មន្ទីរ​សម្រាក​ព្យាបាល «​ដើម​អង្ក្រង» ត្រូវ​បាន​បិទ និង​ដក​ហូត​លិខិត​អនុញ្ញាត​

ក្រសួង​សុខាភិបាល​ សម្រេច​បិទ និង​ដកហូត​លិខិត​អនុញ្ញាត​ឱ្យ​បើក​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ឈ្មោះ ដើម​អង្ក្រង ដែល​មាន​ទីតាំង​នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​ជាតិ​លេខ 3 ឃុំអង្គពពេល ស្រុក​គង់ពិសី ខេត្ត​កំពង់​ស្ពឺ របស់​លោក​ស្រីវេជ្ជបណ្ឌិត សូស ច័ន្ទ​រស្មី។

ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់​ពី​ ក្រសួង​សុខាភិបាល​ បាន​បិទ​បណ្ដោះ​អាសន្ន​ចំពោះ​មន្ទីរ​សម្រាក​ព្យាបាល​ខាងលើ​ ក្រោយ​ពី​មាន​ករណី​រំលូត​យក​ទារក​ក្នុង​ផ្ទៃ​ដែល​បាន​ស្លាប់​ ហើយ​កាត់​ចំ​ពោះវៀន​របស់​ស្ត្រី​ជា​ម្ដាយ​ នាំ​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

ក្នុង​សេចក្ដី​សម្រេច​ចុះ​ថ្ងៃទី 08 ធ្នូ 2022 ក្រសួង​សុខាភិបាល​ បាន​ឱ្យ​ដឹង​ថា មន្ទីរ​សម្រាក​ព្យាបាល ដើម​អង្ក្រង បាន​ប្រើប្រាស់​បុគ្គលិក​ផ្សេង​ដែល​គ្មាន​ការ​បណ្ដុះ​បណ្ដាល​ គ្មាន​ការ​ចុះ​បញ្ជី​គណៈវិជ្ជាជីវៈ និង​ប្ដូរទីតាំង​ដោយ​គ្មាន​ការ​ជូន​ដំណឹង​។ ចំណែក​អ្នកដែល​ពាក់​ព័ន្ធ​ និង​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​នេះ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​។

 

Advertisement