អាយុ 99 ឆ្នាំ តែ​សុខភាព​មាំមួន​ដូច​អាយុ 40 ដោយ​សារ​តែ​ខ្ញី

វេជ្ជបណ្ឌិតផ្នែកឱសថបុរាណ លោកតា Lu Zhizheng

(ប្រទេស​ចិន) – ដោយសារតែ​ទម្លាប់​ទទួលទាន​ខ្ញី​ត្រាំ​ទឹកខ្មេះ​បី​ចំណិត​ជា​រៀងរាល់ថ្ងៃ វេជ្ជបណ្ឌិត Lu Zhizheng មាន​សុខភាព​មាំមួន​ដូច​ទៅនឹង​បុរស​វ័យ​កណ្ដាល បើ​ទោះ​គាត់​មាន​អាយុ 99 ឆ្នាំ​ហើយក៏​ដោយ។

ក្នុង​វ័យ​ជិត 100 ទៅហើយ ប៉ុន្តែ​វេជ្ជបណ្ឌិត​ផ្នែក​ឱសថ​បុរាណ Lu Zhizheng នៅមាន​រាងកាយ​មាំមួន សុខភាព​ល្អ ការចងចាំ​ល្អ​ជាង​មនុស្ស​ចាប់ពី​វ័យ 60 ទៅ 70 ឆ្នាំ​ទៅទៀត។ នៅពេល​ត្រូវបាន​សួរ​អំពី​អាថ៌កំបាំង​ដែល​បាន​ជួយ​ឱ្យ​គាត់​មាន​សុខ​ភាពល្អ​បែបនេះ វេជ្ជបណ្ឌិត Lu ប្រាប់ថា ដោយសារតែ​គ្រឿងទេស​​ពីរ​ប្រភេទ​ដែលមាន​តម្លៃ​ទាប និង​តែង​ត្រូវបាន​ប្រើប្រាស់​ក្នុង​គ្រួសារ នោះ​គឺ​ខ្ញី និង​ទឹកខ្មេះ។

វេជ្ជបណ្ឌិត Lu ឱ្យដឹងថា ក្នុង​រយៈពេល​ប្រហែល​ពី 20 ទៅ 30 ឆ្នាំកន្លង គាត់​តែងតែ​បរិភោគ​ខ្ញី​ត្រាំ​ទឹកខ្មេះ​ចំនួន​បី​ចំណិត​ជា​រៀងរាល់​ព្រឹក។ គាត់​ប្រាប់ថា វិធី​នេះ​ជួយ​កាត់បន្ថយ​អាការ​ទល់ខ្យល់ ពិបាក​រំលាយ​អាហារ​ចំពោះ​មនុស្ស​ដែលមាន​ការងារ​មមាញឹក និង​មាន​របប​អាហារ​មិន​ត្រឹមត្រូវ។ ក្រៅពីនេះ ខ្ញី​ក៏​ជួយ​កម្ដៅ​ក្រពះ និង​កាត់បន្ថយ​បញ្ហា​ផ្ដាសាយ​ផងដែរ។

ដើម្បី​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ខ្ញី​ត្រាំ​ទឹកខ្មេះ លោក Lu ក៏បាន​ប្រកាស​បង្ហាញ​ល​ទ្ធ​ផល​នៃ​ការពិនិត្យ​សុខ​ភាពជា​ទៀត​ទាត់​របស់គាត់។ លទ្ធផល​បង្ហាញថា សរសៃឈាម​របស់គាត់​ល្អ ប្រហាក់ប្រហែល​នឹង​មនុស្ស​វ័យ​កណ្ដាល។ រាងកាយ​អាយុ 90 ឆ្នាំ ប៉ុន្តែ​បេះដូង​នៅក្នុង​វ័យ 40 ឆ្នាំ។

វិធី​ធ្វើ​ខ្ញី​ត្រាំ​ទឹកខ្មេះ​របស់​វេជ្ជបណ្ឌិត Lu មាន​ដូចតទៅ៖ យក​ខ្ញី​​ខ្ចី លាង​ឱ្យ​ស្អាត ទុកឱ្យ​ស្ងួត ចិត​ជា​ចំណិត រួច​រោយ​អំបិល​បន្តិច ហើយ​ផ្អាប់​ទុក 12 ម៉ោង។ បន្ទាប់មក យក​ចំណិត​ខ្ញី​ទាំងនេះ​ទៅក្នុង​ក្រឡ ចាក់ទឹក​ខ្មេះ​ពីលើ​បន្តិច រួច​គ្រប​ឱ្យ​ជិត ទុក​ពី 4 ទៅ 5 ថ្ងៃ មុនពេល​បរិភោគ។ គាត់​ថា ល្អ​បំផុត​គឺ​ប្រើប្រាស់​ទឹកខ្មេះ​ធ្វើ​ពី​អង្ករ និង​លាយ​ជាមួយ​ទឹក នៅក្នុង​ការ​ត្រាំ​ខ្ញី​នេះ។

ការទទួល​ទាន​ខ្ញី​ត្រាំ​ទឹកខ្មេះ​ ឬ​ហៅ​ថា​ខ្ញី​ជ្រក់​ទឹក​ខ្មេះ​ ក៏​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ជួយ​ព្យាបាល​ជំងឺ​លើស​ខ្លាញ់​អាក្រក់​ទៀតផង៕

Advertisement