ក្រុមអ្នកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Imperial College London បានឱ្យដឹងថា វ៉ាក់សាំងប្រឆាំងមេរោគកូរ៉ូណាប្រភេទ nCoV នឹងត្រូវបានពិសោធនៅលើសត្វ នៅដើមសប្ដាហ៍ក្រោយនេះហើយ។
ក្រុមអ្នកវេជ្ជសាស្ត្រនៃប្រទេសអង់គ្លេស ដែលកំពុងព្យាយាមបង្កើតវ៉ាក់សាំងការពារមេរោគកូរ៉ូណាប្រភេទថ្មី បានឱ្យដឹងថា ពួកគេបានរកឃើញវិធីថ្មីមួយ ដែលអាចជួយកាត់បន្ថយរយៈពេលនៃការបង្កើតវ៉ាក់សាំងដែលធ្លាប់តែត្រូវចំណាយពេល 3ឆ្នាំ ឱ្យចុះមកនៅត្រឹមតែ14ថ្ងៃវិញ។
សាស្ត្រាចារ្យ Robin Shattock ប្រធានផ្នែករោគឆ្លងនៃសាកលវិទ្យាល័យ Imperial College London បានឱ្យដឹងថា វ៉ាក់សាំងនេះនឹងត្រូវបានធ្វើតេស្តនៅលើសត្វនៅដើមសប្ដាហ៍ក្រោយនេះ។ តាមគម្រោង ការពិសោធន៍នេះក៏នឹងត្រូវធ្វើឡើងនៅលើរាងកាយមនុស្សក្នុងរដូវក្ដៅឆ្នាំនេះផងដែរ។
សាស្ត្រាចារ្យ Robin Shattock ថ្លែងថា ៖ “ជាមួយនឹងប្រភពជំនួយគ្រប់គ្រាន់ យើងខ្ញុំអាចសម្រេចកិច្ចការនេះក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។ វានឹងមិនទាន់ហួសពេលទេ ដើម្បីធ្វើសកម្មភាពក្នុងករណីជំងឺនេះក្លាយជាមហាអាសន្នរោគ និងរាតត្បាតខ្លាំងក្នុងពិភពលោក។ យើងខ្ញុំមិនទាន់មានព័ត៌មានច្រើននៅឡើយ ប៉ុន្តែវីរុសនេះអាចនឹងថមថយទៅវិញក្នុងរដូវក្ដៅ គឺដូចនឹងមេរោគផ្ដាសាយដែរ”។
រាជរដ្ឋាភិបាលអង់គ្លេស បានត្រៀមយន្តហោះរួចរាល់សម្រាប់ជើងហោះហើរចុងក្រោយទៅកាន់ក្រុង Wuhan ប្រទេសចិន ដើម្បីនាំពលរដ្ឋរបស់ខ្លួនត្រឡប់មកកាន់ស្រុកកំណើតវិញ។ ជើងហោះហើរនេះនឹងចេញដំណើរនៅព្រឹកថ្ងៃទី 9កុម្ភៈខាងមុខ។
ក្រសួងការបរទេសអង់គ្លេសបានសង្កត់ធ្ងន់ថា អង់គ្លេសចង់ធានាឱ្យបានប្រាកដថា ពលរដ្ឋអង់គ្លេសទាំងអស់ នឹងបានចុះឈ្មោះបើសិនមានបំណងត្រឡប់មកប្រទេសវិញ។ មកដល់ពេលនេះ មានពលរដ្ឋអង់គ្លេសសរុប 94នាក់ហើយដែលបានដឹកពីក្រុង Wuhan ត្រឡប់មកប្រទេសវិញដោយជើងហោះហើរ 2ជើងមុននេះ។
ប្រទេសអង់គ្លេសបានចំណាយប្រាក់ 20លានផោន (26លានដុល្លារ) ទៅឱ្យសម្ព័ន្ធនវានុវត្តន៍ទប់ស្កាត់ការរីករាលដាលមេរោគ ហៅកាត់ថា CEPI (Coalition for Epidemic Preparedness Innovations)។ អង្គការអន្តរជាតិនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ2017 ដើម្បីទប់ទល់នឹងវិបត្តិសុខភាពមានលក្ខណៈជាសកល។
ចាប់តាំងពីមេរោគកូរ៉ូណាបានចាប់ផ្ដើមរាតត្បាត ប្រទេសជាច្រើនក្នុងពិភពលោកក៏បានចាប់ផ្ដើមរិះរកវិធីបង្កើតវ៉ាក់សាំងសម្រាប់ប្រឆាំងមេរោគនេះ។ ទន្ទឹមនឹងនេះ ប្រទេសមួយចំនួនក៏បានប្រើប្រាស់ថ្នាំរម្ងាប់មេរោគដែលមានស្រាប់ ដើម្បីព្យាបាលមេរោគកូរ៉ូណាប្រភេទ nCoVនេះ។
នៅឯក្រុងបាងកកប្រទេសថៃ ក្រុមគ្រូពេទ្យបានប្រើប្រាស់ថ្នាំផ្ដាសាយ Oseltamivir ផ្សំជាមួយថ្នាំព្យាបាលជំងឺអេដស៍ (HIV) Lopinavir និង Ritonavir ដើម្បីព្យាបាលអ្នកជំងឺរលាកសួតកូរ៉ូណា។ លទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា អ្នកជំងឺទាំង 3នាក់ដែលបានទទួលការព្យាបាលនោះ មានអាការធូរស្បើយគួរជាទីត្រេកអរ។
ចំណែកអ្នកជំងឺដំបូងដែលមានផ្ទុកមេរោគ nCoV (មេរោគកូរ៉ូណាថ្មី) នៅអាមេរិក បានត្រូវអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី3កុម្ភៈ បន្ទាប់ពីបានជោគជ័យក្នុងការព្យាបាលដោយប្រើថ្នាំរម្ងាប់មេរោគ Remdesivir។ នេះបើតាមសារព័ត៌មាន Telegraph។
ចំណែកក្រុមអ្នកវិទ្យាសាស្ត្រនៅសិង្ហបុរី អូស្ត្រាលី និងជប៉ុន ក៏កំពុងធ្វើការបណ្ដុះមេរោគកូរ៉ូណាប្រភេទថ្មី nCoV នៅខាងក្រៅប្រទេសចិន ដើម្បីបម្រើឱ្យការពិសោធស្រាវជ្រាវ។ ទាំងអស់នេះនឹងក្លាយជាការងារដែលមានន័យសម្រាប់ការកែច្នៃវ៉ាក់សាំង (យកវ៉ាក់សាំងរម្ងាប់មេរោគដែលមានស្រាប់មកថែមថយ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការព្យាបាលមេរោគកូរ៉ូណាថ្មី) ពិសោធន៍វ៉ាក់សាំង និងកាត់បន្ថយពេលវេលាក្នុងការធ្វើតេស្តរកមេរោគនៅលើអ្នកជំងឺ៕
ប្រភព៖ សារព័ត៌មានបរទេស