នាឡិកា​ឆ្លាតវៃ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ជាង​ស្មាត​ហ្វូន​ទៅ​ទៀត​

នាឡិកា​ឆ្លាត​វៃ​គឺជា​ឧបករណ៍មាន​ប្រយោជន៍​សម្រាប់​សកម្មភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​គ្រប់​គ្នា​ដែល​ពាក់​វា​ជាប់​នឹង​ដៃ​រាល់​ថ្ងៃ​ប្រហែល​មិន​បាន​ដឹង​ទេថា ឧបករណ៍​នេះ​មាន​ផ្ទុក​ការ​ពិត​មួយ​ដ៏​គួរ​ឱ្យ​ខ្លាច​។

នៅពេល​ទូរស័ព្ទ​ឆ្លាត​វៃ​បាន​ក្លាយ​ជា​របស់​ពេញ​និយម​ក្នុង​ទសវត្សរ៍​កន្លង ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បញ្ជាក់​ថា របស់​ដែល​យើង​ចូល​ចិត្ត​កាន់​រាល់​ថ្ងៃ​នេះ​គឺ​មិន​ស្អាត​សោះ​ឡើយ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ​ Arizona បង្ហាញ​ថា ស្មាតហ្វូន​អាច​កខ្វក់​​ជាង​ដប​ដង​បើធៀប​នឹង​បង្គន់​។

ក៏ប៉ុន្តែ​ច្រើន​ឆ្នាំ​ក្រោយ​មក មាន​ឧបករណ៍​ឆ្លាត​វៃ​មួយ​ទៀត​ដែល​អ្នក​ស្រាវ​ជ្រាវ​បាន​រកឃើញ​ថា​ កខ្វក់​​ជាង​ទូរស័ព្ទ​ឆ្លាត​វៃ​ទៅ​ទៀត​ នោះ​គឺ​នាឡិកា​ឆ្លាត​វៃ​ និង​ខ្សែ​ដៃឆ្លាតវៃ​សម្រាប់ការ​ហាត់​ប្រាណ​។

ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​មក​ពី​មហា​វិទ្យា​ល័យ​​វិទ្យា​សាស្ត្រ​ Charles E. Schmidt នៃ​សាកល​វិទ្យា​ល័យ​ Florida Atlantic បាន​សិក្សា​ស្វែង​យល់​ទៅ​លើ​ខ្សែ​ពាក់​ដៃ​ច្រើន​ប្រភេទ​ ហើយ​បាន​រកឃើញ​ថា ជិត 95% ក្នុង​ចំណោម​ឧបករណ៍​ទាំង​នេះ​មាន​មេរោគ​ច្រើន​ប្រភេទ​។

ក្នុង​ចំណោម​នោះ វត្ថុពាក់​ជាប់​នឹង​ដៃ​ដែល​ផលិត​ពី​ជ័រ​កៅស៊ូត្រូវ​បាន​រក​ឃើញ​ថា មាន​បរិមាណ​បាក់តេរី​ខ្ពស់​ជាង​គេ​បំផុត​ ស្រប​ពេល​ដែល​ខ្សែ​ពាក់​ដៃ​ដែល​ធ្វើ​ពី​លោហធាតុ​ដូច​ជា​មាស និង​ប្រាក់​ជា​ដើម​ មាន​មេរោគ​តិច​ជាង​គេ​បំផុត​។

លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​ទស្សនាវដ្ដី Advances in Infectious Diseases ក៏​បាន​បញ្ជាក់​ថា បរិមាណ​តិច ឬ​​ច្រើន​នៃ​មេរោគ​ដែល​ជាប់​លើ​ឧបករណ៍​ទាំងឡាយខាង​លើ​ គឺ​អាស្រ័យ​លើ​ភេទ​ និង​មុខ​របរ​របស់​អ្នក​ប្រើ​ប្រាស់​។ ក៏​ប៉ុន្តែ ប្រការ​សំខាន់​ជាង​នេះ​គឺ​ប្រភេទ​ខ្សែ​​របស់​ឧបករណ៍​ដែល​ត្រូវ​បាន​ប្រើប្រាស់​ មាន​ដូច​ជា​ខ្សែ​ធ្វើ​ពី​ជ័រ​កៅស៊ូ ស្បែក មាស និង​ប្រាក់​ជា​ដើម​។

ក្រុម​ស្រាវ​ជ្រាវ​រក​ឃើញ​ថា Staphylococci, Pseudomonas និង Enterobacteriaceae គឺ​ជា​មេរោគ​ដែល​មាន​ច្រើន​បំផុត​លើ​ខ្សែ​ពាក់​លើ​ដៃ​។ Staphylococci បង្ក​ឱ្យ​មាន​ជំងឺលើ​ស្បែក រលាក​សួត រលាក​បេះដូង រលាក​ខួរ​​ឆ្អឹង នៅ​ពេល​វា​ចូល​​ដល់​​ក្នុង​ឈាម​។ ​Pseudomonas​ ក៏​​អាច​ធ្វើ​ឱ្យ​រលាក​សួត​ ឬ​អវយវៈ​ដទៃ​បន្ទាប់​ពី​ការ​វះកាត់​។ ចំណែកបាក់តេរី Enterobacteriaceae វិញ អាច​បង្ក​ឱ្យ​មាន​ជំងឺ​រាករូស៕

Advertisement