អ្នក​វិទ្យាសាស្ត្រ​ប្រើ​ប្រាស់​បញ្ញាសិប្បនិម្មិត (AI) ដើម្បី​អភិវឌ្ឍ​ថ្នាំ​ព្យាបាល​ទឹក​នោមផ្អែម

ដោយមាន​ជំនួយ​ពី​បញ្ហាសិប្បនិម្មិត​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន​បានបង្កើត​ឱសថ​​បញ្ចុះ​ទម្ងន់​ថ្មី​មួយ​ប្រភេទ។ ថ្នាំ​នេះ​ក៏​អាច​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ពីរ​ផងដែរ​។

យោង​តាម​សារព័ត៌មាន​ SCMP ឱសថ​ថ្មី​ដែល​​ត្រូវ​បាន​ស្រាវជ្រាវ​ អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ឱសថ MindRank ដោយ​មាន​ជំនួយ​ពី​បច្ចេក​វិទ្យា​បញ្ញាសិប្បនិម្មិត​ (AI) នេះ បាន​ឈាន​ដល់​ការ​​ពិសោធន៍​​លើ​មនុស្ស​ដំណាក់​កាល​ទីពីរ​។ ក្រុម​ហ៊ុន​ខាងលើ​ឱ្យ​ដឹង​ថា ឱសថ​នេះ​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទី​ផ្សារ​លឿន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ថ្នាំ​ធម្មតា​។

ត្រូវ​បាន​ដាក់​ឈ្មោះ​ថា MDR-001 ឱសថ​នេះ​ដំណើរ​ការ​តាម​រយៈ​ការ​តភ្ជាប់​ peptide-1 ដូច​ glucaon (GLP-1-R) ដែល​ជួយ​ឱ្យ​វា​ជំរុញ​ការ​បញ្ចេញ​អាំងស៊ុយលីនពី​លំពែង​ ដើម្បី​កាត់​បន្ថយ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​បញ្ចុះទម្ងន់​រាង​កាយ​។

MDR-001 ទទួល​បាន​ជោគ​ជ័យក្នុង​ការ​​ពិសោធ​​លើ​មនុស្ស​ដំណាក់​កាល​ដំបូង​ ហើយ​កាល​ពី​ដើម​ខែ​កញ្ញា 2023 ក្រុម​ស្រាវ​ជ្រាវ​បាន​ប្រើ​ប្រាស់​ថ្នាំ​នេះ​ក្នុងការ​ពិសោធ​ដំណាក់​កាលទីពីរ​។

MDR-001 គឺជា​ឱសថ​ដំបូងរបស់​ក្រុម​ហ៊ុន​ចិន MindRank ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​មាន​ជំនួយ​ពី​ AI។ ការ​ប្រើប្រាស់ AI កំពុង​តែ​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃការ​អភិវឌ្ឍ កាត់​បន្ថយ​ការ​ចំណាយ​ ប៉ុន្តែ​នៅ​តែ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​៕

Advertisement