របប​អាហារ​ពិសេស​ដែល​អាច​ជួយ​ដាស់​ «ហ្សែ​នចម្រើន​​អាយុ​»

(សហរដ្ឋ​អាម៉េរិក)- ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា របប​អាហារ​ដែល​សម្បូរ​ធញ្ញជាតិ បន្លែ សណ្ដែកសៀង និង​មាន​ខ្លាញ់​តិច នឹង​ជួយ​ជំរុញ​ដំណើរការ​របស់​ហ្សែ​ន FOX03 ដែល​ជួយ​ឱ្យ​មនុ​ស្សមាន​អាយុ​វែង។

លទ្ធផល​នៃ​ការស្រាវជ្រាវ​ពី វិទ្យាស្ថាន​ស្រាវជ្រាវ​អាយុ Kuakini Hawaii បាន​បង្ហាញថា ក្នុងចំណោម​ផ្នែក​តំណពូជ​ដែល​ទាក់ទង​នឹង​អាយុ គេ​ឃើញ​ថា​ ហ្សែ​ន FOX03 គឺមាន​សារសំខាន់​ជាងគេ។ វេជ្ជបណ្ឌិត Bradley Willcox ប្រធាន​ក្រុម​សិក្សា​ស្រាវជ្រាវ​ខាងលើ​បានឱ្យដឹងថា គ្រប់គ្នា​អាច​ដាស់​ហ្សែ​ន FOX03 តាមរយៈ​របប​អាហារ។

«សូម្បីតែ​នៅពេល​អ្នក​មិនមាន​ហ្សែ​ន FOX03 ពិសេស​ដែល​ទាក់ទង​នឹង​អាយុ ក៏​នៅមាន​វិធី​ដើម្បី​ដាស់​ហ្សែ​ន បង្កើន​ទ្វេដង​នូវ​សមត្ថភាព​រស់​បានយូរ» វេជ្ជបណ្ឌិត Bradley Willcox កាលពី​ថ្ងៃទី 07 ធ្នូ 2022 និយាយ​ដូច្នេះ។

វេជ្ជបណ្ឌិត Bradley Willcox បាន​និយាយ​ដល់​របប​អាហារ​ដែលមាន​ឈ្មោះថា Okinawan។ ជារួម នេះ​គឺជា​របប​អាហារ​ដែលមាន​កាឡូរី និង​ខ្លាញ់​តិច ប៉ុន្តែ​សម្បូរ កាបូ​អ៊ី​ដ្រា​ត (carbohydrates) ក្នុងនោះ​មានដូចជា បន្លែ និង​ផលិតផល​ពី​សណ្ដែកសៀង ហើយ​ប្រើប្រាស់​ដំឡូងជ្វា​ជា​ប្រភព​ផ្គត់ផ្គង់​កាឡូរី​ចម្បង។

នៅក្នុង​របប​អាហារ Okinawan អ្នកនឹង​បរិភោគ​បន្លែ​ពី 50 ទៅ 58% ដែល​រួមមាន ដំឡូងជ្វា, សារាយសមុទ្រ ទំពាំង មើម​ស្ពៃ (ឆាយ​ថៅ) ការ៉ុត ពោត​បារាំង, ម្រះ ស្ពៃក្ដោប ល្ពៅ ល្ហុង​ខ្ចី។ របប​អាហារ​នេះ​ក៏មាន​គ្រាប់​ធញ្ញជាតិ (ស្រូវ​អង្ករ​សាលី​ជាដើម) 33%, អាហារ​ធ្វើ​ពី​សណ្ដែកសៀង 5% និង 1% ទៀត រួមមាន ស្រា តែ ទឹក គ្រឿងទេស។ គ្រឿងផ្សំ​ពីរ​មុខ​ដែល​សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​បរិភោគ​តាមចិត្ត​ក្នុង​របប​អាហារ Okinawan គឺ​តែ​ផ្កាម្លិះ និង​រមៀត។

​របប​អាហារ Okinawan

យោងតាម វេជ្ជបណ្ឌិត Bradley Willcox អាហារ​ទាំងឡាយ​ខាងលើ​សុទ្ធតែ​ផ្ទុក​សារជាតិ​ចិញ្ចឹម​ខ្លាំង​ដែល​ត្រូវបាន​រកឃើញ​ភាគច្រើន​នៅក្នុង​រុក្ខជាតិ​សមុទ្រ​គឺ astaxanthin។ Astaxanthin ថែមទាំង​ជួយ​ប្រឆាំងនឹង​បញ្ហា​រលាក​ដំបៅ​ទ្រង់ទ្រាយ​ធំ​ផងដែរ។

ការស្រាវជ្រាវ​បញ្ជាក់ថា astaxanthin គឺ​ល្អ​សម្រាប់​អ្នកមាន​ជំងឺ​រលាក ដូចជា រលាក​សន្លាក់​ជាដើម។ ឆ្នាំ 2017 ក្រុម​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក នៅ សាកលវិទ្យាល័យ Hawaii ក៏បាន​រកឃើញថា astaxanthin អាច​ដាស់ «ហ្សែ​ន​ចម្រើន​​អាយុ» FOX03 នៅលើ​សត្វ​កណ្ដុរ។

លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Communications ក៏បាន​បង្ហាញថា FOX03 ក៏​អាច​រក្សា​សមត្ថភាព​បង្កបង្កើត​ខួរក្បាល​ឡើងវិញ តាមរយៈ​ការរារាំង​កោសិកា​ដើម​មិនឱ្យ​បំបែក​ខ្លួន​រហូត​ដល់ពេល​បរិស្ថាន​មាន​​អំណោយផល​សម្រាប់​ជីវិត​របស់​កោសិកា​ថ្មី។

យោងតាម Daily Express កោសិកា​ដើម ​រួមផ្សំ​ជាមួយ​ហ្សែ​ន​ប្រឆាំង​ភាព​ចាស់​ បង្កើតបានជា​ខែល​ការពារ ប្រឆាំងនឹង​ឥទ្ធិពល​នៃ​វ័យចាស់៕

Advertisement