តើឈ្មោះរបស់មេរោគ Corona មានប្រភពចេញពីណា និងមានទំនាក់ទំនងអ្វីជាមួយស្រាបៀរ Corona របស់ម៉ិកស៊ិក?

នៅពេលយើងស្វែងរកពាក្យ “corona” នៅលើ Google ភ្លាមនោះ យើងនឹងបានឃើញលទ្ធផលដ៏ច្របូកច្របល់ រវាងមេរោគ corona និងស្រាបៀរ corona។ តើ​ឈ្មោះ​មេរោគរលាក​សួត​ corona នេះ មាន​ប្រភព​ពី​ណា​?

ប៉ុន្មានសប្ដាហ៍កន្លងមកនេះ បន្ទាប់ពីជំងឺរលាកសួតដែលបង្កដោយមេរោគ Corona បានផ្ទុះឆ្លងរាលដាល ការស្វែងរកទិន្នន័យនៅលើ Google ទាក់ទិននឹងពាក្យ “corona” បានកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ហើយមិនមែនមានតែមនុស្សទេដែលជាអ្នកច្រឡំនោះ សូម្បីតែ Google ក៏ច្រឡំដែរ ដោយបានបង្ហាញលទ្ធផលយ៉ាងច្របូកច្របល់ រវាងមេរោគ corona និង ស្រាបៀរ 1ប្រភេទរបស់ប្រទេសម៉ិកស៊ិកដែលមានឈ្មោះដូចគ្នានេះដែរ។

យោងតាមទំព័រ Miamiherald របស់អាមេរិកបានធ្វើឱ្យយើងដឹងថា ចំនួនលើកនៃការស្វែងរកពាក្យ “corona” មានច្រើននៅ Iowa និង Oklahoma ខណៈដែលអ្នកស្រុក Connecticut, New Hampshire និង New Mexico កំពុងស្វែងរកយ៉ាងច្របូកច្របល់វាងស្រាបៀរ និងមេរោគ corona មួយនេះ។ ចំណែកអ្នកស្រុកអូស្ដ្រាលី ឥណ្ឌា និងកាណាដាវិញ ក៏កំពុងស្វែងរកពាក្យដែលទាក់ទងនឹងស្រាបៀរ corona នេះដែរ។

សាស្ត្រាចារ្យផ្នែកទីផ្សារនៃសាកលវិទ្យាល័យ Wayne (អាមេរិក) លោក Mitch Jeffrey Stoltman យល់ថា នេះគឺជាការករណីច្រឡំដ៏គួរឱ្យសោកស្ដាយ។

ការច្រឡំបែបនេះក៏ធ្លាប់បានកើតឡើងកាលពីទសវត្សរ៍ឆ្នាំ1980 ម្ដងដែរ ដែលកាលនោះជម្ងឺអេដស៍ (AIDS) បានឆ្លងរាលដាលទូទាំងពិភពលោក បណ្ដាលឱ្យក្រុមហ៊ុនផលិតស្ករគ្រាប់សម្រកទម្ងន់ Ayds ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ព្រោះវាមានឈ្មោះដែលអានទៅ មានសំនៀងដូចទៅនឹងជំងឺអេដស៍ដែរ។

មនុស្សជាច្រើនបានឆ្ងល់ថា ហេតុអ្វីបានជាមេរោគបង្កជំងឺរលាកសួត Wuhan ត្រូវបានគេដាក់ឈ្មោះថា corona តើមេរោគនេះមានរូបរាងដូចមកុដស្ដេច (តាមភាសាម៉ិកស៊ិក) មែនទេ?

ទីភ្នាក់ងារសារព័ត៌មាន Aljazeera និង Metropoltv បានសរសេរថា ពាក្យ corona នេះ ត្រូវបានគេហៅតាមភាសាឡាតាំង (the Latin word) ដែលមានន័យថា “មកុដ” ឬ “រស្មី”។ នៅក្នុងកែវពង្រីក មីក្រូទស្សន៍​អេឡិច​ត្រុង រូបភាពរបស់មេរោគ corona មានសភាពស្រដៀងនឹងរស្មីនៃព្រះអាទិត្យ។

បណ្ឌិត Dana Hawkinson ជាអ្នកជំនាញផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យ Kansas បានអះអាងថា មេរោគ corona មិនមានទំនាក់ទំនងអ្វីជាមួយនិងស្រាបៀរ corona នោះឡើយ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement