វៀតណាម​រកឃើញ​ករ​ណី​ឆ្លង «មេរោគ​ស៊ីសាច់​មនុស្ស»

Burkholderia pseudomallei ដែលជាបាក់តេរីបង្កជម្ងឺ Whitmore ឬហៅថា «បាក់តេរីស៊ីសាច់មនុស្ស»

បុរស​វ័យ 66 ឆ្នាំ​ម្នា​ក់នៅ​ខេត្ត​ដាក់​ណុង (Dak Nong) ភាគខាងត្បូង​ប្រទេស​វៀតណាម ដែលមាន​ចម្ងាយ​ប្រហែល 250 គីឡូម៉ែត្រ​ពី​ទីក្រុង​ហូជីមិញ (ព្រៃនគរ) បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ​តែមាន​ដុំ​សាច់​ពក​ធំ​នៅលើ​ក្បាល ហើយ​ត្រូវ​វេជ្ជបណ្ឌិត​រកឃើញថា កើត​ជម្ងឺ Whitmore។

យោងតាម​នាយកដ្ឋាន​សុខាភិបាល​ខេត្ត​ដាក់​ណុង កាល​ពីមួយ​ឆ្នាំមុន អ្នក​ជម្ងឺ​ខាងលើ​មាន​ដុំ​សាច់​នៅលើ​ក្បាល ដែល​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​ជា​ដុំ​ខ្លាញ់។ កាល​ពីមួយ​សប្ដាហ៍​មុននេះ អ្នក​ជម្ងឺ​មាន​អាការ​ឈឺចាប់​ត្រង់​ដុំ​ពក​នោះ ហើយក៏​បាន​ចូល​ពេទ្យ​នៅ​ខេត្ត​ដាក់​ណុង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ VNexpress​ កាល​ពី​ថ្ងៃទី 21 មេសា​។

អ្នក​ជម្ងឺ​ត្រូវបាន​ពិនិត្យឃើញថា​រលាក​លលា​ដ៍​ក្បាល និង​ខ្ទុះ​ក្រោម​ស្បែកក្បាល ហើយក៏​ត្រូវបាន​យក​សំណាក​ទៅធ្វើ​តេស្ត។ ថ្ងៃទី 19 មេសា 2023 លទ្ធផល​នៃ​ការធ្វើ​តេស្ត​បង្ហាញថា វត្ថុ​សំណាក​នេះ​មាន​ផ្ទុក Burkholderia pseudomallei ដែលជា​បាក់តេរី​បង្ក​ជម្ងឺ Whitmore ឬ​ហៅថា «បាក់តេរី​ស៊ីសាច់​មនុស្ស»។

នេះ​គឺជា​មនុស្ស​ដំបូង​នៅ​ខេត្ត​ដាក់​ណុង​ដែល​ត្រូវបាន​រកឃើញថា​មាន​ជម្ងឺ Whitmore ជា​ជម្ងឺ​ដែល​ហាក់​ត្រូវបាន​គេ​ភ្លេច​ទៅហើយ និង​បានបង្ហាញ​វត្តមាន​ឡើងវិញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

បន្ទាប់ពី​បាន​រកឃើញ​ករណី​ខាងលើ មជ្ឈមណ្ឌល​គ្រប់គ្រង​ជម្ងឺ​ខេត្ត​ដាក់​ណុង ក៏បាន​ណែនាំ​ឱ្យ​ប្រជាជន​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល ដោយ​ការរក្សា​អនាម័យ​ផ្ទាល់ខ្លួន ការពារ​បរិស្ថាន និង​ប្រើប្រាស់​សម្ភារៈ​ការពារ​សុខ​ភាព​នៅពេល​ធ្វើការ។

បាក់តេរី B. pseudomallei រស់នៅក្នុង​ដី ទឹក​កខ្វក់ និង​អាច​ចូលក្នុង​រាងកាយ​មនុស្ស​តាមរយៈ​ស្បែក​ដែល​រលាត់ របួស​ដែល​មិនបាន​ព្យាបាល។ បច្ចុប្បន្ន ពុំទាន់​មាន​ភ័ស្ដុតាង​ដែល​បង្ហាញ​អំពី​សមត្ថភាព​នៃ​ការឆ្លង​រាលដាល​ពី​មនុស្ស​ទៅ​មនុស្ស ឬ​ពីស​ត្វ​ទៅ​មនុស្ស​របស់​បាក់តេរី​នេះ​នៅឡើយ។

អ្នក​កើត​ជម្ងឺ​នេះ​អាច​បាត់​បង់ជីវិត​បើសិន​មិនបាន​ព្យាបាល​ទាន់ពេល ពិសេស​អ្នកជំងឺ​ដែលមាន​ជម្ងឺ​ប្រចាំកាយ​មួយចំនួន​មានដូចជា ជម្ងឺ​ទឹកនោមផ្អែម ជម្ងឺថ្លើម ជម្ងឺ​តម្រងនោម និង​ជម្ងឺ​សួត​ជាដើម។

នៅ​ប្រទេស​វៀតណាម អ្នក​ជម្ងឺ Whitmore ប្រហែល 70% ត្រូវ​ចូល​ពេទ្យ​ចាប់ពី​ខែកញ្ញា​ដល់​ខែវិច្ឆិកា​ជា​រៀងរាល់ឆ្នាំ។ អ្នក​ជម្ងឺ​ទាំងនេះ​តែងតែមាន​ទំនាក់ទំនង​ជាមួយនឹង​ស្ថានភាព​ទឹកជំនន់។ បច្ចុប្បន្ន​មិនទាន់មាន​វ៉ាក់សាំង​សម្រាប់​ចាក់​ទប់ស្កាត់​ការឆ្លង​ជម្ងឺ Whitmore នេះ​នៅឡើយ៕

Advertisement