ដំណេក​ពេល​ថ្ងៃត្រង់​ជួយ​ឱ្យ​ខួរ​ក្បាលមាន​សុខភាព​ល្អ និង​ក្មេង​ជាង​វ័យ​

យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ ការ​ដេក​នៅពេល​ថ្ងៃត្រង់​នឹង​ជួយ​ឱ្យ​ខួរក្បាល​រីកចម្រើន សុខភាព​ល្អ ហើយ​មនុស្ស​មាន​កម្លាំង​ដូច​នៅ​ក្មេង​ជាង​វ័យ​ពី 3 ទៅ 7 ឆ្នាំ។

ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ College London (ចក្រភព​អង់គ្លេស) និង សាកលវិទ្យាល័យ​សាធារណរដ្ឋ នៃ​ប្រទេស​អ៊ុយ​រូ​ហ្គា​យ ថ្មីៗនេះ​បានបញ្ចប់​ការវិភាគ​ទិន្នន័យ​ដែល​បាន​​ពី​មនុស្ស 35,080 នាក់​ដែល​បាន​ចូលរួម​នៅឯ​ធនាគារ​ជីវសាស្ត្រ​របស់​អង់គ្លេស។

លទ្ធផល​នៃ​ការ​វិភាគ​ទិន្នន័យ​ខាង​លើ​ បាន​នាំ​ទៅ​រក​ការ​​​សន្និដ្ឋានថា ដំណេក​នៅពេល​ថ្ងៃត្រង់​គឺជា​គន្លឹះ​ដើម្បី​រក្សា​ទម្ងន់​របស់​ខួរក្បាល នៅពេល​ចាស់។ វា​នឹង​ជួយ​ឱ្យ​ខួរក្បាល​រីកចម្រើន សុខភាព​ល្អ ហើយ​មនុស្ស​មាន​កម្លាំង​ដូច​នៅ​ក្មេង​ជាង​វ័យ​ពី 3 ទៅ 7 ឆ្នាំ។

ទោះជា​យ៉ាងណាក៏ដោយ សាស្ត្រាចារ្យ Simon Smith អ្នកជំនាញ​ខាង​ដំណេក និង​សុខភាព​របស់​សាកលវិទ្យាល័យ Queensland (អូស្ត្រាលី) បានឱ្យដឹងថា លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​មិនមែន​មានន័យថា ដំណេក​រយៈពេល​ខ្លី​នៅ​ថ្ងៃត្រង់ ​សុទ្ធ​តែមាន​ប្រយោជន៍​​ពេញ​លេញ​ដូច​បាន​រៀបរាប់​ខាងលើ​នោះឡើយ។

សាស្ត្រាចារ្យ Simon Smith បញ្ជាក់​ថា បញ្ហា «ស្វិ​ត​ខួរក្បាល​នៅតែ​អាច​កើតឡើង​ទៅតាម​ស្ថានភាព​សុខភាព​ជាក់ស្ដែង មានដូចជា មនុស្ស​ញៀន​នឹង​ស្រា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ភ្លេចភ្លាំង​ (Alzheimer) ក៏ដូចជា​ការ​ចាស់​ទៅតាម​អាយុ​ជាដើម៕

Advertisement