ឱពុក និងកូនជនជាតិចិន 2នាក់ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ Cho Ray ប្រទេសវៀតណាម ត្រូវបានគេរកឃើញថា មានផ្ទុកមេរោគដែលបង្កជំងឺរលាកសួតថ្មី Wuhan (មេរោគ corona)។ នេះជាករណីដំបូងដែលត្រូវបានគេកត់សម្គាល់នៅក្នុងប្រទេសនេះ។
កាលពីយប់ម្សិលមិញ (23 ធ្នូ) តំណាងមន្ទីរពេទ្យ Cho Ray នៃប្រទេសវៀតណាម បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានរកឃើញ 2នាក់ឱពុក និងកូនជនជាតិចិន មានផ្ទុកមេរោគរលាកសួតថ្មីនេះ។ អ្នកជំងឺជាឱពុកមានឈ្មោះថា Li Ding អាយុ 66ឆ្នាំ និងកូនប្រុសឈ្មោះ Li Zichao អាយុ 28ឆ្នាំ។
មូលហេតុដំបូងដែលនាំឱ្យឱពុក និងកូនប្រុសមានផ្ទុកមេរោគនេះ គេនៅមិនទាន់ដឹងនៅឡើយ ប៉ុន្តែគេជឿថា ម្នាក់ក្នុងចំណោមពួកគេអាចឆ្លងពីអ្នកដទៃ រួចក៏ចម្លងបន្ត។
Cho Ray គឺជាមន្ទីរពេទ្យធំ និងល្បីឈ្មោះបំផុតមួយរបស់វៀតណាម។ មន្ទីរពេទ្យនេះស្ថិតក្នុងក្រុងហូជីមិញ (សៃហ្គន ឬព្រៃនគរ) ដែលមានចម្ងាយពីក្រុងបាវិត ខេត្តស្វាយរៀង របស់កម្ពុជាប្រហែល 70គីឡូម៉ែត្រ បើធ្វើដំណើរតាមផ្លូវជាតិលេខ1។
សូមបញ្ជាក់ថា មេរោគ Corona ប្រភេទថ្មី ដែលធ្វើឱ្យកើតជំងឺរលាកសួត និងសម្លាប់មនុស្សយ៉ាងឆាប់រហ័សនេះ បានរាលដាលដល់ប្រទេសថៃ ជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ហើយថ្មីៗនេះវាបានឆ្លងមកដល់ប្រទេសវៀតណាម ធ្វើឱ្យប្រជាជននៅក្បែរប្រទេសទាំងនេះមានការភ័យខ្លាច៕
ប្រភព៖ សារព័ត៌មានបរទេស
មេរោគបង្ករលាកសួតថ្មី Wuhan – 6 ចំណុចដែលអ្នកត្រូវដឹងពីវា ដើម្បីការពារជីវិត
ហាងទំនិញនៅជប៉ុន ដាក់បដា “ហាមជនជាតិចិន” មិនឱ្យចូលទិញ ព្រោះខ្លាច…
អ្នកស្លាប់ដោយសារឆ្លងជម្ងឺរលាកសួត Wuhan កើនជិតទ្វេដង៖ ពលរដ្ឋចិនកំពុងភ័យខ្លាច…