សត្វត្រសក់សមុទ្រជួយ​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែមកម្រិត​ពីរ​ និង​ផលវិបាក​របស់​ជំងឺ​នេះ

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​អូស្ត្រាលី សត្វ​ត្រសក់​សមុទ្រ​ (sea cucumber) ដែល​មាន​ឈ្មោះ​​បច្ចេក​ទេស​ថា Holothuroidea មាន​ផ្ទុក​សារជាតិ​ដែល​ជួយ​ពន្យារ​ការ​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ពីរ និង​កាត់​បន្ថយ​ផល​វិបាក​នានា​របស់​ជំងឺ​ទឹក​នោម​ផ្អែម​។

ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក​ធ្លាប់​បាន​បញ្ជាក់​ថា សត្វ​សមុទ្រ​ខាង​លើ​នេះ​អាច​ធ្វើ​ឱ្យ​ឈាម​រាវ បញ្ចុះ​សម្ពាធ​ឈាម​ និង​អាច​ទប់​ទល់​នឹង​បញ្ហា​រលាក ប្រឆាំង​អុកស៊ីតកម្ម​ ប្រឆាំង​ជំងឺ​មហា​រីក និង​ព្យាបាល​របួស​។ ពេល​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​អូស្ត្រាលី​ខាង​ត្បូង​ បាន​រក​ឃើញ​ថា សារ​ជាតិ​នានា​នៅ​ក្នុង​សត្វ​ត្រសក់​សមុទ្រ​ ក៏​មាន​សមត្ថភាព​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ពីរ​​ផងដែរ​។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាងលើ​យក​សត្វ​ត្រសក់​សមុទ្រ​ប្រភេទ Holothuria scabra ទៅ​​​ស្ងោរ​ឱ្យ​ឆ្អិន​​ រួច​​កែច្នៃ​ទៅ​តាមវិធី​ផ្សេង​ៗ​ រួម​មាន​ ប្រឡាក់​អំបិល​រួច​ហាល​ថ្ងៃ, ហាល​ថ្ងៃ​មិន​បាច់​​ប្រឡាក់​អំបិល និង​ហាល​ថ្ងៃ​រួច​​ឆ្អើរ​។ បន្ទាប់​មក ពួក​គេ​យក​អាហារ​កែច្នៃ​ទាំង​នេះ​ទៅ​កិន​ជា​ម្សៅ​។ អ្នកវិទ្យា​សាស្ត្រ​ចម្រាញ់​យក​ខូឡាជែន (collagen) ពី​សត្វ​ត្រសក់​សមុទ្រ រួច​បន្ថែម​ទៅ​លើ​អាហារ​កែច្នៃ​ទាំង​នេះ​។

សត្វត្រសក់សមុទ្រ (sea cucumber) ដែលមានឈ្មោះបច្ចេកទេសថា Holothuroidea

ជា​លទ្ធផល ត្រសក់សមុទ្រ​ប្រឡាក់​អំបិល​និង​ហាល​ស្ងួត​ (ងៀត) មាន​សមត្ថភាពខ្ពស់​ជាង​គេ​ក្នុង​ការ​ទប់​ស្កាត់​ការ​ផលិត​ AGE នៅ​ក្នុង​រាង​កាយ​របស់​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។ AGE គឺជា​ផលិត​ផល​ស្ករ​ចុង​ក្រោយ (ស្ករ​អាក្រក់) ​បន្ទាប់​ពីប្រូតេអ៊ី​ន និង/ឬ​ជាតិ​ខ្លាញ់​រួម​ផ្សំ​ជាមួយ​ជាតិ​ស្ករ​ក្នុង​ឈាម​​នៅ​ក្នុង​ដំណើរ​ការ​មួយ​ដែល​ហៅ​ថា glycation​៕

Advertisement