ជប៉ុន៖ ហាងទំនិញមួយនៅក្នុងតំបន់ Hakone ត្រូវបានគេរិះគន់យ៉ាងខ្លាំង ដោយសារតែបានដាក់តាំងបដាមួយផ្ទាំងនៅខាងមុខហាង ដែលមានសរសេរថា “ហាមជនជាតិចិន” ដោយសារព្រួយបារម្ភខ្លាចឆ្លងជម្ងឺរលាកសួតប្រភេទថ្មី មានប្រភពពីប្រទេសចិនដែលកំពុងរាតត្បាត និងរីករាលដាលយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន។
នៅលើបដានោះរៀបរាប់ថា “ជនជាតិចិនមិនត្រូវបានអនុញ្ញាតឱ្យចូលហាង។ ខ្ញុំមិនចង់ឆ្លងមេរោគ”។ ម្ចាស់ហាងរូបនេះបានប្រាប់អ្នកយកព័ត៌មានរបស់សារព័ត៌មានប្រចាំថ្ងៃ Asahi ថា គាត់បានប្រើកម្មវិធីបកប្រែអនឡាញដើម្បីសរសេរអក្សរលើបដានេះ និងបានអះអាងថា “ខ្ញុំគ្រាន់តែចង់ការពារខ្លួនពីមេរោគប៉ុណ្ណោះ”។
អ្នកនាំពាក្យនៃមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ Hakone បានឱ្យដឹងថា ខ្លួនបានទទួលព័ត៌មាននេះហើយ និងមានការសោកស្ដាយចំពោះខ្លឹមសារនៃបដានោះ។
សាស្ត្រាចារ្យផ្នែកច្បាប់នៃសកលវិទ្យាល័យ Aoyama Gakuen បានឱ្យដឹងថា ម្ចាស់ហាងនេះមិនបានបំពានច្បាប់ទេ ព្រោះថា នៅប្រទេសជប៉ុនពុំមានច្បាប់ណាមួយចែងលម្អិតអំពីសកម្មភាពបែងចែកបែបនេះថា ជាអំពើខុសច្បាប់ឡើយ។
អ្នកនាំពាក្យខាងលើបាននិយាយថា នៅតំបន់ Hakone មានភ្ញៀវទេសចរចិនយ៉ាងច្រើន ហើយទីនេះក៏ជាតំបន់ល្បីឈ្មោះដែលពួកគេ(ជនជាតិចិន)មកលេង ព្រោះវានៅមិនឆ្ងាយពីក្រុង Tokyo ប៉ុន្មាន។ អ្នកនាំពាក្យរូបនេះក៏បានផ្ញើសម្ដី “សុំទោស” ជំនួសម្ចាស់ហាងខាងលើ ទៅកាន់ភ្ញៀវទេសចរជនជាតិចិនផងដែរ។
ក្រសួងសុខាភិបាលជប៉ុន ថ្មីៗនេះបានបញ្ជាក់ថា មានករណីឆ្លងមេរោគរលាកសួតថ្មី Wuhan ត្រឹមតែ 1ករណីប៉ុណ្ណោះ។ ប្រទេសនេះក៏កំពុងតែដុតដៃដុតជើងក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគរលាកសួត Wuhan ដ៏គួរឱ្យខ្លាចនេះដែរ៕
ប្រភព៖ សារព័ត៌មានបរទេស