WHO ណែនាំ​ថា «មិនត្រូវ​​ប្រើប្រាស់​ថ្នាំ​ស៊ី​រ៉ូ​ក្អក​ពីរ​ប្រភេទ​របស់​ឥណ្ឌា»

អង្គការ​សុខភាព​ពិភពលោក (WHO) បានផ្ដល់​អនុសាសន៍​ដ​ល់​ប្រជាជន​ថា មិនត្រូវ​​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ស៊ី​រ៉ូ​ព្យាបាល​អាការ​ក្អក​ពីរ​ប្រភេទ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Marion Biotech ព្រោះ​ជាប់ទាក់ទង​នឹង​ករណី​ក្មេង 19 នាក់​បាន​ស្លាប់​នៅ អ៊ូ​ស​បេ​គី​ស្ថាន។

ការវិភាគ​របស់​ក្រសួងសុខាភិបាល​អ៊ូ​ស​បេ​គី​ស្ថាន​បង្ហាញថា ថ្នាំ​ស៊ី​រ៉ូ​ក្អក​ពីរ​ប្រភេទ​គឺ Ambronol និង DOK-1 Max ដែល​ផលិត​ដោយ Marion Biotech មាន​ផ្ទុក​សារធាតុពុល ethylene glycol។ Ethylene glycol តែង​ស្ថិតក្នុង​ទម្រង់​រាវ​មិនមាន​ក្លិន មិនមាន​ពណ៌ មាន​រសជាតិ​ផ្អែម និង​តែង​ត្រូវបាន​រកឃើញ​នៅក្នុង​សារធាតុ​ប្រឆាំងនឹង​ការ​កក។ យោងតាម​របាយការណ៍​ស្រាវជ្រាវ អាណាព្យាបាល​បានឱ្យកូនៗរបស់​ពួកគេ​ផឹកស៊ី​រ៉ូ​ក្អក​នេះ​ក្នុង​បរិមាណ​ច្រើនជាង​ការអនុញ្ញាត នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព។

កាលពី​ថ្ងៃទី 12 មករា WHO បានឱ្យដឹងថា Marion នៅតែ​មិនទាន់​លើកឡើង​នូវ​ការធានា​ចំពោះ​សុវត្ថិភាព និង​គុណភាព​របស់​ផលិតផល​ទាំងនេះ។ ក្រោយ​ករណី​ស្លាប់​ជាច្រើន​ដែល​ត្រូវបាន​រាយការណ៍​នៅ អ៊ូ​ស​បេ​គី​ស្ថាន ក្រសួងសុខាភិបាល​ឥណ្ឌា ក៏បាន​ផ្អាក​សកម្មភាព​របស់​ក្រុមហ៊ុន​ខាងលើ។ ថ្មីៗនេះ រដ្ឋ Uttar Pradesh ក៏បាន​ដកហូត​លិខិតអនុញ្ញាត​ការផលិតរ​បស់ Marion។

កាលពី​សប្ដាហ៍​កន្លង អាជ្ញាធរ​របស់​អ៊ូ​ស​បេ​គី​ស្ថាន បាន​ចាប់ខ្លួន​មនុស្ស 4 នាក់​ដើម្បី​ស្រាវជ្រាវ​អំពី​ករណី​ស្លាប់​ក្មេង 19 នាក់ ​ដែល​ទាក់ទិន​នឹង​ថ្នាំ​ស៊ី​រ៉ូ​ក្អក​។ អ៊ូ​ស​បេ​គី​ស្ថាន​ក៏បាន​បញ្ឈប់​បុគ្គលិក 7 នាក់ ព្រោះតែ​មិនបាន​វិភាគ​ទាន់ពេល​នូវ​ករណី​ស្លាប់ ព្រមទាំង​បាន​ដកហូត​ថ្នាំ​គ្រាប់ និង​ស៊ី​រ៉ូ​ម៉ាក Doc-1 Max នៅ​ទូទាំងប្រទេស។

មុន​នោះ ក្មេង​យ៉ាងតិច 70 នាក់​នៅ ប្រទេស​ហ្កំ​ប៊ី បាន​ស្លាប់ បន្ទាប់ពី​បាន​ផឹកថ្នាំ​ស៊ី​រ៉ូ​ក្អក និង​ផ្ដាសាយ​របស់​ក្រុមហ៊ុន Maiden Pharmaceuticals ដែលមាន​ទីស្នាក់ការ​នៅ ប្រទេស​ឥ​ណ្ដា។ ក្រុមហ៊ុន​នេះ​បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់ ខណៈដែល​រដ្ឋាភិបាល​ឥណ្ឌា មិនបាន​រកឃើញ​ជាតិពុល​នៅក្នុង​ថ្នាំ​នេះ។

យោងតាម Reuters ប្រទេស​ឥណ្ឌូណេស៊ី ក៏​ធ្លាប់បាន​រាយការណ៍​ថា ក្មេង​ជិត 100 នាក់​បាន​ស្លាប់​ព្រោះតែ​តម្រង​នោម​រងរបួស​ដែល​ត្រូវបាន​គេ​យល់ថា អាច​ជាប់​ទាក់ទិន​នឹង​ការប្រើប្រាស់​ថ្នាំ​ស៊ី​រ៉ូ​ដែល​ផ្ទុក​សារធាតុ paracetamol នាំ​ចូល​ពី​ឥណ្ឌា។ ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី បាន​ស្នើឱ្យ​ឱសថស្ថាន​ទាំងអស់​ផ្អាក​លក់​ប្រភេទ​ថ្នាំ​នេះ​រហូតដល់​ការស្រាវជ្រាវ​បានបញ្ចប់ និង​បាន​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ស្វែងយល់​លំអិត​អំពី​បញ្ហា​នេះ៕

Advertisement