ហានិភ័យ​​កើត «ជំងឺ​​ដាច់​​សរសៃ​ឈាម​​ខួរ​ក្បាល»​ កើន​ឡើង​​ខ្ពស់​​ក្នុង​​រដូវ​រងា

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (Hemorrhagic stroke) គឺជា​ជំងឺ​កើតឡើង​នៅពេលដែល​ចរន្តឈាម​ផ្នែក​ណាមួយ​របស់​ខួរក្បាល ត្រូវបាន​កាត់ផ្ដាច់ ឬ​ត្រូវបាន​កាត់បន្ថយ អាច​នាំឱ្យ​កោសិកា​ខួរក្បាល​ស្លាប់​យ៉ាង​លឿន បើ​មិនមាន​អុកស៊ីហ្សែន​ដឹកជញ្ជូន​ដោយ​ឈាម​ទៅ​ចិញ្ចឹម ធ្វើឱ្យ​ខួរក្បាល​ខូច​ជា​រាងរហូត អ្នកជំងឺ​ត្រូវ​ពិការ ឬ​បាត់​បង់ជីវិត​ក៏មាន។

ការស្រាវជ្រាវ​នៅ​សហរដ្ឋ​អាម៉េរិក​កាលពី​ឆ្នាំ 2016 ទៅលើ​អ្នកជំងឺ​ជាង 172,000 នាក់​ដែល​បាន​ចូល​ពេទ្យ​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ខ្វះ​ឈាម​ក្នុង​ខួរក្បាល បាន​បង្ហាញថា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កើនឡើង​នៅពេល​អាកាសធាតុ​ចុះ​ត្រជាក់ និង​សីតុណ្ហភាព​ខុសគ្នា​ឆ្ងាយ​រវាង​ពេល​ថ្ងៃ និង​ពេលយប់។

ចំណែក​ការស្រាវជ្រាវ​នៅ​ប្រទេស​អាល្លឺម៉ង់​វិញ បាន​បង្ហាញថា សីតុណ្ហភាព​ថយចុះ 2.9 អង្សា​សេ​ក្នុង​រង្វង់ 24 ម៉ោង ហានិភ័យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កើន 11%។ ហានិភ័យ​នេះ​មាន​អត្រា​ខ្ពស់ជាង​ចំពោះ​មនុស្ស​ដែលមាន​ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ទាក់ទង​នឹង​បេះដូង។

ដោយឡែក ការស្រាវជ្រាវ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ដែល​ធ្វើ​ឡើងលើ​មនុស្ស​ចំនួន 56,000 នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក្នុង​រយៈពេល​ជាង 10 ឆ្នាំ ក៏បាន​សន្មត​ថា សីតុណ្ហភាព​ធ្លាក់ចុះ​បណ្ដាលឱ្យ​ករណី​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កើនឡើង ពិសេស​ចំពោះ​មនុស្ស​វ័យ​លើសពី 65 ឆ្នាំ។

ក្រុម​អ្នកជំនាញ​យល់ថា ការ​ខ្ជិល​ហាត់ប្រាណ​ក្នុង​រដូវរងា​គឺជា​កត្តារួម​ចំណែក​មួយ​ដែលនាំឱ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។

ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ វេជ្ជបណ្ឌិត​ណែនាំ​ឱ្យ​ជៀសវាង​ប៉ះពាល់​អាកាសធាតុ ឬ​ធាតុ​ត្រជាក់ភ្លាមៗ ពិសេស​ធាតុ​ត្រជាក់​ក្រោម 15 អង្សា និង​ត្រូវ​ស្លៀកពាក់ក្រាស់ៗនៅពេល​ចេញទៅ​ខាងក្រៅ​ដែលមាន​អាកាសធាតុ​ត្រជាក់ ហើយ​ត្រូវ​តាមដាន​សម្ពាធ​ឈាម​នៅពេល​អាកាសធាតុ​ប្រែប្រួល។

ក្នុង​រដូវ​ត្រជាក់ មនុស្ស​គួរតែ​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ញឹកញាប់​ដើម្បី​ជួយ​ដល់​លំហូរ​ឈាម​ក្នុង​រាងកាយ។ អ្នក​ដែល​លើស​ទម្ងន់​គួរតែ​សម្រក​ឱ្យបាន​សមស្រប និង​កាត់បន្ថយ​អាហារ​ប្រៃ អាហារ​មាន​ខ្លាញ់​ច្រើន។ អ្នកមាន​ហានិភ័យ​កើត​ជំងឺ​ខាងលើ ល្អ​បំផុត​គឺ​ត្រូវ​ឈប់​ផឹកស្រា ឈប់​ជក់បារី និង​ចៀសវាង​អារម្មណ៍​តានតឹង៕

Advertisement