ហេតុអ្វី​មនុស្ស​មួយចំនួន «ស្លាប់​ហើយ» តែ​​បែរជា «រស់​ឡើងវិញ» ?

(សហរដ្ឋ​អាម៉េរិក) -ថ្នាំ​ងងុយដេក ថ្នាំ​សណ្ដំ ជាតិពុល​ប៉ះពាល់ដល់​​សរសៃប្រសាទ​មួយចំនួន និង​សីតុណ្ហភាព​ទាប​ជា​ដើម អាច​ជា​កត្តា​ដែល​ងាយ​ធ្វើឱ្យ​អ្នកជំងឺ​មួយចំនួនធ្លាក់​ក្នុង​សភាព​សន្លប់ និង​​ត្រូវគេ​ច្រឡំ​ថា​បាន​ស្លាប់។

កាលពី​ថ្ងៃទី 07 កុម្ភៈ 2023 មណ្ឌ​ល​ចាស់ជរា​មួយ​នៅ New York បានប្រកាសថា ស្ត្រី​វ័យ 82 ឆ្នាំ​មួយរូប​បានទទួល​មរណភាព។ ប៉ុន្តែ ក្រោយមក​ទើប​ដឹងថា លោកយាយ​រូបនេះ​នៅមាន​ជីវិត។ ហេតុការណ៍​ស្រដៀង​គ្នា​នេះ​ក៏បាន​កើត​ឡើងលើ​អ្នកជំងឺ​វ័យ 66 ឆ្នាំ​ម្នាក់​ផ្សេងទៀត​ដែលមាន​ជំងឺ​បាត់បង់​ការចងចាំ នៅ​រដ្ឋ Iowa សហរដ្ឋ​អាម៉េរិក។ ស្ត្រី​រូបនេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ស្ថានភាព​មាន​ដង្ហើម​ក្នុងពេល​បុគ្គលិក​នៅ​ឈាបនដ្ឋាន បើក​ថង់​សាកសព។

បច្ចុប្បន្ន វេជ្ជបណ្ឌិត​ទាំងអស់​សុទ្ធតែ​ត្រូវបាន​បង្រៀន​អំពី​វិធីសាស្ត្រ​ដែល​អាច​បញ្ជាក់ថា មនុស្ស​ណា​ម្នា​ក់បាន​ស្លាប់ តាមរយៈ​ការពិនិត្យ​ចង្វាក់បេះដូង និង​ដង្ហើម​ជាដើម តាំងពី​នៅ​រៀន។ ប៉ុន្តែ​នៅតែមាន​ករណី​អ្នកស្លាប់​រស់​ឡើងវិញ​បន្ទាប់ពី​ត្រូវបាន​វេជ្ជបណ្ឌិត​បញ្ជាក់ថា​បាន​អស់ជីវិត។

ការដែល​មិនបាន​ធ្វើ​ត្រឹមត្រូវ​នៅក្នុង​ការពិនិត្យ​បញ្ជាក់​អំពី​ការស្លាប់ អាច​នាំឱ្យមាន​ករណី​ប្រកាស​បញ្ជាក់​ដោយ​ភាន់​ច្រឡំ​ចំពោះ​ស្ថានភាព​របស់​អ្នកជំងឺ​ដែល​កំពុង​បាត់បង់​ស្មារតី។ ករណីខ្លះ​កើត​ឡើ​ងដោ​យ​សារ​វេជ្ជបណ្ឌិត​ត្រូវ​បែក​អារម្មណ៍ មិនអាច​ស្ដាប់ឮ​សំឡេង​បេះដូង និង​ខ្ស​ល់​ដង្ហើម​ដែល​ខ្លី និង​ខ្សោយ។ ថ្នាំ​ព្យាបាល​ជំងឺ​មួយចំនួន​ក៏​អាច​បណ្ដាលឱ្យ​អ្នកជំងឺ​ខ្លះ​ធ្លាក់​ទៅក្នុង​ស្ថានភាព «ស្លាប់​ក្លែងក្លាយ»។

ថ្នាំ​សណ្ដំ​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​ខួរក្បាល​ពី​ការខូចខាត តែង​ត្រូវបាន​ប្រើ​ដើម្បី​សណ្ដំ​នៅក្នុង​ករណី​វះកាត់​ធំ ពិសេស បើសិនជា​វេជ្ជបណ្ឌិត​ត្រូវការ​បញ្ឈប់​ចរន្តឈាម​របស់​អ្នកជំងឺ​នៅក្នុង​រយៈពេល​យូរ។ ការប្រើប្រាស់​ថ្នាំ​នេះ​លើស​ចំណុះ​អាចធ្វើឱ្យ​ការ​ប្រតិកម្ម​ថយចុះ ដង្ហើម និង​ចរន្តឈាម​ខ្សោយ នាំឱ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ជិត​ដូច​ទៅនឹង​ការស្លាប់។ ក្នុងពេល​ជាមួយគ្នា​នោះ ខួរក្បាល​ត្រូវបាន​ការពារ​ពី​បញ្ហា​ខ្វះ​អ៊ុក​ស៊ី​សែន។ បន្ទាប់ពី​ជាតិ​ថ្នាំ​សណ្ដំ​ត្រូវបាន​បញ្ចេញ​មក​ក្រៅ អ្នកជំងឺ​នឹង​ដឹក​ខ្លួន​ឡើងវិញ។

