COVID-19! សហរដ្ឋ​អាមេរិក​អាច​ក្លាយ​ជា​ស្នូល​នៃ​វិបត្ត​សុខ​ភាព​របស់​ពិភពលោក​នាពេល​ខាង​មុខ?

WHO បាន​ព្រមាន​ដល់​សហរដ្ឋ​អាមេរិក​ថា ប្រទេស​នេះ​អាច​នឹង​ក្លាយ​ជា​សម្បុក​មេរោគ​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក​ បន្ទាប់​ពី​តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​យ៉ាង​គំហុក​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ នាំឱ្យ​តួលេខ​​សរុប​នៃ​អ្នក​បាន​ឆ្លងវីរុស​ COVID-19 ឡើង​ដល់​54.823​​នាក់​ និង​អ្នក​ស្លាប់​ឡើង​ដល់​ជិត​778​​នាក់​។

“យើង​កំពុង​តែ​ឃើញ​ការ​កើន​ឡើង​ខ្ពស់​នៃ​តួលេខ​អ្នក​ឆ្លង​មេរោគ​នៅ​សហរដ្ឋ​អាមេរិក​។ ដូច្នេះ សហរដ្ឋ​អាមេរិក​មាន​សក្ដា​នុពល​ក្លាយ​ជា​ស្នូល​នៃ​សម្បុក​​មេរោគ​” នេះ​ជា​ប្រសាសន៍​របស់​លោក​ស្រី​ Margaret Harris អ្នក​នាំ​ពាក្យ​របស់់​អង្គ​ការ​សុខភាព​ពិភពលោក​(WHO) ថ្លែង​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​មាន​សំណួរ​ដែល​សួរ​ថា “តើ​សហរដ្ឋ​អាមេរិក​​អាច​ក្លាយ​ជា​​ស្នូល​នៃ​សម្បុក​មេរោគ​​​រាត​ត្បាត​នៅទូទាំង​ពិភពលោក​ដែរ ឬ​អត់​?”។

លោក​ស្រី​ Margaret Harris អ្នក​នាំ​ពាក្យ​របស់់​អង្គ​ការ​សុខភាព​ពិភពលោក​(WHO)

យោង​តាមលោក​ស្រី Margaret Harris ចំនួន​ករណី​ឆ្លង​មេរោគ​នៅ​សហរដ្ឋអាមេរិក បាន​កើន​ឡើង​ច្រើន​ណាស់​ហើយ​។ ក្នុង​អំឡុង​24​ម៉ោង​កន្លង​ គេ​បាន​រក​ឃើញ​ថា 85%​ នៃ​ករណី​ឆ្លង​មេរោគ​ថ្មី​សរុប​ក្នុង​ពិភពលោក​​ គឺ​កើត​ឡើង​នៅ​ទ្វីប​អឺរ៉ុប និង​អាមេរិក ក្នុង​នោះ​សហរដ្ឋ​អាមេរិក មាន​ដល់​ទៅ​40​%។

សហរដ្ឋ​អាមរិក បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​ COVID-19​ថ្មី ចំនួន​11,074​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​នេះ​ឡើង​ដល់​54,808​នាក់​។ ចំនួន​អ្នក​ស្លាប់​ក៏​បាន​កើន​​222​ករណី​បន្ថែម​ទៀត​ ដែល​ជា​ការ​កើន​ឡើង​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ត្រឹម​តែ​24​ម៉ោងចាប់​តាំង​ពី​មេរោគ​កូរ៉ូណា​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ បណ្ដាល​ឱ្យ​តួលេខ​អ្នក​ស្លាប់​កើន​ដល់​775​នាក់​។

តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា អាច​ខ្ពស់​ជាង​តួលេខ​ដែល​បាន​ប្រកាស​។ យ៉ាង​ហោច​ណាស់​មាន​រដ្ឋ​ចំនួន​18​របស់​សហ​រដ្ឋ​អាមេរិក (ដែល​មាន​ប្រជា​ជន​ជាង​ 176​លាន​នាក់ ប្រហាក់ប្រហែល​នឹង​54​%​នៃ​ចំនួន​ប្រជា​ជន​សរុប​របស់​សហរដ្ឋ​អាមេរិក)​ ត្រូវ​បាន​ ឬ​នឹង​ត្រូវ​បាន​ស្នើ​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ដែល​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​។

រដ្ឋ​ New York ទទួល​រង​ផលប៉ះពាល់​ច្រើន​ជាង​គេ ដោយ​មាន​អ្នក​ឆ្លង​មេរោគ​ចំនួន 26,348​នាក់ គឺ​កើន​5,473​ករណី និងអ្នក​​ស្លាប់​​271​នាក់​។ “យើង​មិន​ទាន់​គ្រប់​គ្រង​ល្បឿន​នៃ​ការ​ឆ្លង​រាល​ដាល​របស់​ COVID-19​ នៅ​ឡើយ​។ COVID-19 កំពុង​បង្កើន​ល្បឿន និង​រីក​រាល​ដាល​លឿន​ដូច​រថភ្លើង​ល្បឿន​លឿន​” លោក Andrew Cuomo ​អភិបាល​ទីក្រុង​ New York បាន​ព្រមាន​ដូច្នេះ​។

