខាងមន្ទីរពេទ្យ Novousmanskaya បានអះអាងថា វេជ្ជបណ្ឌិត Shulepov ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកបន្ទាប់ពីបានឆ្លងវីរុសកូរ៉ូណា និងត្រូវបានបញ្ជូនទៅព្យាបាលក្នុងអាគារឯកទេសជំងឺឆ្លងរបស់មន្ទីរពេទ្យនេះ។

Shulepov គឺជាវេជ្ជបណ្ឌិតទីបីហើយដែលបានធ្លាក់ពីលើអគារមន្ទីរពេទ្យយ៉ាងអាថ៌កំបាំងនៅប្រទេសរុស្ស៊ី។ វេជ្ជបណ្ឌិត2រូបដែលបានធ្លាក់ពីអាគារមុនករណីខាងលើ បានបាត់បង់ជីវិត។ ក្រុមមន្ត្រីមានសមត្ថកិច្ចកំពុងស៊ើបអង្កេតរកមូលហេតុដែលនាំឱ្យមានហេតុការណ៍ធ្លាក់ពីលើអគារទាំង3ករណីនេះ ក្នុងពេលដែលរុស្ស៊ីកំពុងប្រមូលកម្លាំងដើម្បីទប់ទល់នឹងវីរុសCOVID-19។

កាលពីថ្ងៃទី1ឧសភា Elena Nepomnyashchaya ដែលជាវេជ្ជបណ្ឌិតម្នាក់ធ្វើការនៅមន្ទីរពេទ្យ Krasnoyarsk ក្នុងតំបន់ Siberia បានបាត់បង់ជីវិត ក្រោយទទួលការព្យាបាលអស់រយៈពេល1សប្ដាហ៍។ សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា វេជ្ជបណ្ឌិតរូបនេះ បានធ្លាក់ពីលើអគាររបស់មន្ទីរពេទ្យ។

ថ្ងៃទី24មេសា Natalya Lebedeva ប្រធានក្រុមសង្គ្រោះបន្ទាន់នៃវិទ្យាស្ថានអនាម័យនិងមេរោគលេខ2 ក្នុងតំបន់ Star City ក៏បានបាត់បង់ជីវិតក្នុងមន្ទីរពេទ្យ បន្ទាប់ពីបានធ្លាក់ពីលើអគារខ្ពស់របស់មន្ទីរពេទ្យ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងក្នុងគ្រាដែលប្រទេសរុស្ស៊ីកំពុងប្រឈមនឹងការរាតត្បាតយ៉ាងខ្លាំងក្លាពីវីរុសCOVID-19។ មជ្ឈមណ្ឌលទប់ទល់នឹងវិបត្តិវីរុសកូរ៉ូណារបស់រុស្ស៊ី កាលពីថ្ងៃទី4ឧសភា បានឱ្យដឹងថា ចំនួនអ្នកជំងឺកូរ៉ូណាសរុបក្នុងប្រទេសនេះបានឡើងដល់ជាង145,000នាក់ ក្នុងនោះមានជិត1,400នាក់បានស្លាប់។ បច្ចុប្បន្ន រុស្ស៊ីឈរលំដាប់លេខ7 នៅក្នុងចំណោមបណ្ដាប្រទេសដែលមានអ្នកជំងឺកូរ៉ូណាច្រើនជាងគេក្នុងពិភពលោក៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement