ក្រសួងកសិកម្មចិន បានឱ្យដឹងថា ជំងឺផ្តាសាយបក្សី H5N1 បានផ្ទុះឡើងនៅក្នុងកសិដ្ឋានមួយកន្លែងក្នុងខេត្ត ហ៊ូណាន ប្រទេសចិន បណ្ដាលឱ្យមាន់ចំនួន 4,500ក្បាលបានងាប់ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
កសិដ្ឋានមួយ ស្ថិតនៅជាយក្រុងសាយាង (Shaoyang) ខេត្តហ៊ូណាន (Hunan) ភាគខាងត្បូងប្រទេសចិន មានចិញ្ចឹមមាន់ចំនួន 7ុ850ក្បាល ហើយពាក់កណ្ដាលបានងាប់ដោយសារឆ្លងមេរោគផ្ដាសាយបក្សី H5N1 នេះបើតាមការឱ្យដឹងពីក្រសួងកសិកម្មកាលពីម្សិលមិញ (1កុម្ភៈ)។ មន្ត្រីមូលដ្ឋានបានចាត់វិធានការចាំបាច់ដើម្បីគ្រប់គ្រងស្ថានការណ៍ ក្នុងនោះបានដុតកម្ទេចមាន់ដែលបានឆ្លងផ្ដាសាយបក្សីចំនួន 17ុ828ក្បាល។
H5N1 គឺជាអម្បូរវីរូសផ្ដាសាយដែលមានសមត្ថភាពឆ្លងរាលដាលខ្ពស់ ក្នុងនោះមានប្រភេទខ្លះអាចឆ្លងពីសត្វមកមនុស្ស។ កាលពីឆ្នាំ 1997 មេរោគនេះ ត្រូវគេរកឃើញថាបានឆ្លងរាលដាលនៅតាមផ្សារលក់មាន់ទារស់មួយចំនួននៅក្រុងហុងកុង បណ្ដាលឱ្យមានមនុស្សសា្លប់ 6នាក់ក្នុងចំណោមអ្នកឆ្លងវីរូស18នាក់។ ឆ្នាំ2014 ពលរដ្ឋកាណាដាម្នាក់បានក្លាយជាអ្នកជំងឺដំបូងគេនៅអាមេរិកខាងជើងដែលបានស្លាប់ដោយសារមេរោគផ្ដាសាយបក្សី H5N1 បន្ទាប់ពីមេរោគនេះបានសម្លាប់មនុស្សជាច្រើននាក់នៅក្នុងបណ្ដាប្រទេសអាស៊ី។
សម្បុកមេរោគផ្ដាសាយបក្សីថ្មីនេះ ត្រូវបានរកឃើញខណៈដែលមេរោគបង្ករលាកសួតថ្មី Corona (nCoV)កំពុងឆ្លងរាលដាលពាសពេញពិភពលោក ដោយចាប់ផ្ដើមពីតំបន់ Wuhan ប្រទេសចិន ហើយបានឆ្លងទៅមនុស្សជាង 14,627នាក់ និងសម្លាប់មនុស្សយ៉ាងតិច 305នាក់នៅទូទាំងពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស
ករណីស្លាប់ដោយសារមេរោគ Corona ដំបូងបង្អស់នៅខាងក្រៅប្រទេសចិន