ថ្នាំ Diazepam (ឱសថ​ពិសេស​របស់ Valium), alprazolam (ថ្នាំ​ពិសេស​របស់ Xanax) និង​សារធាតុពុល​មួយចំនួន​ក៏​អាចធ្វើឱ្យ​អ្នកជំងឺ​ត្រូវបាន​គេ​ច្រឡំ​ថា​បាន​ស្លាប់។ កាលពី​យុគសម័យ​កណ្ដាល គ្រូធ្មប់ គ្រូ​វេទមន្ត​ជាដើម តែង​ឱ្យ​ជនរងគ្រោះ​ផឹកទឹក ឬ​ម្សៅ​ដែលមាន​ផ្ទុក​ជាតិពុល tetrodotoxin ដែលបាន​មក​​​ពី​ត្រី​ពុល​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា Tetraodontidae ដើម្បី​សណ្ដំ។ ជនរងគ្រោះ​នេះ ក្រោយមក​ក៏ត្រូវ​គេ​ចាប់​យកទៅ​បូជាយញ្ញ​ សែន​ឱ្យ​បីសាច​ជាដើម។ តាមពិត នេះ​ត្រូវបាន​ហៅថា ស្ថានភាព «ខ្មោចឆៅ» កើតឡើង​នៅពេល​ជនរងគ្រោះ​លេប​ចំ​សារធាតុពុល tetrodotoxin។

ការ​ត្រាំ​ខ្លួន​នៅក្នុង​ទឹក​ត្រជាក់​យូរពេក​ក៏​អាច​នាំឱ្យ​រាងកាយ​ប្រែជា​បាត់បង់​ស្មារតី ជិត​ដូច​ទៅនឹង​ស្ថានភាព​ស្លាប់ ព្រោះថា​សីតុណ្ហភាព​ត្រជាក់​ពេក​ធ្វើឱ្យ​បេះដូង​ដើរ​យឺត និង​ខ្សោយ ដែល​នេះ​អាចធ្វើ​ឱ្យគេ​ច្រឡំ​ថា​បាន​ស្លាប់។

ក្នុងការ​សង្គ្រោះបន្ទាន់ វេជ្ជបណ្ឌិត​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​បញ្ជាក់​អំពី​ការស្លាប់​ចំពោះ​អ្នកស្លាប់​ដោយសារ​លង់ទឹកនោះ​ទេ រហូត​ដល់ពេល​ស្អំ​កម្ដៅ​បាន​គ្រប់គ្រាន់​ទៅតាម​វេជ្ជសាស្ត្រ។ ការ​សន្លប់ ពេលខ្លះ​ក៏​ធ្វើឱ្យ​មានការ​ស្រឡំ​ថា​បាន​ស្លាប់ ព្រោះថា ស្ថានភាព​នៃ​ការ​ដាស់​សរសៃប្រសាទ vagus nerve (សរសៃប្រសាទ​វែង​ជាងគេ​ក្នុង​រាងកាយ) កើតឡើង​ក្នុងពេល​សន្លប់ ធ្វើឱ្យ​ចង្វាក់បេះដូង​ដើរ​យឺត​ជាង​មុន ហើយ​សម្ពាធ​ឈាម​ក៏​ធ្លាក់ចុះ។

កាលពី​ឆ្នាំ 2015 ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ត្រូវបាន​វេជ្ជបណ្ឌិត​បញ្ជាក់ថា​បាន​ស្លាប់​ព្រោះតែ​រន្ធត់​នៅ​ពេលឮ​សំឡេង​ផ្ទុះ​របស់​​គ្រាប់កាំភ្លើង។ មួយថ្ងៃ​បន្ទាប់ពី​ពិធី​បុណ្យសព មនុស្ស​ជាច្រើន​បានឱ្យដឹងថា បានឮ​សំឡេង​នាង​ស្រែក​ចេញពី​ផ្នូរ​របស់ខ្លួន។ នៅ​កម្ពុជា ហេតុការណ៍​ស្រដៀង​នេះ​ក៏​ធ្លាប់​កើតមាន​ផងដែរ៕

Advertisement