ឡាវ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​អុតស្វា (Monkeypox) ដំបូង​បង្អស់

ក្រសួង​សុខាភិបាល​ឡាវ​ស្នើ​ឱ្យ​មន្ទីរ​ពេទ្យ​នៅ​តាម​បណ្ដា​ខេត្ត​ ស្រុក និង​មណ្ឌល​សុខភាព​​ទាំង​អស់​ បូក​រួម​ទាំង​បន្ទប់​ពិគ្រោះ​ជំងឺ​ឯកជន​ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​ជំងឺ​ដែល​មាន​អាការក្ដៅ​ខ្លួន និង​ចេញ​កន្ទួល​រមាស់​។

យោង​តាម​បណ្ដាញ​សារព័ត៌មាន​ក្នុ​ងស្រុក នា​ថ្ងៃ​ទី 19 កញ្ញា​នេះ ក្រសួង​សុខាភិបាល​ឡាវ​​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ ​ស្នើ​ឱ្យ​ប្រជាជន​គ្រប់​រូប​តាម​ដាន និង​ទប់​ស្កាត់​ ប្រឆាំង​ជំងឺ​អុត​ស្វា (Mpox-Monkeypox)។ សេចក្ដី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​បាន​រកឃើញ​អ្នក​កើត​​ជំងឺ​អុត​ស្វា​ម្នាក់​ដែល​ជា​ករណី «នាំចូល»។

ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺអុតស្វា​នេះ ក្រសួង​សុខាភិបាល​ឡាវ​បាន​ស្នើ​ឱ្យ​មន្ទីរ​សុខាភិបាល​តាម​តំបន់នៅ​ទូទាំង​ប្រទេស​ បង្កើន​ការ​តាម​ដាន​ ទប់​ស្កាត់ និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​មួយ​នេះ​ ដោយ​ផ្ដោត​ទៅ​លើ​ពលរដ្ឋ​ដែល​ចូល​មក​ប្រទេស​ឡាវ​ ជា​ពិសេស​ ចំពោះ​តំបន់​ដែល​មាន​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​ជិត​ខាង​ដែល​កំពុង​មាន​ជំងឺ​នេះ​។

ក្រសួង​សុខាភិបាល​ឡាវ​ស្នើ​ឱ្យ​​មន្ទីរ​ពេទ្យ​នៅ​តាម​បណ្ដា​ខេត្ត​ ស្រុក និង​មណ្ឌល​សុខាភិបាល​ទាំង​អស់​ បូក​រួម​ទាំង​បន្ទប់​ពិគ្រោះ​ជំងឺ​ឯកជន​ផង បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​ជំងឺ​ដែល​មាន​អាការក្ដៅ​ខ្លួន និង​ចេញ​កន្ទួល​រមាស់​។ បើ​សិន​រក​ឃើញ​ករណីសង្ស័យថា​ឆ្លង​ជំងឺ​នេះ គឺ​ត្រូវ​រាយការណ៍​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ​​ជា​បន្ទាន់​។

អុតស្វា​គឺជា​ជំងឺ​ឆ្លង​ដែល​បង្ហាញ​វត្តមាន​ជា​យូរ​មក​ហើយ​នៅ​តំបន់​អាហ្វ្រិក ប៉ុន្តែ​ក្នុង​ឆ្នាំ​ 2022 ករណី​ឆ្លង​ជំងឺ​នេះ​នៅ​តំបន់​អឺរ៉ុប​បាន​កើន​ឡើង​ខ្ពស់​ខ្លាំង​ នាំ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​អាសន្ន​កាលពី​ខែ​កក្កដា 2022​។ ជំងឺ​នេះ​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ពាល់​អ្នក​ជំងឺ​។

អាការ​របស់​ជំងឺអុត​ស្វា រួម​មាន ក្ដៅ​ខ្លួន​ខ្លាំង​ ឈឺ​សាច់​ដុំ ឡើង​កូន​កណ្ដុរ និង​ចេញ​​ពង​កន្ទួលជា​ដើម​។ តាម​ធម្មតា ជំងឺ​នេះ​អាច​អូស​បន្លាយ​ពេល​ពី 2 ទៅ 4 សប្ដាហ៍​ ខណៈ​ដែល​អាការ​ជំងឺ​តែង​បង្ហាញ​​ខ្លួន​នៅពេល​រាង​កាយ​ឆ្លង​វីរុស​បាន​​ពី​ 5 ដល់ 21 ថ្ងៃ​៕

Advertisement