«នំដង្ហើម​នាគ» ធ្វើឱ្យ​ក្មេង​ច្រើន​នាក់​នៅ​ឥណ្ឌូណេស៊ី​រលាក​ក្រពះ

កុមារ​ប្រមាណ 25 នាក់​នៅ​ឥណ្ឌូណេស៊ី ត្រូវបាន​រាយការណ៍​ថា មាន​បញ្ហា​​រលាក​ក្រពះ​បន្ទាប់ពី​ញ៉ាំ​ចំណី​​មួយ​ប្រភេទ​ដែលមាន​ផ្សែង​ដ៏​ទាក់ទាញ និង​មាន​ឈ្មោះថា «នំដង្ហើម​នាគ» ​chiki ngebul។

Chiki ngebul ឬ​ហៅថា «ដង្ហើម​នាគ» (dragons​ breath) គឺជា​នំ​មាន​ផ្សែងដែល​ត្រូវបាន​គេ​ច្នៃ​ដោយ​យកនំ​បំពង​ស្រួយ ស្ករ​គ្រាប់​​ស្រួយ​ ឬ​នំ​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​នានា ​ជ្រលក់​ចូលក្នុង​នី​ដ្រូ​សែន​រាវ។ អ្នក​ញ៉ាំ​នំ​នេះ​នឹង​ដកដង្ហើម​​ចេញចូល​មាន​ផ្សែង​ដូច​ទៅនឹង​ដង្ហើម​របស់​សត្វ​នាគ។ បើទោះជា​បង្ហាញ​វត្តមាន​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ «នំ​ដង្ហើម​នាគ» នេះ កំពុងមាន​ការពេញនិយម​ខ្លាំង ពិសេស​គឺ​ក្មេងតូចៗ។

ថ្មីៗនេះ លោក Maxi Rein Rondonuwu រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី បានឱ្យដឹងថា ចាប់ពី​ខែមិថុនា ដល់​ខែធ្នូ 2022 មាន​ក្មេង​ប្រហែល 25 នាក់​បាន​រលាក​ក្រពះ និង​ពីរ​ករណី​ត្រូវ​ចូល​ពេទ្យ​ទទួល​ការព្យាបាល បន្ទាប់​ពី​ញ៉ាំ​ស្ករ​គ្រាប់ ឬ​នំ​ស្រួយ​ដង្ហើម​នាគ។ លោក Maxi បញ្ជាក់ថា ក្មេង​ដែល​ពុល​នឹង​ចំណី​នេះ​មាន​អាការ​​ឈឺពោះ​ខ្លាំង​។​ សារព័ត៌មាន​ក្នុងស្រុក​របស់​ឥណ្ឌូណេស៊ី​ក៏បាន​រាយការណ៍​ថា មាន​ក្មេង​ម្នាក់​ត្រូវ​ចូល​ពេទ្យវះកាត់ ដោយ​​សារ​តែ​​​ដាច់រលាត់​​ក្រពះបន្ទាប់ពីបាន​​ញ៉ាំ​ស្ករ​គ្រាប់​ប្រភេទ​នេះ។ ប៉ុន្តែ​មិនទាន់មាន​ករណី​ស្លាប់​នៅឡើយ​ទាក់​ទង​នឹង​នំ​ដង្ហើម​នាគ។

Chiki ngebul ឬ​ហៅថា «ដង្ហើម​នាគ» (dragons​ breath) គឺជា​នំ​មាន​ផ្សែងដែល​ត្រូវបាន​គេ​ច្នៃ​ដោយ​យកនំ​បំពង​ស្រួយ ស្ករ​គ្រាប់​​ស្រួយ​ ឬ​នំ​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​នានា ​ជ្រលក់​ចូលក្នុង​នី​ដ្រូ​សែន​រាវ

ការប្រើប្រាស់​នី​ដ្រូ​សែន​រាវ​ក្នុង​ការច្នៃ​អាហារ​មិនមែនជា​រឿង​ខុសច្បាប់។ ពួក​មេ​ចុងភៅ​តែងតែ​ប្រើប្រាស់​ចំហាយ​នី​ដ្រូ​សែន​ដើម្បី​បង្កើតជា​បាតុភូត​ផ្សែង​ដ៏​ស្រស់ស្អាត​នៅក្នុង​អាហារ ប៉ុន្តែ​បើសិន​មិនបាន​ចាត់ការ​ត្រឹមត្រូវ​ទេ វា​អាច​នឹង​ក្លាយជា​រឿង​គ្រោះថ្នាក់។

«នី​ដ្រូ​សែន​រាវ​មិន​ត្រឹមតែ​គ្រោះថ្នាក់​នៅពេល​ញ៉ាំ​នោះទេ តែបើ​សិន​ស្រូប​ផ្សែង​នី​ដ្រូ​សែន​ក្នុង​រយៈពេល​យូរ​ អាច​នឹង​បង្កឱ្យមាន​អាការ​ពិបាក​ដកដង្ហើម​ធ្ងន់ធ្ងរ» រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី​និយាយ​ដូច្នេះ ព្រមទាំង​បានស្នើ​ឱ្យ​បង្កើន​ការគ្រប់គ្រង​សកម្មភាព​ទិញ​លក់នំ​ chiki ngebul នៅ​ប្រទេស​នេះ​។

កាលពី​ឆ្នាំ 2018 អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ​​របស់​សហរដ្ឋ​អាម៉េរិក (FDA) បាន​ព្រមាន​អំពី​បញ្ហា​សុវត្ថិភាព​ដែល​ទាក់​ទិន​នឹង​​​អាហារ «ដង្ហើម​នាគ» ដែល​​ច្នៃ​ពី​នី​ដ្រូ​សែន​រាវនេះ​ផងដែរ៕

Advertisement