ស្ថានភាព​អាសន្ន​ផ្នែក​សុខាភិបាល​នៅ​ទូទាំង​សកលលោក​ដោយសារ​កូ​វីដ-19 អាច​បញ្ចប់​នៅ​ឆ្នាំក្រោយ

ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros

នេះ​គឺជា​ប្រកាស​ដែល​ទើបត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​លើកឡើង នៅពេល​ជិត​ឈានចូល​ដល់ 3 ឆ្នាំ ដែល​ពិភពលោក​បាន​ប្រឈម​នឹង​ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​រលាក​សួត​កូ​វីដ-19 ដែល​បង្កឡើង​ដោយ​វីរុស SARS-CoV-2។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​នៅ ហ្សឺ​ណែវ ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros បានឱ្យដឹងថា តួលេខ​អ្នកស្លាប់​ដោយសារ​កូ​វីដ-19 ប្រចាំ​សប្ដាហ៍ បើទោះជា​ស្ថិតនៅក្នុង​កម្រិត​ខ្ពស់ ប៉ុន្តែ ស្មើនឹង 1/5 ប៉ុណ្ណោះ ធៀប​នឹង​មួយឆ្នាំ​មុន។ ប្រធាន WHO សង្ឃឹមថា អាច​ប្រកាស​បញ្ចប់​ស្ថានភាព​អាសន្ន​ផ្នែក​សុខាភិបាល​ទូទាំង​ពិភពលោក​ដោយសារ​កូ​វីដ-19 នៅ​ឆ្នាំក្រោយ។

តាម​ផែនការ គណៈកម្មាធិការ​គ្រាអាសន្ន​ស្ដីពី​កូ​វីដ-19 របស់ WHO នឹង​ពិភាក្សា​អំពី​គោលការណ៍​ដើម្បី​ប្រកាស​បញ្ចប់​ស្ថានភាព​អាសន្ន​នៅក្នុង​កិច្ចប្រជុំ​របស់​ស្ថាប័ន​នេះ​នៅ​ខែមករា 2023។

យោងតាម WHO បើទោះជា​លទ្ធភាព​នៃ​ការផ្ទុះ​ឆ្លង​អាច​នៅមាន​បន្ត ប៉ុន្តែ ជំងឺ​រាតត្បាត​នេះ​នឹងមិន​ដូច​គ្រា​ដំបូង​ទៀតឡើយ ដោយសារតែ​ចំនួន​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ និង​ស្លាប់មាន​កម្រិត​ទាប​ជាង​ឆ្ងាយ៕

Advertisement