សូម​ប្រយ័ត្ន​ពេល​ទិញ​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ផ្ដាសាយ-ក្អក​ឱ្យ​កូន​លេប

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​អំពី​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ជំងឺ​ផ្ដាសាយ Cold Out ដែល​កំពុង​ត្រូវបាន​​ដាក់លក់​ក្នុង​ទីផ្សារ ពិសេស​គឺ​នៅ​ប្រទេស​អ៊ីរ៉ាក់ ដោយសារ​មាន​ផ្ទុក​ជាតិពុល​ក្នុង​កម្រិត​ខ្ពស់។

កាលពី​ថ្ងៃទី 07 សីហា WHO បានឱ្យដឹងថា ថ្នាំ​ស៊ី​រ៉ូ​ក្អក​​កំពុង​ដាក់លក់​នៅ​អ៊ីរ៉ាក់ ដែល​បន្ទប់ពិសោធន៍  Fourrts នៅ​ប្រទេស​ឥណ្ឌា ផលិត​ឱ្យ​ក្រុមហ៊ុន Dabilife Pharma មាន​ផ្ទុក​សារធាតុពុល​កម្រិត​ខ្ពស់។ ជាក់ស្ដែង ទំនិញ​នេះ​មាន​ផ្ទុក diethylene glycol 0.25% និង ethylene glycol 2.1% ខណៈ​បរិមាណ​សុវត្ថិភាព​ដែល​ត្រូវបាន​អនុញ្ញាត​​សម្រាប់​សារធាតុ​ទាំងពីរ​នេះ​គឺ 0.1%។ WHO បន្ថែមថា អ្នក​ផលិត និង​អ្នក​ចែកចាយ​មិនអាច​ធានា​អំពី​សុវត្ថិភាព និង​គុណភាព​របស់​ផលិតផល។

នេះ​គឺជា​សេចក្ដីប្រកាស​ថ្មី​បំផុត​នៅក្នុង​ការព្រមាន​ជាច្រើន​ដែល​ត្រូវបាន​ស្ថាប័ន​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​លើកឡើង​អំពី​ប្រភេទ​ថ្នាំ​គុណភាព​ទាប​ដែល​នាំ​ចេញពី​ប្រទេស​ឥណ្ឌា និង​ត្រូវបាន​ដាក់លក់​លើ​ពិភព​លោក។ មុន​នោះ មាន​ថ្នាំ​ស៊ី​រ៉ូ​យ៉ាងតិច 5 ប្រភេទ ស្ថិតក្នុង​ការស៊ើបអង្កេត​ ដោយ​មាន​ជាប់ទាក់ទង​នឹង​ក្រុមហ៊ុន​ផលិត​នៅ​ឥណ្ឌា។

Propylene glycol មិន​ពុល ប៉ុន្តែ diethylene glycol (DEG) និង Ethylene glycol (EG) គឺមាន​ពិតជា​គ្រោះ​ថ្នាក់​​ខ្លាំង។ អ្នកស្រាវជ្រាវ​អះអាងថា ពេល​ចូលដល់​ក្នុង​រាងកាយ ពួកវា​នឹងធ្វើ​ឱ្យ​ខ្សោយតម្រងនោម និង​ស្លាប់ បើសិន​មិនបាន​ព្យាបាល​ទាន់ពេល។ បរិមាណ​ដែល​អាច​បង្ក​ឱ្យស្លាប់​គឺ​អាស្រ័យ​លើ​ទម្ងន់​របស់​រាងកាយ។ ក្មេង​តូច​ងាយ​រងគ្រោះ​ជាង​មនុស្ស​ធំ៕

Advertisement