ទារក​ដំបូងនៅ​វៀតណាម​ដែល​ត្រូវ​បាន​ព្យាបាល​បេះដូង​ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ បាន​ចាប់​កំណើត​ហើយ

ទារក​ម្នាក់​ដែល​ធ្លាប់ឆ្លង​កាត់​ការ​វះកាត់​ធំ​មួយ ​គ្រា​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ ព្រោះ​តែ​ជំងឺ​បេះដូង​ពី​កំណើត​ បាន​ចាប់​កំណើត​ហើយ និង​មាន​ទម្ងន់​ 2.9 គីឡូក្រាម ហើយ​ស្រែក​យំ​ដោយសំឡេង​ធំ​ទៀត​ផង​។ នេះ​គឺជា​ទារក​ដំបូង​នៅ​វៀតណាម​ដែល​ត្រូវ​បាន​ព្យាបាល​ជំងឺ​បេះដូង​ពេល​នៅក្នុង​ផ្ទៃ​ម្ដាយ​។

ទារក​ខាង​លើ​នេះ​បាន​ចាប់​កំណើត​ដោយ​ការ​វះកាត់​នៅ​វេលា​ម៉ោង​ 9 និង 17 នាទី​ព្រឹក​ ថ្ងៃទី 30 មករា 2024​។ យោងតាម​សារព័ត៌មាន​វៀតណាម នេះ​គឺជា​ករណី​ដំបូង​គេ​នៅ​វៀតណាម និង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ទាក់​ទង​នឹង​ព្យាបាល​ជំងឺ​បេះដូង​របស់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​។

ក្រោយ​ពី​ការ​វះកាត់​ផ្ដល់​កំណើត មន្ត្រី​ជំនាញ​នៅមន្ទីរ​ពេទ្យ​កុមារ​ក្រុង​ហូជីមិញ (ព្រៃនគរ) និង​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ទៀត​ ឱ្យ​ដឹង​ថា SpO2 ឡើង​ដល់ 89% ដោយ​ទារក​ដក​ដង្ហើម​បាន​​តាម​ធម្មជាតិ​។ ម្ដាយ​ និង​ទាក​សុទ្ធ​តែ​មាន​សុវត្ថិភាព​។

មុន​នោះ កាល​ពី​ថ្ងៃទី 4 មករា ក្រុម​វេជ្ជបណ្ឌិត​នៅ​ទីក្រុង​ព្រៃ​នគរ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ព្យាបាល​បេះដូង​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ដែល​មាន​អាយុ​ 32 សប្ដាហ៍​។ អ្នក​ម្ដាយ​ដែល​ស្ថិត​ក្នុង​ករណី​ពិសេស​នេះ​ មាន​អាយុ 28 ឆ្នាំ មក​ពីខេត្ត​ដាណាំង​។ មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ព្យាបាល​ជា​ពិសេស​នេះ គឺដោយសារ​ទឹក​ចិត្ត​របស់​អ្នក​ម្ដាយ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​វេជ្ជបណ្ឌិត​។ 

យោង​តាម​ក្រុម​អ្នកជំនាញ បច្ចេក​ទេស​ព្យាបាល​ជំងឺ​បេះដូង​របស់​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ដូច​ករណី​នេះ​ គឺ​ទើបតែត្រូវ​បាន​អភិវឌ្ឍ​​ក្នុង​រង្វង់​ 5 ឆ្នាំ​មក​នេះ​តែប៉ុណ្ណោះ​។ លើ​ពិភពលោក​ មាន​តែ​ប្រទេស​តិច​តួច​ប៉ុណ្ណោះ​ដែល​ធ្វើ​បាន​ជោគ​ជ័យ ក្នុង​នោះ​មាន​ប្រេស៊ីល និង​ប៉ូឡូញ​ជា​ដើម​៕

Advertisement