«មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព» នឹង​ក្លាយជា​មន្ទីរពេទ្យ​ធំជាងគេ​នៅ​កម្ពុជា

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្លែងថា នៅពេល​សាងសង់​រួចរាល់ «មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព» នឹង​ក្លាយជា​មន្ទីរពេទ្យ​ធំជាងគេ​នៅ​​កម្ពុជា ដោយ​មាន​គ្រែ​សម្រាក​ព្យាបាល​ជិត​មួយ​ម៉ឺន​គ្រែ។

ប្រសាសន៍​ខាងលើ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បានលើកឡើង​នា​ព្រឹក​ថ្ងៃទី 19 មករា 2023 ក្នុងឱកាស​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់ «មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព» ដែលមាន​ទីតាំង​ស្ថិតនៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

ក្នុងឱកាស​សំណេះសំណាល​ជាមួយ​កម្មករសំណង់​ជាង​មួយ​ពាន់​នាក់​នៅក្នុង​ការដ្ឋាន​មន្ទីរពេទ្យ​ខាងលើ សម្ដេច​តេជោ បានឱ្យដឹងថា មកដល់​បច្ចុប្បន្ន​ ការសាងសង់​មន្ទីរពេទ្យ​នេះសម្រេច​បាន​ប្រមាណ 80% និង​គ្រោង​បញ្ចប់​នៅក្នុង​ខែមិថុនា​ខាង​មុខ។ សម្ដេច​បន្ថែមថា មន្ទីរពេទ្យ​នេះ​អាចមាន​គ្រែ​ឡើងដល់​ជិត 1 ម៉ឺន​គ្រែ ដែល​អាច​ចាត់ទុកថា ជា​មន្ទីរពេទ្យ​ធំជាងគេ​បង្អស់​នៅ​កម្ពុជា។

យោងតាម​ក្រសួង​ព័ត៌មាន «មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព» មាន​អគារ​ចំនួន 11 ក្នុងនោះ​មាន​អគារ​ព្យាបាល និង​សង្គ្រោះបន្ទាន់, អគារ​ព្យាបាល​កម្រិតធ្ងន់, អគារ​ព្យាបាល​កម្រិត​ស្រាល, អគារ​បច្ចេកទេស, អគារ​ផ្គត់ផ្គង់​និង​ព័ត៌មាន និង​អគារ​ស្នាក់នៅ​សម្រាប់​បុគ្គលិក។ មន្ទីរពេទ្យ​នេះ​មាន​ចំណតរថយន្ត​អាច​ចត​​បាន​ជាង 200 គ្រឿង និង​មាន​សួនច្បារ​ពណ៌​បៃតង​ផងដែរ។

«មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព» ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន ស៊ី​ជេ​អ៊ី​ស៊ី (CJEC) សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ និង​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី 14 កុម្ភៈ 2022 ហើយ​គ្រោង​ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ខែមិថុនា 2023៕

Advertisement