បី​ទម្លាប់​ជួយ​ឱ្យ​នាយករដ្ឋមន្ត្រី​អង់គ្លេស​មាន​រាងកាយ​មាំមួន​ក្នុង​វ័យ U50

ដើម្បី​បាន​រាងកាយ​មាំមួន​ក្នុង​មជ្ឈិមវ័យ លោក Sunak ដែលជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដើមកំណើត​ឥណ្ឌា តែង​បោះបង់​អាហារយូរៗម្ដង និង​បោះបង់​ទម្លាប់​ពិសា​ភេសជ្ជៈ​ផ្អែម។ល។

កាលពី​ចុងខែ​ឧសភា នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak រួម​នឹង​អត្ត​ព​លិ​កជាង 100 នាក់​បាន​ចូលរួម​ព្រឹត្តិការណ៍​រត់ប្រណាំង​ដែល​ត្រូវបាន​ធ្វើឡើង​នៅ Northallerton ក្នុង​តំបន់ North Yorkshire។ ក្នុង​វ័យ 43 ឆ្នាំ លោក​រត់​បាន​ចម្ងាយ 10 គីឡូម៉ែត្រ ក្នុង​រយៈពេល 47 នាទី​និង 41 វិនាទី។ ក្នុង​វ័យ​កណ្ដាល​នេះ លោក Sunak នៅតែ​រក្សាបាន​រាង​កាយ​​មាំមួន និង​សុខ​ភាពល្អ ដោយសារតែ «ទម្លាប់​បីយ៉ាង» ខាងក្រោម។

ទី​មួយ​៖ បោះបង់​ការ​ញៀន​នឹង​ភេសជ្ជៈ​កំប៉ុង

កាលពី​ឆ្នាំ 2019 លោក Sunak ធ្លាប់បាន​សារភាពថា លោក​ជា​មនុ​ស្សញៀន​នឹង​ភេសជ្ជៈ​កំប៉ុង។ ទម្លាប់​នេះ​បានធ្វើឱ្យ​លោក​មាន​បញ្ហា​ធ្មេញ និង​ត្រូវដាក់​ការកំណត់​ពិសា​តែមួយ​កំប៉ុង/សប្ដាហ៍។ អ្នកវិទ្យាសាស្ត្រ​ថា ភេសជ្ជៈ​ផ្អែម​មួយ​កំប៉ុង​មាន​ផ្ទុក​ថាមពល​ប្រហែល 139 កាឡូរី រួម​នឹង​ស្ករ 35 ក្រាម។ ជាតិ​ស្ករ​នេះ​ស្មើនឹង​ស្ករ​ឆុង​កាហ្វេ​ចំនួន 22 កញ្ចប់​តូច។ ដូច្នេះ ការ​ពិសា​ភេសជ្ជៈ​ផ្អែម​ក្នុង​រយៈពេល​យូរ​នឹងធ្វើ​ឱ្យ​ឡើង​ទម្ងន់ ធាត់​ជ្រុល ឬ​អាច​លើស​ជាតិ​ស្ករ។ ការបោះបង់​ទម្លាប់​នេះ​នឹង​ជួយ​ឱ្យ​ជៀស​ផុតពី​ជំងឺ​ទឹកនោមផ្អែម លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម។

ទីពីរ៖ តម​អាហារ​បណ្ដោះអាសន្ន

យោងតាម​ប្រភព​ជិតស្និទ្ធ នាយករដ្ឋមន្ត្រី Sunak តែងតែ​បោះបង់​អាហារ​មួយ ឬ​ពីរ​ពេល​ជា​រៀងរាល់​សប្ដាហ៍។ ប្រការនេះ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព ព្រោះ​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​រាងកាយ​រំលាយ​អាហារ និង​ស្រូបយក​ជីវជាតិ​ក្នុង​អាហារ និង​កាត់បន្ថយ​​ជាតិ​ស្ករ។

ទី​បី៖ ហាត់ប្រាណ

«ខ្ញុំ​ពិនិត្យមើល​ព័ត៌មាន ដំណឹង​ក្នុង​ទូរស័ព្ទ រួចហើយ​ខ្ញុំ​នឹង​រត់​លើ​ម៉ាស៊ីន ជិះ​កង់ ឬ​ចូលរួម​ថ្នាក់​លំហាត់ប្រាណ» លោក Sunak ធ្លាប់​ឱ្យដឹង​ដូច្នេះ។

នាយករដ្ឋមន្ត្រី​អង់គ្លេស​ព្យាយាម​ហាត់ប្រាណ​ប្រើ​កម្លាំង​ខ្លាំង (HIIT) មួយដង និង​រត់​មួយដង​ក្នុង​មួយ​សប្ដាហ៍។ យោងតាម​អ្នកជំនាញ ការរត់​ជា​ញឹកញាប់​នឹង​ជួយ​ដល់​សុខភាព​បេះដូង និង​សរសៃឈាម ជួយ​ឱ្យ​សម្ពាធ​ឈាម និង​ខ្លាញ់​អាក្រក់​ស្ថិតក្នុង​បរិមាណ​ល្អ។ ទម្លាប់​នេះ​ក៏​ជួយ​កែលំអ​ប្រព័ន្ធ​ការពារ​រាងកាយ និង​បង្កើន​កម្លាំង​សាច់ដុំ​ផងដែរ៕

 

Advertisement