គណៈកម្មាធិការសុខាភិបាលក្រុងប៉េកាំង បានឱ្យដឹងថា មន្ទីរពេទ្យចំនួន3 ផ្សេងគ្នា កំពុងប្រើថ្នាំព្យាបាលជំងឺអេដស៍ដើម្បីទប់ទល់ជំងឺរលាកសួតថ្មី nCoV (corona)។
ព័ត៌មានខាងលើនេះ ត្រូវបានគេចុះផ្សាយឱ្យដឹងនៅថ្ងៃទី26 ខែមករានេះ។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំរបស់ក្រុមមន្ត្រីសុខាភិបាលចិនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគ nCoV (ជាមេរោគបង្កឱ្យរលាកសួតថ្មី corona)។
យោងតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការវេជ្ជសាស្ត្រក្រុងប៉េកាំង ប្រភេទថ្នាំដែលកំពុងប្រើប្រាស់មានឈ្មោះថា Lopinavir និង Ritonavir នេះ ត្រូវបានគេពិសោធឃើញថា មានប្រសិទ្ធភាពក្នុងការព្យាបាលប្រឆាំងនឹងមេរោគដ៏មហាប្រល័យ corona នេះ។
មន្ទីរពេទ្យទាំង3 ដែលទទួលបញ្ជាឱ្យពិសោធថ្នាំអេដស៍ទៅលើអ្នកជំងឺរលាកសួតថ្មីនេះ រួមមាន មន្ទីរពេទ្យ Beijing Ditan មន្ទីរពេទ្យ Beijing You’an និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រលេខ5 នៃមន្ទីរពេទ្យពហុព្យាបាលយោធានៃប្រទេសចិន។
ប្រភពព័ត៌មានបានឱ្យដឹងថា លទ្ធផលនៃការប្រើប្រាស់ថ្នាំ Lopinavir រួមជាមួយនឹងថ្នាំ Ritonavir មកទល់នឹងពេលនេះ គឺមានប្រសិទ្ធភាពច្រើន។
សូមរំឭកថា កាលពីថ្ងៃទី25 មករា(ម្សិលមិញ) លោកវេជ្ជបណ្ឌិត Liang Wudong អាយុ 62ឆ្នាំ ដែលជាអ្នកព្យាបាលអ្នកជំងឺរលាកសួត wuhan បានស្លាប់បាត់បង់ជីវិត(ដោយសារឆ្លងមេរោគដ៏សាហាវនេះ)។ ទីភ្នាក់ងារសារព័ត៌មានចិននានា បានចេញផ្សាយថា លោក Liang Wudong គឺជាវេជ្ជបណ្ឌិតសំខាន់ជាងគេ ដែលចំណាយពេលច្រើននៅក្បែរ និងព្យាបាលអ្នកជំងឺរលាកសួតដោយមេរោគ nCoV នៅមន្ទីរពេទ្យ Hubei Xinhua ចាប់តាំងពីអាសន្នរោគនេះបានផ្ទុះឡើង៕
ប្រភព៖ សារព័ត៌មានបរទេស