មន្ទីរ​ពេទ្យ​មួយ​នៅ​វៀតណាមវះកាត់​ខួរក្បាល​ដោយ​​ប្រើ​​រ៉ូបូត​ AI​៖ អ្នក​ជំងឺ​ច្រៀង​ក្នុង​ពេល​វះកាត់

អ្នក​ជំងឺ​វ័យ 58 ឆ្នាំម្នាក់ត្រូវ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ជាង​ 24 ម៉ោង​ និង​មាន​អាការៈភ្លេចភ្លាំង​ស្មារតី​ មិន​អាច​កម្រើក​បាន​ ដូច្នេះ បើ​សិន​វះកាត់​តាម​ធម្មតា​ នឹង​មាន​ហានិភ័យ​កើត​ជំងឺ​ស្លាប់​អវយវៈ​ណា​មួយ​ ប៉ុន្តែ​បើ​វះកាត់​យក​កំណក​ឈាម​ក្នុង​ខួរ​ក្បាល​ដោយ​មិន​ចាក់​ថ្នាំ​សន្លប់​ និងប្រើ​ប្រាស់​បច្ចេក​វិទ្យា​​រ៉ូបូត​ AI (បញ្ញាសិប្បនិម្មិត) អ្នក​ជំងឺ​អាច​ «ច្រៀង​» ជា​មួយ​ក្រុមវេជ្ជបណ្ឌិត​បាន​ក្នុង​គ្រា​កំពុង​វះកាត់​។

កាលពី​ថ្ងៃ​ទី 10 សីហា អ្នក​ជំងឺ​ខាងលើ​ (នៅ​ក្រុង​ព្រៃនគរ) ត្រូវ​បាន​គ្រួសារ​នាំ​​មក​កាន់​មន្ទីរ​ពេទ្យ​ពហុព្យាបាលតាមអាញ់​ទីក្រុង​ហូជីមិញ (Tam Anh Hospital) ក្នុង​ស្ថានភាព​រង្វេងរង្វាន់ ដៃជើង​កម្រើន​ស្ទើរ​មិន​​បាន​។ លទ្ធផល​នៃ​ការ​ថត MRI 3 Tesla បញ្ជាក់​ថា អ្នក​ជំងឺ​នេះ​មាន​ដុំ​ឈាម​កក​ក្នុង​ខួរ​ក្បាល​ទំហំ 4 សង់ទីម៉ែត្រ​។ បើ​មិន​វះកាត់​បន្ទាន់​ អ្នក​ជំងឺ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ស្លាប់​មួយ​ចំហៀង​ខ្លួន​ ពិបាក​ក្នុង​ការ​និយាយ​ ស្រវាំង​ភ្នែក ឬ​អាច​បាត់​បង់​ជីវិត​។

ក្រុម​វេជ្ជបណ្ឌិត​បាន​ជ្រើស​យក​វិធី​វះកាត់​ខួរក្បាល​បែប​ថ្មី​ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​នៅ​ដឹង​ខ្លួន​ ដោយ​ចាក់តែ​ថ្នាំ​ស្ពឹក​ និង​ប្រើ​ប្រាស់​រ៉ូបូត AI Modus V Synaptive រួម​នឹង​​ប្រព័ន្ធ​កំណត់​ទិស Neuro-Navigation AI ជំនាន់​ថ្មី​បំផុត​។

ការ​វះកាត់​បែប​ថ្មី​នេះ​នឹង​ជួយ​ឱ្យ​អ្នក​ជំងឺ​គេច​ផុត​ពី​គ្រោះ​ថ្នាក់​បាន​លឿន​ ការ​វាយតម្លៃ​លើ​ប្រសិទ្ធភាព​នៃ​ការ​វះកាត់​មាន​ភាព​រលូន​ ដោយ​សារ​តែ​អ្នក​ជំងឺ​អាច​កម្រើក​ និង​​ឆ្លើយ​ឆ្លង​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​។ ក៏ប៉ុន្តែ វិធី​វះកាត់​ថ្មី​នេះ​មាន​ភាព​ស្មុគ​ស្មាញ​ច្រើន​ និង​គ្រោះ​ថ្នាក់​ជាង ​ធៀប​នឹង​ការ​វះកាត់​ដោយ​ចាក់​ថ្នាំ​សន្លប់​។ ក៏ប៉ុន្តែ បើ​ចាក់​ថ្នាំ​សន្លប់ វេជ្ជបណ្ឌិត​នឹង​មិន​អាច​វាយ​តម្លៃ​ផ្ទាល់​ដោយ​ការ​​សួរ​អ្នក​ជំងឺ​ក្នុង​ពេល​វះកាត់​។