COVID-19! សហរដ្ឋ​អាមេរិក​អាច​ក្លាយ​ជា​ស្នូល​នៃ​វិបត្ត​សុខ​ភាព​របស់​ពិភពលោក​នាពេល​ខាង​មុខ?
រដ្ឋមន្ត្រី​ការ​ពារ​ជាតិ របស់​សហរដ្ឋ​អាមេរិក​ លោក​​ Mark Esper

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ទទួល​ស្គាល់​ថា​​ ​ប្រភព​ផ្គត់​ផ្គង់​ធនធាន​សម្រាប់​ការ​ថែ​ទាំ​សុខ​ភាព​សំខាន់​ៗ​ដើម្បី​ការ​ពារ​បុគ្គលិក​សុខាភិបាល​ជួរ​មុខ បាន​ប្រែទៅ​​ជា​លំបាក។ លោក​ Trump បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Twitter កាល​ពី​ថ្ងៃទី​24​មីនា​ថា “ទីផ្សារ​ម៉ាស់​ និង​ម៉ាស៊ី​នជំនួយ​ការ​ដក​ដង្ហើម​​ក្នុង​ពិភពលោក​ ប្រែ​ទៅ​ជា​លំបាក​ខ្លាំង​។ យើង​នឹង​ជួយ​ឱ្យ​រដ្ឋ​នានា​មាន​ឧបករណ៍​ទាំង​នេះ ប៉ុន្តែ វា​មិន​ងាយ​ស្រួល​នោះ​ទេ​”។

ក៏​ប៉ុន្តែ ខណៈ​ដែល​អភិបាល​រដ្ឋ​នានា​របស់​សហរដ្ឋ​អាមេរិក​ អំពាវនាវ​ឱ្យ​ប្រជា​ជន​នៅ​​ក្នុង​ផ្ទះ​ លោក​ Trump បែរ​ជា​ថ្លែង​ថា លោក​កំពុង​ពិចារណា​អំពីយន្ត​ការ​ដើម្បី​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញនៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ និង​ដើម្បី​បញ្ចៀស​វិបត្តិ​សុខ​ភាព​នេះ​មិន​ឱ្យ​ក្លាយ​ជា “​វិបត្តិ​ហិរញ្ញា​វត្ថុ​យូរ​អង្វែង”​។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បន្ត​ថា “ប្រជាជន​របស់​យើង​ ចង់​ត្រឡប់​មក​ធ្វើ​ការ​វិញ​។ ពួកគេ​នឹង​អនុវត្ត​វិធាន​ការ​បង្ខាំង​ខ្លួន និង​វិធាន​ការ​ផ្សេងៗ​ទៀត​។ មនុស្ស​ចាស់​នឹង​ត្រូវ​បាន​ការ​ពារ​ និង​ថែ​ទាំ​។ យើង​អាច​ធ្វើ​កិច្ច​ការ​2​ ក្នុង​ពេល​តែ​1​”។

ទីប្រឹក្សា​​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​លោក Trump បាន​ហៅ​ការ​រឹត​បន្តឹង​នា​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​ថា​ជា “បញ្ហា​​ប្រឈម​រយៈ​ពេល​15​ថ្ងៃ​” ហើយ​បាន​សន្យា​ថា​នឹង​ពិចារណា​ឡើង​វិញ​នូវ​តម្រូវ​ការ​នៃ​ការ​អនុវត្ត​វិធាន​ការ​នានា ដើម្បី​ទប់ស្កាត់មិនឱ្យ​​វីរុស​ឆ្លង​រាលដាល​។ ប៉ុន្តែ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ លោក​​ Mark Esper បាន​ព្រមាន​ថា វិបត្តិ​សុខ​ភាព​នៅ​សហរដ្ឋ​អាមេរិក​អាច​នឹង​បន្ត​ក្នុង​រយៈ​ពេល​ជា​ច្រើន​ខែ​ទៅ​មុខ​ទៀត​ ខណៈ​ប្រធានអគ្គសេនាធិការចម្រុះ​​នៃ​កង​ទ័ព​សហរដ្ឋ​អាមេរិក លោក Mark Milley មាន​ប្រសាសន៍​ថា តាម​ការ​វាយ​តម្លៃ​ពី​បទ​ពិសោធ​​ពី​បណ្ដា​ប្រទេស​ វិបត្ត​សុខភាព​​ COVID-19 អាច​អូស​បន្លាយ​ពេល​ដល់​ទៅ​7​ខែ​ឯណោះ​។

​ប្រធានអគ្គសេនាធិការចម្រុះ​​នៃ​កង​ទ័ព​សហរដ្ឋ​អាមេរិក លោក Mark Milley

COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​197​ នៅ​ក្នុង​ពិភពលោក ក្រោយ​ពី​បាន​ឆ្លង​រាល​ដាល​នៅ​ទីក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ខែធ្នូ ឆ្នាំ​2020​ បណ្ដាល​ឱ្យ​មនុស្ស​ប្រមាណជា​422,785​នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​18,903​នាក់​បាន​បាត់​បង់ជីវិត និង​​ 13,095​នាក់​ទៀត​កំពុង​ប្រឈម​នឹង​ការ​ស្លាប់ ខណៈ​109,102​នាក់​បាន​ជា​សះស្បើយ​។ បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​គឺ​ជា​សម្បុក​មេរោគ​ COVID-19 ធំ​ជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន និង​ប្រទេស​អ៊ីតាលី​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement