ឱសថ​អភិវឌ្ឍ​ពី​ «លាមក​មនុស្ស» ទទួលបាន​ការអនុម័ត​ឱ្យប្រើ​ប្រាស់​ពី សហរដ្ឋ​អាម៉េរិក

FDA បានអនុម័ត​ចំពោះ​វិធី​ព្យាបាល​ដែល​ដាក់បញ្ចូល​បាក់តេរី​យក​ពី​លាមក​មនុស្ស ដើម្បី​ព្យាបាល​ជំងឺ​ពោះវៀន ជួយ​ទប់ស្កាត់​ករណី​ស្លាប់​ដោយសារ​កើត​ជំងឺ​ធ្ងន់​ព្រោះតែ​ឆ្លង​មេរោគ។

ឱសថ​ដែល​រៀបរាប់​ខាងលើ​មាន​ឈ្មោះថា Rebyota ជា​ប្រភេទ​រាវ និង​ល្អក់ មាន​ផ្ទុក​បាក់តេរី​ពោះវៀន​ដែល​យក​ពី​លាមក​របស់​អ្នក​បរិច្ចាគ​ដែលមាន​សុខភាព​ល្អ។

ឱសថ Rebyota ទទួលបាន​ការយល់ព្រម​ឱ្យប្រើ​ប្រាស់​សម្រាប់​ការព្យាបាល​អ្នកជំងឺ​ដែលមាន​អាយុ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ ជា​អ្នក​ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ពី​ការឆ្លង​មេរោគ​ក្នុង​ពោះវៀន ប៉ុន្តែ​អាច​កើត​ជំងឺ​នេះ​ឡើងវិញ ដោយសារ​បាក់តេរី Clostridioides difficile ឬ​ហៅថា C. diff។

បាក់តេរី​ប្រភេទ​នេះ​អាច​ចូលទៅ​គ្រប់គ្រង​ពោះវៀន បើសិន​ប្រព័ន្ធ​បាក់តេរី​ល្អ​ត្រូវបាន​បំផ្លាញ (ដោយសារតែ​ថ្នាំ​រម្ងាប់​មេរោគ​ជាដើម)។ នៅពេល​បាក់តេរី C. diff កើនឡើង​ច្រើន ពួកវា​នឹង​បញ្ចេញ​សារធាតុពុល បង្កឱ្យមាន​អាការ​រាករូស ឈឺពោះ ក្ដៅខ្លួន និង​រលាក​ពោះវៀនធំ។

យោងតាម អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក បាក់តេរី C. diff ជួល​កាល​អាច​បណ្ដាលឱ្យមាន​ជំងឺ​ខ្សោយ​សរីរាង្គ​ខាងក្នុង និង​អាច​បាត់​បង់ជីវិត។ នៅ សហរដ្ឋ​អាម៉េរិក ជា​រៀងរាល់​ឆ្នាំមាន​មនុស្ស​ពី 15,000 ទៅ 30,000 នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ដែល​ទាក់ទង​នឹង​បាក់តេរី C. diff នេះ។

បាក់តេរី clostridium difficile

គ្រប់គ្នា​អាច​កើត​ជំងឺ​ជាថ្មី​ច្រើនលើក​ដែល​ទាក់ទង​នឹង C. diff ហើយ​ថ្នាំ​រម្ងាប់​មេរោគ​ក៏​មិនមែន​ពេលណា​ក៏មាន​ប្រសិទ្ធភាព​លើ​បាក់តេរី​ប្រភេទ​នេះដែរ តែ​ពេលខ្លះទៀត ថ្នាំ​រម្ងាប់​មេរោគ​អាច​បំផ្លាញ​ប្រព័ន្ធ​បាក់តេរី​ល្អ និង​ធ្វើឱ្យ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ។

លោក ​Peter Marks ប្រធាន​មជ្ឈមណ្ឌល​វាយតម្លៃ និង​ស្រាវជ្រាវ​ជីវសាស្ត្រ​របស់ FDA ឱ្យដឹងថា «ការយល់ព្រម​សម្រាប់​ថ្នាំ Rebyota គឺជា​ជំហាន​មួយ​នៅក្នុង​ការថែទាំ​អ្នក​ដែលមាន​ជំងឺ​រើ​ឡើងវិញ​ដោយសារ​ឆ្លង C. difficile»។

ដោយ​ការបញ្ចូល​ថ្នាំ​​ខាង​លើ​ទៅកាន់​តំបន់​ចុង​ពោះវៀនធំ (កន្លែង​ត​ភ្ជាប់​រវាង​ពោះវៀនធំ និង​រន្ធ​គូទ) របស់​អ្នកជំងឺ វេជ្ជបណ្ឌិត​អាច​កែលំអ​ប្រព័ន្ធ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​ផ្នែក​ខាងក្រោម ទប់ស្កាត់​ការកើត​ជំងឺ​នេះ​ជាថ្មី។ វិធី​ព្យាបាល​នេះ​ត្រូវបាន​ប្រើប្រាស់​បន្ទាប់ពី​អ្នកជំងឺ​បានបញ្ចប់​ការព្យាបាល​ដោយ​ថ្នាំ​រម្ងាប់​មេរោគ៕

Advertisement