អាម៉េរិក​ព្រមាន​អំពី​ «គ្រឿង​ញៀន​ប្រភេទ​ថ្មី​» ដែល​ធ្វើឱ្យ​ «ស្បែ​ក​រលួយ​ស្អុយ»

មន្ត្រី​អាម៉េរិក​ព្រមាន​ថា បច្ចុប្បន្ន​មាន​ប្រភេទ​ម៉ា​ថ្មី​ដ៏​គួរឱ្យ​បារម្ភ និង​មាន​ឈ្មោះថា xylazine ដែល​អាចធ្វើឱ្យ​ស្បែក​អ្នកប្រើប្រាស់​មាន​ក្លិន​អាក្រក់។

ក្នុង​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ Tracey McCann រស់នៅក្នុង​រដ្ឋ Philadelphia ត្រូវ​រន្ធត់​ខ្លាំង​នៅពេល​ឃើញ​ស្លាម​ចាក់​គ្រឿងញៀន​ឡើង​រឹង បង្កើតបានជា​ស្រទាប់​ពណ៌​ខ្មៅ ដាច់​រលាត់ និង​មាន​អាការ​ឈឺចាប់។ «ខ្ញុំ​ក្រោក​ពី​ព្រលឹម និង​យំ ព្រោះតែ​ឃើញ​ដៃ​ដូច​ជិត​ស្លាប់» ស្ត្រី​វ័យ 39 ឆ្នាំ រៀបរាប់​កាលពី​ថ្ងៃទី 20 កុម្ភៈ​ដូច្នេះ។

ដៃ​ដែល​រងរបួស​របស់ McCann ភាយ​ក្លិន​អាក្រក់ ចេញ​ទឹករងៃ រមាស់ និង​ក្ដៅក្រហាយ។ ចុង​ក្រោ​យ នាង​ត្រូវ​ទៅ​ពេទ្យ​ដើម្បីឱ្យ​វេជ្ជបណ្ឌិត​កាត់​សាច់​រលាក​នោះ​ចោល។ ប៉ុន្មាន​ខែក្រោយ​មក McCann បាន​ស្រក​ទម្ងន់​ពី 68 មក​នៅ 40 គីឡូក្រាម។

នេះ​គឺជា​ផលវិបាក​នៃ​ការចាក់​គ្រឿងញៀន xylazine ក្នុង​រយៈពេល​យូរ។ ក្នុង​តំបន់​ដែល McCann រស់នៅ គេ​ឃើញ​មាន​គ្រឿងញៀន​ប្រភេទ xylazine នេះ​ស្ទើរ​គ្រប់កន្លែង។

Xylazine ដើមឡើយ​គឺជា​ថ្នាំ​ងងុយដេក ជួយ​កាត់បន្ថយ​ការឈឺចាប់ និង​តែង​ត្រូវបាន​បសុពេទ្យ​ប្រើប្រាស់​សម្រាប់​សត្វ​ចិញ្ចឹម មាន​ជាអាទិ៍ គោ ក្របី និង​សេះ​ជាដើម ដោយ​ស្របច្បាប់ នៅ​សហរដ្ឋ​អាម៉េរិក ប៉ុន្តែ​មិនទាន់​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​សម្រាប់​មនុស្ស ដូច្នេះ​វា​ក៏មាន​វត្តមាន​នៅក្នុង​សង្គម​ងងឹត។

បច្ចុប្បន្ន អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ​អាម៉េរិក (FDA) កំពុង​ស្រាវជ្រាវ​រក​ប្រភព​របស់ xylazine នៅក្នុង​ករណី​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ ក្នុង​បំណង​ឱ្យដឹង​ច្បាស់​ថា វា​ត្រូវបាន​យក​ពី​ប្រភព​ថ្នាំ​បសុពេទ្យ ឬ​ផលិត​ដោយ​ខុសច្បាប់។

តាំងពី​ឆ្នាំ 2012 ថ្នាំញៀន xylazine បាន​ក្លាយជា​ផលិតផល​ជំនួស​ឱ្យ heroin និង​ត្រូវបាន​រកឃើញ​នៅក្នុង fentanyl និង cocaine។ Fentanyl ដែល​ប្រើ​ជាមួយ xylazine អាចជួយ​អូសបន្លាយ​ប្រសិទ្ធភាព​របស់​ថ្នាំញៀន។ អ្នកប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​នេះ​នឹងមាន​អារម្មណ៍​ដូច​ពាក់កណ្ដាល​រលឹក ពាក់កណ្ដាល​សន្លប់។ ប៉ុន្តែ នៅពេល​ចាក់​ថ្នាំញៀន​នេះ​ចូលទៅក្នុង​ស្បែក វា​នឹងធ្វើ​ឱ្យមាន​ស្នាមរបួស​ស្ងួត​រឹង​នៅលើ​ស្បែក ហើយ​របួស​នេះ​នឹង​រីក​ទៅតាម​ពេលវេលា។ បើសិន​មិនបាន​ព្យាបាល​ទាន់ពេល វា​នឹង​ទៅជា​ស្អុយរលួយ និង​ត្រូវ​កាត់​សាច់​នោះ​ចោល។

ការ​បន្សាប​អាការ​ញៀន​ថ្នាំ xylazine មិនមែនជា​រឿង​ងាយស្រួល​សោះឡើយ។ អ្នកជំងឺ​ត្រូវ​ឈឺចាប់​មួយ​ចំហៀង​ក្បាល ​ភ្នែកប្រែជា​ស្រ​វាំង​ ក្អួតចង្អោរ ស្ពឹក​ម្រាម​ដៃជើង បែកញើស និង​ថប់​អារម្មណ៍៕

Advertisement