ក្នុង​ពេល​វះកាត់ វេជ្ជបណ្ឌិត​វៀតណាម និយាយ​ជាមួយ​អ្នក​ជំងឺ​ថា «ខ្ញុំ​កំពុង​យក​កំណក​ឈាមចេញ​ពី​​ខួរ​ក្បាល​ លោក​មាន​អារម្មណ៍​ស្រួល​ខ្លួន​ជាង​មុន​ទេ?»។ អ្នក​ជំងឺ​ឆ្លើយថា​ «ធូរ​ស្រាល​ជាង​មុន​ឆ្ងាយ​ណាស់​ អរគុណ​គ្រូពេទ្យ»។

ក្រុម​វេជ្ជបណ្ឌិត​សួរនាំ និងស្នើ​ឱ្យ​អ្នក​ជំងឺ​លើក​ដៃ​ជើង​ជា​បន្ត​បន្ទាប់​ ដើម្បី​ប្រាកដ​ថា សរសៃ​ប្រសាទ​នានា​ត្រូវ​បាន​ការ​ពារ​ក្នុង​កម្រិត​ខ្ពស់​បំផុត​។

ដោយ​សារ​ការ​ត្រេកអរ​ខ្លាំង​បន្ទាប់​ពី​កំណក​ឈាម​ត្រូវ​បាន​យក​ចេញ​ពី​ខួរ​ក្បាល និង​មាន​អារម្មណ៍​ធូរ​ស្រាល​ ទាំង​វេជ្ជបណ្ឌិត ទាំង​អ្នក​ជំងឺ ​នាំ​គ្នា​ច្រៀង​រអ៊ូៗ​ គ្រា​ដែល​ក្រុម​ជំនួយ​ការ​បន្ត​ដាក់​ភ្ជាប់​លលាដ៍​ក្បាល និង​ដេរ​ស្បែក​ក្បាល​​។

ក្រោយ​រយៈ​ពេល​ជាង 30 នាទី​នៃ​ការ​វះកាត់​ ក្រុម​វេជ្ជបណ្ឌិត​ដ៏​នាំ​គ្នា​ហ៊ោ​ក្នុង​ភាព​ត្រេក​អរ​ នៅ​ពេលប្រធាន​ក្រុម​​វេជ្ជបណ្ឌិត​​ប្រកាស​ថា «ការ​វះកាត់​បាន​ទទួល​ជោគ​ជ័យ អបអរ​សាទរ​លោក​ហៃ និង​អរគុណ​គ្រប់​គ្នា»។

30 នាទី​បន្ទាប់​មក​ទៀត អ្នក​ជំងឺ​ក៏​បាន​ជួប​សាច់​ញាតិ និង​ហៅ​ទូរស័ព្ទ​ទៅ​កាន់​អ្នក​ផ្ទះ​។ កន្លះ​ថ្ងៃ​ក្រោយ​មក លទ្ធផល​នៃ​ការ​ថត​ CT 768 បង្ហាញ​ថា លែង​មាន​កំណក​ឈាម​ក្នុង​ខួរ​ក្បាល​ ហើយ​អ្នក​ជំងឺ​ក៏​មាន​សភាព​ដូច​ធម្មតា​ទាំង​ស្រុង​៕

ប្រព័ន្ធ​​រ៉ូបូត AI Modus V Synaptive ដែល​មាន​តែ​មួយ​គត់​នៅ​ប្រទេស​វៀតណាម
Advertisement