កុមារ​នៅ អ៊ូ​ស​បេ​គី​ស្ថាន 18 នាក់​បាន​ស្លាប់ ក្រោយពី​ផឹកថ្នាំ​ស៊ី​រ៉ូ​​ក្អក​របស់ ឥណ្ឌា

កាលពី​ថ្ងៃទី 29 ធ្នូ ក្រសួងសុខាភិបាល​រប​ស់ អ៊ូ​ស​បេ​គី​ស្ថាន បានឱ្យដឹងថា កុមារ 18 នាក់​របស់​ប្រទេស​នេះ​បាន​ស្លាប់ ក្រោយពី​ផឹកស៊ី​រ៉ូ​ព្យាបាល​អាការ​ក្អក ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌា Marion Biotech។

ឱសថ​ខាងលើ​មាន​ឈ្មោះថា Doc-1 Max ត្រូវបាន​នាំចូល អ៊ូ​ស​បេ​គី​ស្ថាន តាមរយៈ​ក្រុមហ៊ុន Quramax Medical។ ថ្នាំ​នេះ​ត្រូវបាន​ផ្សាយ​ថា អាច​ព្យាបាល​ជំងឺ​ផ្ដាសាយ។

យោងតាម ក្រសួងសុខាភិបាល​អ៊ូ​ស​បេ​គី​ស្ថាន ស៊ី​រ៉ូ​ក្អកមាន​ផ្ទុក ethylene glycol ជា​សារធាតុពុល​ម្យ៉ាង។ Ethylene glycol តែង​ស្ថិតនៅ​ជា​ទម្រង់​​រាវ​មិនមាន​ក្លិន មិនមាន​ពណ៌ មាន​រសជាតិ​ផ្អែម និង​តែង​រកឃើញ​នៅក្នុង​សារធាតុ​ប្រឆាំង​ការ​កក។

«ក្មេងៗបាន​ស្លាប់ ក្រោយពី​ផឹកស៊ី​រ៉ូ​ក្អក​ដោយ​មិនមាន​វេជ្ជបញ្ជា​របស់​វេជ្ជបណ្ឌិត។ អាណាព្យាបាល​របស់​ពួកគេ​តែង​សុំ​យោបល់​ពី​ឱសថការី ឬ​អ្នកលក់​ថ្នាំ និង​បានឱ្យ​កូន​ផឹក​លើសពី​ការណែនាំ» អ្នកនាំពាក្យ​របស់ ក្រសួងសុខាភិបាល​អ៊ូ​ស​បេ​គី​ស្ថាន ឱ្យដឹង​ដូច្នេះ។

ក្រុមហ៊ុន​ឱសថ Marion Biotech, ក្រុមហ៊ុន Quramax Medical និង ក្រសួងសុខាភិបាល​ឥណ្ឌា មិនទាន់​ឆ្លើយតប​នឹង​សំណើសុំ​បកស្រាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅឡើយ។ ប្រភពព័ត៌មាន​ពី រដ្ឋាភិបាល​ឥណ្ឌា បានឱ្យដឹងថា ក្រសួងសុខាភិបាល​ឥណ្ឌា កំពុង​ពិនិត្យ​លើ​បញ្ហា​នេះ។

មុន អ៊ូ​ស​បេ​គី​ស្ថាន ប្រទេស​ហ្កំ​ប៊ី ក៏មាន​ករណី​ប្រហាក់ប្រហែលគ្នា​នេះដែរ។ ក្មេង​ចំនួន 70 នាក់​របស់ ហ្កំ​ប៊ី បាន​ស្លាប់ ក្រោយពី​ផឹកថ្នាំ​ស៊ី​រ៉ូ​ក្អក ដែល​ផលិត​ដោយ​ក្រុមហ៊ុន Maiden Pharmaceuticals មាន​ទីស្នាក់ការ​នៅ ប្រទេស​ឥណ្ឌា។ រដ្ឋាភិបាល​ឥណ្ឌា បានចេញ​បទបញ្ជា​ឱ្យ​ឈប់​ផលិត​ស៊ី​រ៉ូ​ក្អក​នៅឯ​រោងចក្រ Maiden។

ដប​ថ្នាំ​ស៊ីរ៉ូក្អក Doc-1 Max

មុន​នោះ ប្រទេស​ឥណ្ឌូណេស៊ី ក៏បាន​រាយការណ៍​ថា ក្មេង​ជិត 100 នាក់​បាន​ស្លាប់​ព្រោះ​តែមាន​បញ្ហា​តម្រងនោម ដែល​ជាប់​ទាក់ទិន​នឹង​ថ្នាំ​ស៊ី​រ៉ូ​ក្អក​ដែល​ផ្ទុក paracetamol នាំចូល​ពី ឥណ្ឌា។ ឥណ្ឌូណេស៊ី បានស្នើ​ឱ្យ​ផ្អាក​ការលក់​ថ្នាំ​ប្រភេទ​នេះ​រហូតដល់​ការស្រាវជ្រាវ​បានបញ្ចប់។

ឥណ្ឌា ត្រូវបាន​ចាត់ទុកថា​ជា «យីហោ​ឱសថ​របស់​ពិភពលោក»។ យោងតាម Reuters ការនាំចេញ​ឱសថ​របស់​ប្រទេស​នេះ​បាន​កើនឡើង​ជាង​ទ្វេដង​ក្នុង​ទសវត្សរ៍​កន្លង ដោយ​ឡើង​ដល់ 24.5 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement