គ្រូពេទ្យចិន 2នាក់ ស្បែកដូរពណ៌ ដោយសារផលប៉ះពាល់ពីថ្នាំព្យាបាលកូវីដ-19

CCTV និងក្រុមទីភ្នាក់ងារព័ត៌មាន បានរាយការណ៍កាលពីថ្ងៃទី21 មេសា ថា គ្រូពេទ្យក្នុងទីក្រុងវូហាន 2នាក់ ដែលធ្លាក់ខ្លួនឈឺធ្ងន់ដោយសារការឆ្លងមេរោគ និងតស៊ូជាមួយវីរុស រហូតរួចផុតពីសេចក្ដីស្លាប់ ប៉ុន្តែស្បែកបានប្ដូរពណ៌ទៅជាពណ៌ខ្មៅស្រគាំ ដោយសារតែការប្រើថ្នាំព្យាបាល គួបផ្សំនឹងសភាពការធ្វើការរបស់ថ្លើម ដែលនៅមិនទាន់ស្ដារស្ថានភាពឡើងវិញបាន 100ភាគរយ។

របាយការណ៍នោះបានឱ្យដឹងថា លោកវេជ្ជបណ្ឌិត អ៊ី ហ្វាន និងលោកវេជ្ជបណ្ឌិត វើយ ហ្វឹង ទាំង 2នាក់បានទទួលការវិនិច្ឆ័យកាលពីថ្ងៃទី18 មករាថា ឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី តាមរយៈការព្យាបាលយ៉ាងជិតដិតនឹងអ្នកជំងឺនៅក្នុងមន្ទីរពេទ្យកណ្ដាល ក្រុងវូហាន កាលពីខែមករា និងត្រូវបាននាំខ្លួនចូលទៅព្យាបាលនៅឯមន្ទីរពេទ្យរោគសួត វូហាន ហើយត្រូវបានផ្លាស់ប្ដូរកន្លែងព្យាបាលដល់ទៅ 2ដងទៀតផង។

លោកវេជ្ជបណ្ឌិត លី ស៊ូស៊ឹង អ្នកមើលការថែទាំ និងរក្សាព្យាបាលលោកវេជ្ជបណ្ឌិតទាំង 2នាក់ខាងលើ បានថ្លែងថា ទាំង 2នាក់បានទទួលការជួយសង្គ្រោះយ៉ាងពេញទំហឹង ដើម្បីសង្គ្រោះជីវិត តែជាផលប៉ះពាល់ពីការព្យាបាលក្នុងអំឡុងពេលដំបូងៗនៃការឆ្លងមេរោគ បានធ្វើឱ្យស្បែករបស់លោកវេជ្ជបណ្ឌិតទាំង2 ប្ដូរទៅជាពណ៌ខ្មៅស្រគាំ ដែលគេសន្និដ្ឋានថា បណ្ដាលមកពីការប្រែប្រួលកម្រិតដែលមិនមានតុល្យភាពរបស់អ័រម៉ូន ដែលកើតឡើងដោយសារថ្លើម ដែលបានទទួលរងការខូចខាតដោយសារមេរោគវីរុស និងនៅមិនទាន់ស្ដារស្ថានភាពឱ្យប្រក្រតីឡើងវិញបាន។

របាយការណ៍អំពីទីភ្នាក់ងារសារព័ត៌មានចិនបានឱ្យដឹងថា លោកវេជ្ជបណ្ឌិត អ៊ី និងលោកវេជ្ជបណ្ឌិត វើយ បានធ្វើការរួមគ្នាជាមួយលោកវេជ្ជបណ្ឌិត លី វឹនលៀង អ្នកដែលនៅពេលដំបូងៗនៃការឆ្លងរាលដាលរបស់មេរោគ ត្រូវបានប៉ូលិសទីក្រុងវូហានស៊ើបសួរ និងចោទថា បានផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម និងក្រោយមកបានស្លាប់ដោយសារមេរោគកំណាចនោះកាលពីថ្ងៃទី7 កុម្ភៈ និងក្រោយមកទៀត បានទទួលនូវការលើកតម្កើងជាវីរបុរសរបស់ប្រទេសជាតិមាតុភូមិ។

វេជ្ជបណ្ឌិត អ៊ី ជាអ្នកឯកទេសខាងជំងឺបេះដូង បានទទួលការព្យាបាលជំងឺកូវីដ-19 ដោយប្រើម៉ាស៊ីនជួយគាំទ្រការធ្វើការរបស់បេះដូង និងសួត ដែលស្ថិតក្នុងសភាវធ្ងន់ធ្ងរ ដែលគេហៅថា ECMO ដែលចូលទៅធ្វើការជំនួសបេះដូង និងសួត ដោយការស្រូបបាញ់អុកស៊ីហ្ស៊ែនចូលទៅក្នុងឈាមខាងក្នុងរាងកាយ ដើម្បីប្រគងជីវិតឱ្យរស់នៅបានយូរ រហូតដល់រាងកាយអាចវិលត្រឡប់មកដូចដើមវិញបានក្នុងរយៈពេល 39ថ្ងៃក្រោយមក។

ខណៈដែលលោកវេជ្ជបណ្ឌិត លី ស៊ូស៊ឹង ដែលជាអ្នកព្យាបាលសុខភាពលោកវេជ្ជបណ្ឌិតទាំង 2 បានថ្លែងថា ពណ៌ស្បែករបស់លោកវេជ្ជបណ្ឌិតទាំង 2នាក់ បានផ្លាស់ប្ដូរខុសពីមុន ដោយសារតែកាលពីដំបូងៗនៃការព្យាបាល ពួកគាត់ទាំង2 បានទទួលថ្នាំ 1ប្រភេទ ដែលផលប៉ះពាល់របស់វា គឺធ្វើឱ្យស្បែកឡើងពណ៌ខ្មៅ។

លោកវេជ្ជបណ្ឌិត លី ថ្លែងថា “ពណ៌ស្បែករបស់លោកវេជ្ជបណ្ឌិតទាំង 2នាក់នោះ សន្និដ្ឋានថា អាចនឹងត្រឡប់ទៅជាប្រក្រតីឡើងវិញ នៅពេលដែលថ្លើមចាប់ផ្ដើមធ្វើការបានយ៉ាងពេញលេញឡើងវិញ” ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement