ទាហាន​​​អាមេរិកាំង ​2,600​នាក់​នៅ​អឺរ៉ុប ត្រូវ​បាន​បង្ខាំង​​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ខណៈ​មាន​ករណី​​ឆ្លង​ COVID-19 ជា​ច្រើន​សិប​នាក់

កងទ័ព​សហរដ្ឋ​អាមេរិក បង្ខាំង​​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ចំពោះ​ទាហាន​ ​2,600​នាក់​នៅ​អឺរ៉ុប

កង​ទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទ្វីប​អឺរ៉ុប បាន​ស្នើ​ឱ្យ​ទាហាន​ និង​បុគ្គលិក​ស៊ីវិល​​របស់​ខ្លួន​ចំនួន 2,600​នាក់​ ធ្វើ​ការ​បង្ខាំង​ខ្លួន​ឯង​ ព្រោះ​សង្ស័យ​ថា បាន​ឆ្លង​ COVID-19 ក្នុង​ចំណោម​នោះ ​មាន​35​នាក់ បាន​ឆ្លង​មេរោគ​នេះ​រួច​ហើយ​។

បញ្ជាការដ្ឋាន​កង​ទ័ព​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​អឺរ៉ុប(EUCOM) កាល​ពីម្សិល​មិញ​បាន​ប្រកាស​ឱ្យ​ដឹង​ថា អ្នក​ទាំង​នេះ​ ដែល​កំពុង​ធ្វើចត្តាឡីស័ក​(ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​) គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ COVID-19។ EUCOM ក៏បាន​ទទួល​ស្គាល់​ថា ទាហាន​ចំនួន​35​នាក់ ក្នុង​ចំណោម​ 2,600​នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា​។​

មេបញ្ជា​ការ​ EUCOM លោក Tod Wolters បាន​ថ្លែង​ថា ទាហាន​ចំនួន​72​នាក់​របស់​កង​កម្លាំង​ EUCOM កំពុងអនុវត្ត​យ៉ាង​ម៉ឺង​​ម៉ាត់​នូវ​វិធាននានា ដើម្បី​​ទប់​ស្កាត់​​ការ​រីក​រាល​ដាល​នៃ​មេរោគ​នេះ​។

លោក Tod Wolters មេបញ្ជា​ការ​កង​ទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​អឺរ៉ុប (EUCOM)

យោង​តាម​សេត​វិមាន គិត​មក​ដល់​ទី​20មីនា យ៉ាង​ហោច​មាន​ទាហាន និង​បុគ្គលិក​ស៊ីវិល​ចំនួន ​67​នាក់ បាន​ឆ្លង​វីរុស COVID-19 កើន​ឡើង​ជា​3ដង ធៀប​នឹងចំនួន​អ្នក​ឆ្លង​រោគ​កាល​ពី​​ដើម​សប្ដាហ៍​។ មនុស្ស​2​នាក់់​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរ​បញ្ចកោណ(Pentagon) ក៏ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស​កូរ៉ូណា​នេះ​ដែរ​។ សរុប​មក នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​រោគ​ COVID-19 ចំនួន19.774​នាក់ ក្នុង​នោះ​មាន 275​នាក់​បាន​បាត់​បង់ជីវិត។

នៅ​ទូទាំង​ពិភពលោក វីរុស​ COVID-19 បាន​សម្លាប់​មនុស្ស​ចំនួន 11.419​នាក់ ចំណែក​អ្នក​បាន​ឆ្លង​រោគ​នេះ មាន​ចំនួន​ 276.698​នាក់​ ក្នុង​នោះ​មាន​7.914នាក់ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​។ រី​ឯ​​អ្នក​ដែល​បាន​ជា​ពី​ជំងឺ​ មាន​ចំនួន 91.954​នាក់​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement